ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​-​កា​តា គ្រោង​ចុះ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ទ្វេភាគី​ដោយ​ជំរុញ​ទំនាក់ទំនង និង​វិនិយោគ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ កម្ពុជា និង​កា​តា​បាន​កំពុង​ពិភាក្សា​លើ​សេចក្តី​ព្រាង​កិច្ចព្រមព្រៀង​ចំនួន​២ គឺ កិច្ចព្រមព្រៀង​ស្តី​ពី​កិច្ច​សហប្រតិបត្តិការ​សេដ្ឋកិច្ច​-​ពាណិជ្ជកម្ម និង​បច្ចេកទេស និង​កិច្ចព្រមព្រៀង​ស្តី​ពី​ការ​ជំរុញ និង​ការ​ការពារ​ទៅ​វិញ​ទៅ​មក​នូវ​ការ​វិនិយោគ ដើម្បី​ពង្រឹង…

រាជធានី​ភ្នំពេញ ៖ កម្ពុជា និង​កា​តា​បាន​កំពុង​ពិភាក្សា​លើ​សេចក្តី​ព្រាង​កិច្ចព្រមព្រៀង​ចំនួន​២ គឺ កិច្ចព្រមព្រៀង​ស្តី​ពី​កិច្ច​សហប្រតិបត្តិការ​សេដ្ឋកិច្ច​-​ពាណិជ្ជកម្ម និង​បច្ចេកទេស និង​កិច្ចព្រមព្រៀង​ស្តី​ពី​ការ​ជំរុញ និង​ការ​ការពារ​ទៅ​វិញ​ទៅ​មក​នូវ​ការ​វិនិយោគ ដើម្បី​ពង្រឹង និង​ពង្រីក​ទំនាក់ទំនង​ពាណិជ្ជកម្ម និង​វិនិយោគ​ទ្វេភាគី ខណៈ​ដែល​បច្ចុប្បន្ន​ការ​ធ្វើ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង​ពីរ​នៅ​មាន​ទំហំ​តិច​តូច​នៅឡើយ ។ នេះ​បើ​តាម​ក្រសួងពាណិជ្ជកម្ម ។

នៅ​ក្នុង​ជំនួប​រវាង​លោក កឹ​ម ស៊ី​ថន រដ្ឋមន្ត្រី​ស្តីទី​ក្រសួងពាណិជ្ជកម្ម និង​លោក ម៉ូ​ហា​ម៉េ​ត អ៊ី​ស្មែ​ល អាល់​អេ​ម៉ា​ឌី ឯកអគ្គរដ្ឋទូត​នៃ​រដ្ឋកា​តា​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា កាលពី​ថ្ងៃ​ទី​២៤ ខែមិថុនា​នេះ បាន​ស្នើ​ភាគី​កម្ពុជា​ព​ន្លឿ​ន​ការ​ពិនិត្យ និង​កែសម្រួល​ខ្លឹមសារ​នៃ​កិច្ចព្រមព្រៀង​ទាំង​២​ខាងលើ ដើម្បី​ឈាន​ដល់​ចុះហត្ថលេខា​នា​ពេល​ខាង​មុខ ។ លោក ម៉ូ​ហា​ម៉េ​ត អ៊ី​ស្មែ​ល អាល់​អេ​ម៉ា​ឌី មាន​ប្រសាសន៍​ថា កា​តា​មាន​បំណង​នាំ​ចូល​ផលិតផល​កសិកម្ម​មក​ផ្គត់ផ្គង់​ទីផ្សារ​កម្ពុជា និង​បាន​អញ្ជើញ​មន្ត្រីជាន់ខ្ពស់​កម្ពុជា​ចូលរួម​កិច្ចប្រជុំ​គណៈកម្មការ​ចម្រុះ​កា​តា និង​កម្ពុជា​ដែល​គ្រោង​នឹង​ប្រព្រឹត្តិ​ទៅ​នៅ​ថ្ងៃ​ទី​១១ ដល់​១២ ខែកញ្ញា ឆ្នាំ​២០១៩ នៅ​ក្នុង​ប្រទេស​កា​តា ។ ជា​ការ​ឆ្លើយ​តប​លោក កឹ​ម ស៊ី​ថន បាន​សន្យា​នឹង​ជំរុញ​ការងារ​តាម​សំណើ​របស់​ភាគី​កា​តា និង​បាន​ស្នើ​ឯកអគ្គរដ្ឋទូត​រៀបចំ​ដំណើរ​ទស្សនកិច្ច​សិក្សា និង​វេទិកា​ជំនួប​ធុរកិច្ច​សម្រាប់​សភាពាណិជ្ជកម្ម​នៃ​ប្រទេស​ទាំង​ពីរ ដើម្បី​ស្វែង​យល់​ពី​ឱកាស​វិនិយោគ និង​ការ​ចាប់​ដៃគូ​ធុរកិច្ច​ទៅ​វិញ​ទៅ​មក ដើម្បី​ជំរុញ​កិច្ច​សហប្រតិបត្តិការ​ពាណិជ្ជកម្ម និង​សេដ្ឋកិច្ច​ទ្វេភាគី ។

ក្នុង​ឱកាស​នោះ​ដែរ​លោក​រដ្ឋមន្ត្រី​ស្តីទី​បាន​ស្នើ​សុំ​ដល់​ឯកអគ្គរដ្ឋទូត​បង្កើន​ការ​នាំ​ចូល​ទំនិញ​កសិកម្ម​បន្ថែម​ទៀត​ពី​កម្ពុជា ជា​ពិសេស​អង្ករ​ក្រអូប និង​ជួយ​ជំរុញ​ប្រជាជន​កា​តា​ឱ្យ​ចូល​មក​កម្សាន្ត​នៅ​ក្នុង​ប្រទេស​កម្ពុជា ដើម្បី​ស្វែង​យល់​អំពី​សក្តានុពល​វិស័យ​សំខាន់​ៗ​ដូច​ជា សេដ្ឋកិច្ច ទេសចរណ៍ និង​វប្បធម៌ ដោយសារ​តែ​កម្ពុជា សម្បូរ​ដោយ​តំបន់​ទេសចរណ៍​បែប​ធម្មជាតិ និង​បែប​ប្រវត្តិសាស្ត្រ​ជា​ច្រើន ។

តាម​ក្រសួងពាណិជ្ជកម្ម​បញ្ជាក់​ថា នៅ​ក្នុង​រយៈពេល​បី​ឆ្នាំ​ចុង​ក្រោយ​ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​កម្ពុជា និង​កា​តា​សម្រេច​បាន​ត្រឹមតែ​ជាង​២​លាន​ដុល្លារ​ប៉ុណ្ណោះ​ពោល គឺ​១,៥៣​លាន​ដុល្លារ (២០១៦) ១,៦៧​លាន​ដុល្លារ (២០១៧) និង ១,៦៦​លាន​ដុល្លារ (៦​ខែ​នៃ​ឆ្នាំ​២០១៨) ដែល​ទឹកប្រាក់​នេះ​មាន​កម្រិត​ទាប​បំផុត បើ​ធៀប​ជាមួយនឹង​ទំហំ​ពាណិជ្ជកម្ម​របស់​ប្រទេស​នៅ​ក្នុង​តំបន់ ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ