ខេត្តកំពង់ចាម ៖ សម្តេចព្រះនរោត្តមសីហមុនីទ្រង់បានចេញព្រះរាជក្រិតតែងតាំងលោក គួច ចំរើន ឋានន្តរសក្តិឧត្តមមន្ត្រីថ្នាក់លេខ៤ ពីអភិបាលនៃគណៈអភិបាលខេត្តកំពង់ចាមមកជាអភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុដែលគ្រោងនឹងប្រកាសឡើងក្នុងពេលដ៏ឆាប់ខាងមុខនេះ ។ ជាមួយនោះមានប្រជាពលរដ្ឋ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ បានពេញចិត្តពេញថ្លើមនឹងសកម្មភាពល្អជាច្រើនរួមទាំងផ្នែកមនុស្សធម៌ មិនឲ្យចង់លោកគួច ចំរើន ចេញពីខេត្តកំពង់ចាមនោះឡើយ ។
លោក យ៉េន វ៉ៃ អាយុ៤៨ឆ្នាំ ជាប្រជាពលរដ្ឋម្នាក់រស់នៅក្នុងក្រុងកំពង់ចាមប្រាប់ឲ្យដឹងនៅរសៀលថ្ងៃទី២៥ មិថុនានេះថា តាមការសង្កេតដោយផ្ទាល់របស់លោកក្នុងពេលមានគ្រោះអគ្គិភ័យកើតឡើងនៅតាមបណ្តាស្រុកជុំវិញក្រុងកំពង់ចាម គឺអភិបាលខេត្តបានអញ្ចើញចុះដោយផ្ទាល់ និងបានបញ្ជាឲ្យរថយន្តពន្លត់អគ្គិភ័យប្រឹងប្រែងបាញ់ទឹកពន្លត់ភ្លើង ដើម្បីកុំឲ្យឆេះរាលដាលទៅដល់ផ្ទះអ្នកផ្សេងនោះ ។
លោកយ៉េន វ៉ៃ ប្រាប់បន្តថា មិនតែប៉ុណ្ណោះទេ ក្នុងពេលដែលមានគ្រោះទឹកជំនន់កើតឡើង ហើយបានធ្វើឲ្យស្រុកមួយចំនួនជាប់តាមដងទន្លេមេគង្គ បានរងគ្រោះជន់លិចផ្ទះប្រជាពលរដ្ឋ លោកគួច ចំរើន និងលោកជំទាវព្រមទាំងសហការីនៃសាខាកាកបាទក្រហមខេត្តបាននាំយកអំណោយចុះចែកជូនអ្នករងគ្រោះដោយទឹកជំនន់ជួនត្រូវដើរលុយទឹកក៏មានដែរ ។ មិនថា យប់ឫថ្ងៃនោះទេ លោកអភិបាលខេត្តដែលមានភាពរហ័សរហួនជាញឹកញាប់បានចុះដោយផ្ទាល់មូលដ្ឋាន និងបានដឹងពីការលំបាករបស់រាស្ត្រដោយមានសំណូមពរឲ្យជួយមានដូចជា អណ្តូងទឹក ផ្លូវថ្នល់ សង់ផ្ទះជូនទុរគត់ជនរួមនឹងសកម្មភាពជាច្រើនរាប់ស្ទើរមិនអស់ កត្តានេះហើយធ្វើឲ្យប្រជាពលរដ្ឋ ស្រលាញ់ពេញចិត្តស្ទើរគ្រប់ៗគ្នា ។
លោកយ៉េន វ៉ៃ បញ្ជាក់ថា លោកអភិបាលខេត្តរូបនេះមិនចេះប្រកាន់វណ្ណៈនោះទេ តែងតែចុះជួយប្រជាជននៅគ្រប់ច្រកល្ហក តាំងពីនៅក្នុងក្រុងរហូតដលជនបទដាក់ស្រយាល និយាយរួមទង្វើល្អដូចលោក លន់ លឹមថៃ អតីតអភិបាលខេត្តសុទ្ធតែត្រូវបានប្រជាជនគោរព និងស្រលាញ់ដែលបានខិតខំជួយអភិវឌ្ឈន៍ខេត្តកំពង់ចាមឲ្យមានការរីចចម្រើន ។
មានពេលមួយរូបលោកពេញចិត្តថ្នាក់ដឹកនាំខេត្ត ហើយចង់សាង់សង់ផ្ទះមានសណ្ឋានដូចនឹងផ្ទះរបស់លោកគួច ចំរើន អភិបាលខេត្ត ត្រូវបានលោកអនុញ្ញាតឲ្យសាងសង់ឡើងស្ថិតនៅជាយក្រុងកំពង់ចាម ហើយក្នុងរយៈពេល៣ទៅ៤ខែទៀតនឹងរួចរាល់ហើយ ។ សណ្តានចិត្តដ៏ល្អរបស់លោកអភិបាលខេត្តមិនត្រឹមតែរូបលោកនោះទេ ដែលពេញចិត្ត សូម្បីតែប្រជាជនក្នុងខេត្តជាច្រើននាំគ្នាស្តាយដោយមិនចង់ឲ្យលោកគួច ចំរើន ចេញពីខេត្តនោះឡើយ ៕ កែសម្រួលដោយ ៖ សុឃាក់
ចែករំលែកព័តមាននេះ