ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រឹក​សង់រោង​បុណ្យ​ចាំ​ទទួល​សព​កូន​…​ល្ងាច​រុះ​រោង​ចោល​វិញ«កូននៅ​រស់»ទេ

4 ឆ្នាំ មុន
  • ព្រៃវែង

ខេត្តព្រៃវែង ៖ នៅ​ស្រុក​កំណើត​ឯ​ខេត្តព្រៃវែង ក្រុម​គ្រួ​សារបាន​នាំ​គ្នា​ជួល​អាចារ្យ​ព្លុក និង​សង់រោង​បុណ្យ​រួច​ជា​ស្រេច ដើម្បី​ចាំ​ទទួល​សព​កូន​ដែល​រង​គ្រោះ​ជាប់​នៅ​ក្រោម​គំនរ​អគារ​ដែល​បាក់​រលំ​កាលពី​ប៉ុន្មាន​ថ្ងៃមុន នៅ​ឯ​ខេត្ត​ព្រះ​សីហ​នុ ដោយ​ម្នាក់​ៗ​គិត​ថា ជន​រង​គ្រោះ​មិន​អាច​នៅ​មានជីវិត​នោះ​ទេ ព្រោះ​ជាប់​នៅ​ក្រោម​គំនរ​ថ្ម​២-៣​ថ្ងៃ​ទៅ​ហើយ…

ខេត្តព្រៃវែង ៖ នៅ​ស្រុក​កំណើត​ឯ​ខេត្តព្រៃវែង ក្រុម​គ្រួ​សារបាន​នាំ​គ្នា​ជួល​អាចារ្យ​ព្លុក និង​សង់រោង​បុណ្យ​រួច​ជា​ស្រេច ដើម្បី​ចាំ​ទទួល​សព​កូន​ដែល​រង​គ្រោះ​ជាប់​នៅ​ក្រោម​គំនរ​អគារ​ដែល​បាក់​រលំ​កាលពី​ប៉ុន្មាន​ថ្ងៃមុន នៅ​ឯ​ខេត្ត​ព្រះ​សីហ​នុ ដោយ​ម្នាក់​ៗ​គិត​ថា ជន​រង​គ្រោះ​មិន​អាច​នៅ​មានជីវិត​នោះ​ទេ ព្រោះ​ជាប់​នៅ​ក្រោម​គំនរ​ថ្ម​២-៣​ថ្ងៃ​ទៅ​ហើយ ។

នៅ​ទីបំផុត ពិធី​បុណ្យសព​ក៏​ប្រែជា​ខក ខាន ហើយ​រោង​បុណ្យសព​ត្រូវ​បាន​រុះ​ចេញ​វិញ ជំនួស​ដោយ​សំឡេង​សើច​សប្បាយ​លាយឡំ​នឹង​ក្តី​រំភើប​ឥត​ឧបមា រហូត​អួល​ដើម​ក​និយាយ​មិន​ចេញ ដោយសារ​តែ​ម្ចាស់​ដើម​បុណ្យ​ម្តាយ​កម្មករ​វ័យក្មេង កាក់ គា បាន​ទទួល​ដំណឹង​ថា កូន ប្រុស​របស់​គាត់​នៅ​មានជីវិត មិន​ទាន់​ស្លាប់​ទេ ។

កម្មករ​ដែល​រង​គ្រោះ​ ជាប់​នៅ​ក្រោម​គំនរ​បាក់បែក​នៃ​សំណង់​អគារ​កម្ពស់​៧​ជាន់​ដែល​រលំ​នោះ ត្រូវ​បាន​ក្រុម​​អ្នករុករក​ប្រទះ​ឃើញ​ នា​រសៀល​ថ្ងៃ​ទី​២៤ ខែមិថុនា និង​បាន​នាំ​យក​ទៅ​កាន់​មន្ទីរពេទ្យ​ខេត្ត​ភ្លាម​ៗ​ដើម្បី​ជួយ​សង្គ្រោះ ។

ព័ត៌មាន​នេះ បាន​បញ្ជូន​ទៅ​ប្រាប់​ក្រុម​គ្រួសារ​សាច់ញាតិ​របស់​ជន​រង​គ្រោះ​ទាំង​២​នាក់ នា​ល្ងាច​ថ្ងៃ​ដដែល ខណៈ​ដែល​ឪពុក​ម្តាយ​ជន​រង​គ្រោះ កំពុង​រៀបចំ​ធ្វើ​រោង​បុណ្យ​ចាំ​ទទួល​សព​កូន​ទៅ​ហើយ ធ្វើ​ឱ្យ​ទាំង​ឪពុក​ម្តាយ និង​សាច់ញាតិ​ជន​រង​គ្រោះ​ទាំងអស់ ម្នាក់​ៗ​រំភើប​រហូត​និយាយ​លែង​ចេញ​។

រោង​បុណ្យសព​ដែល​ធ្វើ​ខក ត្រូវ​បាន​សង់​ឡើង​នៅ​នឹង​ផ្ទះ​ជន​រង​គ្រោះ​ទាំង​២​នាក់ ដែល​ទី​១​-ស្ថិត​នៅ​ក្នុងភូមិ​ក្រូច ឃុំ​កន្សោម​អក ស្រុក​កំពង់ត្របែក ធ្វើ​ឡើង​ដើម្បី​ចាំ​ទទួល​សព​ជន​រង​គ្រោះ​ឈ្មោះ រស់ ស៊ី​ថា ហើយ​ត្រូវ​បាន​រំសាយ​ទៅ​វិញ​នៅ​ល្ងាច​ថ្ងៃ​ដដែល ។

ឯ​រោង​ទី​២ ស្ថិត​នៅ​ភូមិ​ត្រពាំង​ស្រែ ឃុំ​ស្តៅ​កោង ស្រុក​បាភ្នំ ធ្វើ​ឡើង​ចាំ​ទទួល​សព​ជន​រង​គ្រោះ​ឈ្មោះ កាក់ គា អាយុ​១៨​ឆ្នាំ និង​បាន​រំសាយ​ទៅ​វិញ​នៅ​ល្ងាច​ថ្ងៃ​ដដែល​នោះ​ដែរ ។

អត្ថបទសរសេរ ដោយ