ប្រទេសអុីស្រាអែល-ប៉ាឡេស្ទីន ៖ ទីប្រឹក្សាប្រធានាធិបតីអាមេរិកលោកដូណាល់ត្រាំ គឺលោកJARED KUSHNER កាលពីថ្ងៃទី២៥មិថុនាបានស្នើដល់ពួកប៉ាឡេស្ទីន ឲ្យចាប់យកផែនការនៃដំណោះស្រាយសន្តិភាពនៅមជ្ឈឹមបូព៌ាស្នើឡើងដោយក្រុងវ៉ាស៊ិនតោន ដែលនោះនឹងជាលក្ខខណ្ឌជាមុនមួយសម្រាប់កិច្ចព្រមព្រៀងសន្តិភាពមួយ។
កូនប្រសារូបនោះរបស់លោកត្រាំំ បានស្នើម្យ៉ាងទៀតដល់នាយករដ្ឋមន្ត្រីអុីស្រាអែល លោកបេនចាមីននេតាន់យ៉ាហ៊ូ ឲ្យលើកពីទឹកប្រាក់វិនិយោគ៥០ពាន់លានដុល្លារ ពេលបើកសន្និសីទមួយនៅប្រទេសបារ៉ែន ដែលរៀបចំធ្វើដើម្បីទាក់ទាញអ្នកផ្ដល់ជំនួយលើពិភពលោកទាំងមូល។ ផែនការនោះនឹងផ្ដល់ហិរញ្ញវត្ថុដល់ការងារធំៗនិងពង្រីកទេសចរណ៍ ដែលបែបនោះនឹងបង្កើតការងារបាន១លាន។
សន្និសីទនោះគេលើកតែពីរឿងទឹកប្រាក់ តែមិននិយាយពីរឿងនយោបាយឡើយ។ វាហាក់ដូចជាការប្រើប្រាក់សម្រាប់អូសទាញ។ លោកJARED KUSHNERនិយាយក្នុងសន្និសីទនោះថា ទស្សនៈរបស់យើង គឺភាពរុងរឿងខាងសេដ្ឋកិច្ចអាចកើតមានទាល់តែមានសន្តិភាព។ ការវិនិយោគនិងការអភិវឌ្ឍន៍ជាបរិយាកាសដ៏ប្រសើរសម្រាប់ការធ្វើជំនួញ។ រឿងនយោបាយនឹងដើរតាមក្រោយ។
ទោះបីយ៉ាងណាតើសន្និសីទរយៈពេល២ថ្ងៃនោះអាចទទួលបានលទ្ធផលដែរទេ បើបណ្ដាភាគីដែលទាក់ទិនមិនចូលរួមផងនោះ? ពួកប៉ាឡេស្ទីនបានធ្វើពហិការសន្និសីទនេះ ដោយវាយតម្លៃថា លោកត្រាំជាមនុស្សស្និទ្ធអុីស្រាអែល គ្រាន់តែប៉ុនប៉ងចង់ទិញពួកប៉ាឡេស្ទីនប៉ុណ្ណោះ។ តាមការពិតសំណើនោះមានទិសដៅ៣៖ ទិសដៅទីមួយបញ្ចប់បុព្វហេតុប៉ាឡេស្ទីន ទី២ផ្ដល់ភ្លើងខៀវដល់សត្រូវស្យូនីស្តក្នុងការពង្រីកដែនដីកាន់កាប់ ហើយទី៣បើកទ្វារឲ្យមានប្រក្រតីភាពនៃទំនាក់ទំនងរវាងបណ្ដាប្រទេសអារ៉ាប់និងអុីស្រាអែល។
ជាប្រតិកម្មតបចំពោះសន្និសីទនោះ ពួកប៉ាឡេស្ទីនជាច្រើនពាន់នាក់ កាលពីថ្ងៃទី២៥មិថុនា បានធ្វើបាតុកម្មនៅតំបន់ស៊ីសហ្ស៊កដានីដែលអុីស្រាអែលកាន់កាប់។ អាជ្ញាធរប៉ាឡេស្ទីនចង់បានជាបឋមដំណោះស្រាយរដ្ឋ២ តែរដ្ឋការអាមេរិកនាពេលថ្មីៗនេះឲ្យដឹងថា ខ្លួនអាចយល់ព្រមឲ្យអុីស្រាអែលកាត់យកដែនដីប៉ាឡេស្ទីនមួយចំនួន។ នោះជាគំនិតដែលនាយករដ្ឋមន្ត្រីអីុស្រាអែលធ្លាប់លើកចាប់តាំងពីច្រើនខែមកហើយ៕ (កែសម្រួលដោយ ៖ បុប្ផា)
ចែករំលែកព័តមាននេះ