ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រឹទ្ធ​សភាអនុ​ម័​ត​ច្បាប់​អនុញ្ញាត្ដិ​ឲ្យ​រាជរដ្ឋាភិបាល​ចូល​ជា​សមាជិក​អង្គការ​បណ្តាញ​អន្តរជាតិ​សម្រាប់​ឫស្សី និង​ផ្តៅ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សមាជិក​ព្រឹទ្ធសភា​ចំនួន​៥៣ នៃ​ចំនួន​សមាជិក​ទាំងមូល​បាន​អនុម័ត​អនុញ្ញាត្ដិ​ឲ្យ​រាជរដ្ឋាភិបាល​ចូល​ជា​សមាជិក​អង្គការ​បណ្តាញ​អន្តរជាតិ​សម្រាប់​ឫស្សី និង​ផ្តៅ ដើម្បី​លើកកម្ពស់​ជីវភាព​របស់​ប្រជាពលរដ្ឋ​នៅ​តាម​សហ​មគ​ន៍ ។ សេចក្តីព្រាងច្បាប់​ស្តី​ពី​ការ​អនុម័ត​យល់ព្រម​លើ​កិច្ចព្រមព្រៀង​ស្តី​ពី​ការ​បង្កើត​អង្គការ​បណ្តាញ​អន្តរជាតិ​សម្រាប់​ឫស្សី និង​ផ្តៅ ។…

រាជធានី​ភ្នំពេញ ៖ សមាជិក​ព្រឹទ្ធសភា​ចំនួន​៥៣ នៃ​ចំនួន​សមាជិក​ទាំងមូល​បាន​អនុម័ត​អនុញ្ញាត្ដិ​ឲ្យ​រាជរដ្ឋាភិបាល​ចូល​ជា​សមាជិក​អង្គការ​បណ្តាញ​អន្តរជាតិ​សម្រាប់​ឫស្សី និង​ផ្តៅ ដើម្បី​លើកកម្ពស់​ជីវភាព​របស់​ប្រជាពលរដ្ឋ​នៅ​តាម​សហ​មគ​ន៍ ។ សេចក្តីព្រាងច្បាប់​ស្តី​ពី​ការ​អនុម័ត​យល់ព្រម​លើ​កិច្ចព្រមព្រៀង​ស្តី​ពី​ការ​បង្កើត​អង្គការ​បណ្តាញ​អន្តរជាតិ​សម្រាប់​ឫស្សី និង​ផ្តៅ ។ ក្នុង​សម័យប្រជុំ​លើក​ទី​៣ ព្រឹទ្ធសភា​នីតិកាល​ទី​៤ ក្រោម​អធិបតីភាព​សម្តេច​វិបុល​សេនា​ភក្តី សាយ ឈុំ ប្រធាន​ព្រឹទ្ធសភា កម្ពុ​ជានា​ព្រឹក​ថ្ងៃ​ទី​២៥ ខែមិថុនា ឆ្នាំ​២០១៩ ។

លោក ម៉​ម ប៊ុ​ន​នាង សមាជិក និង​ជា​អ្នកនាំពាក្យ​ព្រឹទ្ធសភា​មាន​ប្រសាសន៍​ថា ព្រឹទ្ធសភា​បាន​ពិនិត្យ និង​ឱ្យ​យោបល់​ឯកភាព​ទាំងស្រុង​លើ​សេចក្តីព្រាងច្បាប់​ទាំងមូល ដោយ​ឥត​កែប្រែ​ចំនួន ៥៣​សំឡេង​នៃ​ចំនួន​សមាជិក​ព្រឹទ្ធសភា​ទាំងមូល ដើម្បី​បើកផ្លូវ​អោយ​រាជរដ្ឋាភិបាល​សហការ​ជា​អង្គការ​សម្រាប់​បោះទុន​ដាំ​ឫស្សី និង​ផ្តៅ​នៅ​កម្ពុជា ។ លោក​បាន​បន្ដ​ថា ការ​បើក​ឲ្យ​ដាំ​ឫស្សី និង​ផ្តៅ​នេះ ពិតជា​មាន​សារសំខាន់​ណាស់ ដើម្បី​ជួយ​បំពេញតម្រូវការ​ជីវភាព​រស់នៅ និង​តម្រូវការ​ជា​មូលដ្ឋាន​របស់​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ក្នុង​តំបន់​ផលិត​ឫស្សី និង​ផ្តៅ ជា​ពិសេស​ដល់​ស្ត្រី និង​អ្នក​ដែល​ជួប​ការ​លំបាក ។

លោក​វេ​ង សា​ខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម​រុក្ខា​ប្រមាញ់ និង​នេសាទ​មាន​ប្រសាសន៍​ថា តាម​រយៈ​ការ​ផ្តល់​សច្ចាប័ន​លើ​សេចក្តីព្រាងច្បាប់​នេះ​កម្ពុជា​នឹង​ទទួល​បាន​នូវ​អត្ថប្រយោជន៍​ជា​ច្រើន​តាម​រយៈ​ការ​បណ្តុះបណ្តាល និង​កសាង​សមត្ថភាព​ការ​ផ្តល់​ប្រឹក្សា​ជំនាញការ​ផ្តល់​ជំនួយ​គម្រោង​បច្ចេកទេស ការ​អភិវឌ្ឍ និង​ការ​កែ​ច្នៃ​ឫស្សី និង​ផ្តៅ និង​ការ​គ្រប់គ្រង​ដោយ​និរន្តរភាព ។ លោក​បាន​បញ្ជាក់​ថា ការ​បង្កើត​ច្បាប់​នេះ​ឡើង គឺ​ក្នុង​គោលបំណង​កំណត់​អត្តសញ្ញាណ សម្របសម្រួល និង​គាំទ្រ​លើ​ការ​ស្រាវជ្រាវ​ឫស្សី និង​ផ្តៅ​ស្រប​តាម​អាទិភាព​កំណត់​ដោយ​កម្មវិធី​ថ្នាក់​ជាតិ ស្ថាប័ន​ដទៃ និង​អង្គការ​ផ្សេង​ទៀត​ដែល​អង្គការ​នេះ​អាច​សហការ​ដែល​មាន​ជំនាញ និង​លើកកម្ពស់​សមត្ថភាព​ស្ថាប័ន​ស្រាវជ្រាវ និង​អភិវឌ្ឍន៍​ថ្នាក់​ជាតិ និង​អង្គការ​ផ្សព្វផ្សាយ ។

លោក​បន្ថែម​ថា បាន​បន្ដ​ថា ការ​ដាំ​ឬ​ស្សី និង​ផ្ដៅ​នេះ​វា​បាន​ផ្ដល់​អត្ថប្រយោជន៍​ដូច​ជា ការពារ​បរិស្ថាន​កាត់​បន្ថយ​ការ​បាត់បង់​ព្រៃឈើ កាត់​បន្ថយ​ការ​ហូរ​ច្រោះ សឹក​រេចរឹល​ដី អភិរក្ស និង​ពង្រីក​ធនធាន​ជីវចម្រុះ​របស់​ឫស្សី និង​ផ្តៅ ។ ម្យ៉ាងវិញទៀត​ពង្រីក​ការ​ប្រើប្រាស់​ផលិតកម្ម និង​ការ​កែ​ច្នៃ​ឫស្សី និង​ផ្តៅ​ដោយ​ផ្អែក​លើ​មូលដ្ឋាន​ប្រកបដោយ​ចីរភាព​ដែល​អភិវឌ្ឍ និង​លើកកម្ពស់​គោលនយោបាយ និង​បច្ចេកវិទ្យា​ដែល​បង្កើន​តម្លៃបន្ថែម​ទៅ​លើ​ឫស្សី និង​ផ្តៅ​ដែល​អាច​ប្រើ​ជំនួស​ឈើ ។

សូម​បញ្ជាក់​ថា សេចក្តីព្រាងច្បាប់​នេះ​រួម​មាន​៣​មាត្រា ដោយឡែក​កិច្ចព្រមព្រៀង​ស្តី​ពី​ការ​បង្កើត​អង្គការ​បណ្តាញ​អន្តរជាតិ​សម្រាប់​ឫស្សី និង​ផ្តៅ​មាន​២២​មាត្រា ត្រូវ​បាន​រដ្ឋសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​អនុម័ត​យល់ព្រម​ចំនួន​១០៧​សំឡេង​នៃ​ចំនួន​សមាជិក​រដ្ឋសភា​ទាំងមូល កាលពី​ថ្ងៃ​ទី​១៧ ខែមិថុនា ឆ្នាំ​២០១៩ នា​សម័យប្រជុំ​រដ្ឋសភា​លើក​ទី​២ នីតិកាល​ទី​៦ ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ