ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឥណ្ឌា​មាន​បំណង​ជួយ​បណ្តុះបណ្តាល​ជំនាញ​បច្ចេកវិទ្យា និង​ជំនាញ​សំខាន់​ផ្សេង​ទៀត​ដល់​យុវជន​កម្ពុជា

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្រុមហ៊ុន​មួយ​របស់​ឥណ្ឌា​បាន​នឹង​កំពុង​ទទួល​បាន​ភាព​ជោគជ័យ​ក្នុង​ការ​អភិវឌ្ឍ​វិស័យ​អប់រំ​បណ្តុះបណ្ដាល​វិជ្ជាជីវៈ​បាន​បង្ហាញ​គោលបំណង​ចង់​បង្កើត​នូវ​កិច្ច​សហប្រតិបត្តិការ​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា ក្នុង​ការ​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ដល់​យុវជន​ដែល​កំពុង​សិក្សា​នៅ​កម្រិត​អនុ​វិទ្យាល័យ និង​យុវជន​ដែល​បោះបង់​ការ​សិក្សា ដើម្បី​ឱ្យ​ពួក​គេ​ទទួល​បាន​ជំនាញ​មួយ​ច្បាស់លាស់ និង​មានការ​ងារ​ធ្វើ​សមរម្យ ។ នេះ​បើ​តាម​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ…

រាជធានី​ភ្នំពេញ ៖ ក្រុមហ៊ុន​មួយ​របស់​ឥណ្ឌា​បាន​នឹង​កំពុង​ទទួល​បាន​ភាព​ជោគជ័យ​ក្នុង​ការ​អភិវឌ្ឍ​វិស័យ​អប់រំ​បណ្តុះបណ្ដាល​វិជ្ជាជីវៈ​បាន​បង្ហាញ​គោលបំណង​ចង់​បង្កើត​នូវ​កិច្ច​សហប្រតិបត្តិការ​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា ក្នុង​ការ​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ដល់​យុវជន​ដែល​កំពុង​សិក្សា​នៅ​កម្រិត​អនុ​វិទ្យាល័យ និង​យុវជន​ដែល​បោះបង់​ការ​សិក្សា ដើម្បី​ឱ្យ​ពួក​គេ​ទទួល​បាន​ជំនាញ​មួយ​ច្បាស់លាស់ និង​មានការ​ងារ​ធ្វើ​សមរម្យ ។ នេះ​បើ​តាម​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ។

ក្នុង​កិច្ច​ជំនួប​ពិភាក្សារ​រវាង​លោក​បណ្ឌិត អ៊ិ​ត សំ​ហេង រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​នៅ​ទីស្ដីការក្រសួង កាលពី​ថ្ងៃ​ទី​២៦ មិថុនា លោក រ៉ា​ជនី​ស្ហ កូ​ណា​ត្រា ប្រធាន​ផ្នែក​ទំនាក់ទំនង​ទីផ្សារ​របស់​ក្រុមហ៊ុន Centum Learning មាន​ប្រសាសន៍​ថា Centum Learning មាន​គោលបំណង​ចង់​បង្កើត​នូវ​កិច្ច​សហប្រតិបត្តិការ​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា ក្នុង​ការ​បង្កើត​គម្រោង​អភិវឌ្ឍន៍​ការ​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ដល់​យុវជន​កម្ពុជា​ដែល​កំពុង​សិក្សា​នៅ​កម្រិត​មធ្យមសិក្សា​បឋម​ភូមិ (​អនុ​វិទ្យាល័យ​) និង​យុវជន​ដែល​បាន​បោះបង់​ការ​សិក្សា​ត្រឹម​ថ្នាក់​ទី​៩ ដើម្បី​ឱ្យ​ពួក​គេ​ទទួល​បាន​នូវ​ជំនាញ​វិជ្ជាជីវៈ​ណាមួយ និង​ទទួល​បានការ​ងារ​ធ្វើ​សមរម្យ​ក្នុង​នោះ​មាន​ដូច​ជា ជំនាញ​បច្ចេកវិទ្យា​ទេសចរណ៍ សុខាភិបាល ហិរញ្ញវត្ថុ ។

លោក រ៉ា​ជនី​ស្ហ កូ​ណា​ត្រា បញ្ជាក់​ថា Centum Learning នេះ​ពិតជា​បាន​ដំណើរការ​ក្នុង​ការ​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ និង​អភិវឌ្ឍន៍​ជំនាញ​យ៉ាង​ជោគជ័យ​រយៈពេល​៧​ឆ្នាំ​មក​ហើយ ដោយ​បាន​ជួយ​ដល់​ប្រជាពលរដ្ឋ​ជា​ច្រើន​ទាំង​នៅ​ប្រទេស​ឥណ្ឌា​នៅ​តំបន់​អាហ្វ្រិក ។

លោក​បណ្ឌិត អ៊ិ​ត សំ​ហេង បាន​សម្ដែង​នូវ​ការ​ស្វាគមន៍​ចំពោះ Centum Learning ដែល​មាន​បំណង​ចង់​បង្កើត​នូវ​កិច្ច​សហប្រតិបត្តិការ​ជាមួយ​កម្ពុជា​ដោយសារ​នេះ​ជា​ការ​ចូលរួម​ដ៏​សំខាន់​ក្នុង​ការ​ជំរុញ​ទំនាក់ទំនង​រវាង​កម្ពុជា និង​ឥណ្ឌា​ឱ្យ​កាន់តែ​មាន​ភាពល្អ​ប្រសើរ​។ លោក​បណ្ឌិត អ៊ិ​ត សំ​ហេង បាន​មាន​ប្រសាសន៍​ថា កម្ពុជា​-​ឥណ្ឌា ធ្លាប់​មាន​ទំនាក់ទំនង​ល្អជា​មួយ​គ្នា​តាំងពី​បុរាណកាល​មក ហើយ​បច្ចុប្បន្ន​ស្ថានភាព​ប្រជាសាស្ត្រ ការ​គោរព​ប្រតិបត្តិ​សាសនា​ទំនៀមទម្លាប់ ការ​រស់នៅ​រវាង​ប្រជាពលរដ្ឋ​កម្ពុជា និង​ឥណ្ឌា​ក៏​មាន​ភាព​ប្រហាក់ប្រហែល​គ្នា ។ លើស​ពី​នេះ​លោក​រដ្ឋមន្ត្រី​បាន​ពិនិត្យ​មើល​ប្រវត្តិ​នៃ​ការ​ដំណើរការ​របស់​ក្រុមហ៊ុន Centum Learning ហើយ​បាន​កោតសរសើរ​ចំពោះ​ភាព​ជោគជ័យ​របស់​ក្រុមហ៊ុន និង​ក៏​បាន​បង្ហើប​ពី​គោលបំណង​ចង់ឱ្យ​ក្រុមហ៊ុន​របស់​ឥណ្ឌា​មួយ​នេះ​បង្កើត​នូវ​កិច្ច​សហប្រតិបត្តិការ​ជាមួយ​កម្ពុជា​ក្នុង​ការ​អភិវឌ្ឍ​ការ​អប់រំ​បណ្ដុះបណ្ដាល​បច្ចេកទេស និង​វិជ្ជាជីវៈ​យ៉ាង​ខ្លាំង ។

លោក​បណ្ឌិត​មាន​ប្រសាសន៍​ថា «​ខ្ញុំ​ពិតជា​ចង់ឱ្យ​ឥណ្ឌា​មាន​វត្តមាន​លើ​វិស័យ​អប់រំ​បណ្ដុះបណ្ដាល​បច្ចេកទេស និង​វិជ្ជាជីវៈ​នៅ​កម្ពុជា​ណាស់​» ។ លោក​បណ្ឌិត​លើក​ឡើង​ថា កម្ពុជា​បច្ចុប្បន្ន​មាន​កម្លាំង​ពលកម្ម​ប្រមាណ​ជាង​១០​លាន​នាក់ ហើយ​អា​ត្រា​នៃ​កម្លាំង​ពលកម្ម​ដែល​ចូល​ក្នុង​ទីផ្សារ​ការងារ​ក្នុង​មួយ​ឆ្នាំ​ៗ មាន​មិន​ដល់​កន្លះ​លាន​នាក់​ទេ​។ ប៉ុន្តែ​ទោះបីជា​យ៉ាងនេះ​ក្ដី កម្ពុជា​ក៏​នៅ​តែ​មិន​អាច​ផ្ដល់​ការ​បណ្ដុះបណ្ដាល​ដល់​ពួក​គេ​គ្រប់​គ្នា​នៅឡើយ​ដែរ​ដែល​ទាមទារ​ឱ្យ​មាន​ដៃគូ​សហការ​ទាំង​ជាតិ និង​អន្តរជាតិ​ក្នុង​ការ​ជួយ​អភិវឌ្ឍន៍​វិស័យ​នេះ​ឱ្យ​បាន​កាន់តែ​ច្រើន ។

តាម​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​លោក​រដ្ឋមន្ត្រី​បាន​បង្ហាញ​នូវ​ការ​គាំទ្រ​យ៉ាង​ខ្លាំង​ចំពោះ​គោលបំណង​ចង់​បង្កើត​កិច្ច​សហប្រតិបត្តិការ​នេះ និង​ថែម​ទាំង​បាន​ចង្អុលបង្ហាញ និង​ចាត់​ក្រុមការងារ​ជំនាញ​នៃ​អគ្គនាយកដ្ឋាន​អប់រំ​បណ្ដុះបណ្ដាល​បច្ចេកទេស និង​វិជ្ជាជីវៈ​ឱ្យធ្វើ​ការ​ពិភាក្សា​លើ​ការងារ​ពាក់ព័ន្ធ​នានា ដើម្បី​ឱ្យ​កិច្ច​សហប្រតិបត្តិការ​ខាងលើ​នេះ​លេច​ជា​រូបរាង​ឡើង និង​ផ្ដល់​ផ្លែផ្កា​សម្រាប់​ការ​អភិវឌ្ឍ​នៅ​កម្ពុជា ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ