ខេត្តបន្ទាយមានជ័យ ៖ លោកយង់ តាំងកួយ ប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្ត សហការជាមួយអង្គភាពនគរបាលការពារបេតិកភណ្ឌ កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលនិងអាជ្ញាធរមូលរដ្ឋាន បានទៅអប់រំណែនាំប្រជាពលរដ្ឋ និងឲ្យធ្វើកិច្ចសន្យាបញ្ឈប់រាល់សកម្មភាពជីកគាស់កកាយ ឈូសឆាយរុករានដីទួលបុរាណ កន្លែងកប់សពបុរាណ ។ លើសពីនេះបានដោះស្រាយសម្របសម្រួលចំពោះបញ្ហាប្រឈម ផ្សេងៗជាមួយប្រជាពលរដ្ឋនៅទីទួលបុរាណចំណុចបុស្សធំ ស្ថិតនៅភូមិរំដួល ឃុំភ្នំលៀប ស្រុកព្រះនេត្រព្រះ ។ បន្ទាប់មកបានទៅពិនិត្យ និងរៀបចំសម្អាតប្រាសាទបុរាណមួយនៅវត្តឡោទេ ឃុំភ្នំលៀប ។
លោកយង់ តាំងកួយ ឲ្យដឹងថា ទីតាំងបុរាណដ្ឋាន ធំៗមួយចំនួនមាន ដូចជាកន្លែងកប់សពបុរាណ នៅភូមិស្នាយ ឃុំរហាល ស្រុកព្រះនេត្រព្រះ ដែលបានបន្សល់បុរាណវត្ថុច្រើនសន្ធឹកសន្ធាប់មានអាយុកាលប្រមាណ២០០០ឆ្នាំមកហើយ ។ ចំណែកស្ថានីយបុរាណភូមិសុភី ឃុំសុភី ស្រុកអូរជ្រៅ គឺជាស្ថានីយបុរាណមួយដែលមានបន្សល់ទុករណ្តៅសពបុរាណយ៉ាងច្រើនរាប់មិនអស់ ។ រណ្តៅខ្លះត្រូវបានប្រជាជននៅទីនោះជីកគាស់កកាយយ៉ាងអនាធិបតេយ្យនៅពេលកន្លងមក ។
ខេត្តបន្ទាយមានជ័យ មានទួលបញ្ចុះសពបុរាណច្រើនកន្លែងភាគច្រើនស្ថិតនៅក្នុងស្រុកថ្មពួក និងស្រុកព្រះនេត្រព្រះ ។
លោកយង់ តាំងកួយ ថ្លែងថា«ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានដាក់ចេញនូវផែនការសកម្មភាពដើម្បីឲ្យមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្ត ស្រាវជ្រាវ កំណត់ទីតាំង និងទប់ស្កាត់រាល់សកម្មភាពទាំងឡាយដែលបណ្ដាលឲ្យប៉ះពាល់ដល់ទីកន្លែងបុរាណដ្ឋាននានាដែលមាននៅក្នុងខេត្ត ។
សកម្មភាពនេះត្រូវបានធ្វើយ៉ាងសកម្មជារៀងរាល់ថ្ងៃ ជាក់ស្ដែង ថ្មីៗនេះមន្ទីរបានសហការជាមួយនគរបាលការពារបេតិកភណ្ឌ និងអាជ្ញាធរមូលដ្ឋាន ឃុំភ្នំលៀប អប់រំណែនាំដល់ប្រជាពលរដ្ឋ និងឲ្យធ្វើកិច្ចសន្យាឈប់ឈូសឆាយ គាស់កកាយរុករាន នាំឲ្យខូចទ្រង់ទ្រាយទីតាំងដើមសម្បត្តិវប្បធម៌ជាតិ ។ ប្រជាពលរដ្ឋអាចអាស្រ័យផលបាន តែត្រូវអនុវត្តតាមលក្ខខណ្ឌដែលមានក្នុងកិច្ចសន្យាប៉ុណ្ណោះ បើផ្ទុយពីនោះអាជ្ញាធរនឹងចាត់វិធានការទៅតាមផ្លូវច្បាប់ » ៕ (កែសម្រួលដោយ ៖ បុប្ផា)
ចែករំលែកព័តមាននេះ