ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ADB ផ្ដល់​ឥណទាន​៦០​លាន​ដុល្លារ កែ​លម្អ​ជំនាញ​កម្លាំង​ការងារ​កម្ពុជា

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បាន អនុម័ត​ឥណទាន​សម្បទាន​ចំនួន​៦០​លាន​ដុល្លារ ដើម្បី​ជួយ​បង្កើន​ជំនាញ និង​ការ​ប្រកួតប្រជែង​នៃ​កម្លាំង​ការងារ​របស់​កម្ពុជា​ដែល​កំពុង​មានការ​កើនឡើង ខណៈ​ពេល​ដែល​រាជរដ្ឋាភិបាល​កម្ពុជា​កំពុង​ខិតខំ​ផ្លាស់​ប្តូរ​ផែនការ​សេដ្ឋកិច្ច​របស់​ខ្លួន​ពី​កំណើនសេដ្ឋកិច្ច​ដែល​មាន​កម្រិត​ជំនាញ​ទាប និង​ប្រើប្រាស់​កម្លាំង​ពលកម្ម​ច្រើន…

រាជធានី​ភ្នំពេញ ៖ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បាន អនុម័ត​ឥណទាន​សម្បទាន​ចំនួន​៦០​លាន​ដុល្លារ ដើម្បី​ជួយ​បង្កើន​ជំនាញ និង​ការ​ប្រកួតប្រជែង​នៃ​កម្លាំង​ការងារ​របស់​កម្ពុជា​ដែល​កំពុង​មានការ​កើនឡើង ខណៈ​ពេល​ដែល​រាជរដ្ឋាភិបាល​កម្ពុជា​កំពុង​ខិតខំ​ផ្លាស់​ប្តូរ​ផែនការ​សេដ្ឋកិច្ច​របស់​ខ្លួន​ពី​កំណើនសេដ្ឋកិច្ច​ដែល​មាន​កម្រិត​ជំនាញ​ទាប និង​ប្រើប្រាស់​កម្លាំង​ពលកម្ម​ច្រើន ទៅ​ជា​កំណើនសេដ្ឋកិច្ច​មួយ​ដែល​មានការ​រុញច្រាន​ពី​ជំនាញ​ខ្ពស់​វិញ ។

យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ធនាគារអភិវឌ្ឍន៍អាស៊ី​ចេញផ្សាយ​ថ្ងៃ​ទី​២៥ មិថុនា ២០១៩ ឥណទាន​សម្បទាន​នេះ​មាន​គោលបំណង​ជួយ​ដល់​កម្ពុជា​ក្នុង​ការ​ធ្វើ​ពិពិធ​កម្ម និង ទំនើប​កម្មវិស័យ​ឧស្សាហកម្ម​របស់​ប្រទេស តាម​រយៈ​ការ​កែ​លម្អ​បរិក្ខា និង ឧបករណ៍​សម្ភារៈ​របស់​វិទ្យាស្ថាន​បណ្តុះបណ្តាល​បច្ចេកវិទ្យា (TTIs) មួយ​ចំនួន​ដែល​ត្រូវ​បាន​ជ្រើសរើស​ទូ​ទាំង​ប្រទេស​កែ​លម្អ​កម្មវិធី​សិក្សា និង​ជំនាញ​របស់​គ្រូ​បណ្តុះបណ្តាល​របស់​វិទ្យាស្ថាន​បណ្តុះបណ្តាល​បច្ចេកវិទ្យា និង​ជម្រុញ​ឱ្យ​មាន​ទំនាក់ទំនង​កាន់តែ​រឹង​មាំ​ជាមួយ​រដ្ឋាភិបាល និង​សហគមន៍​ធុរកិច្ច​សំដៅ​សម្រេច​ឱ្យ​បាន​នូវ​សេចក្តី​ត្រូវការ​របស់​ទីផ្សារ​ការងារ ។

នៅ​ក្នុង​សេចក្តី​ប្រកាស​នោះ​ថា កម្ពុជា​ជាប់​ចំណាត់ថ្នាក់​ទី​១១០ ក្នុង​ចំណោម​សេដ្ឋកិច្ច​ចំនួន ១៤០ នៅ​ក្នុង​របាយការណ៍​ស្តី​ពី​ការ​ប្រកួតប្រជែង​សកល​ឆ្នាំ​២០១៨ នេះ​បើ​យោង​តាម​ការ​ផ្តល់​សេចក្តីរាយការណ៍​ធុរកិច្ច​ស្តី​ពី​ការ​លំបាក​ក្នុង​ការ​ស្វែងរក និយោជិត​ដែល​មាន​ជំនាញ​ខ្ពស់​សម្រាប់​បំពេញ​តួនាទី​បច្ចេកទេស ។ កម្មវិធី​អប់រំ និង​បណ្តុះបណ្តាល​បច្ចេកទេស និង​វិជ្ជាជីវៈ (TVET) របស់​កម្ពុជា​មិន​ទាន់​អាច​ផ្តល់​ជូន​ទៅ​តាម​សេចក្តី​ត្រូវការ​របស់​ទីផ្សារ​ការងារ​នា​ពេល​បច្ចុប្បន្ន​ឡើយ ដោយ​កម្មវិធី​អប់រំ​បណ្តុះបណ្តាល​ជាន់ខ្ពស់​ភាគច្រើន​ផ្តោត​លើ​ការងារ​នៅ​ក្នុង​វិស័យ​សេវាកម្ម ។

លោកស្រី យូ​មី​កុ យ៉ា​ម៉ា​កា​វ៉ា មន្ត្រី​ឯកទេស​ផ្នែក​អប់រំ​របស់ ADB ប្រចាំ​តំបន់​អាស៊ី​អាគ្នេយ៍​មាន​ប្រសាសន៍​ឱ្យ​ដឹង​ថា ការ​មាន​កម្លាំង​ការងារ​ដែល​មាន​ជំនាញ​ខ្ពស់​មាន​សារៈសំខាន់​ខ្លាំង​ណាស់​សម្រាប់​ប្រទេស​ដែល​មាន​សេដ្ឋកិច្ច​រីក​ចម្រើន​ឆាប់រហ័ស និង​កម្លាំង​ការងារ​កើនឡើង​ដូច​ជា​កម្ពុជា​” ។ លោកស្រី​ថា « ឥណទាន​សម្បទាន​របស់ ADB នឹង​ផ្តោត​លើ​ការ​កែ​លម្អ​ជំនាញ​របស់​និយោជិត​ដែល​បម្រើ​ការងារ​នៅ​ក្នុង​វិស័យ​ដែល​មាន​កំណើនសេដ្ឋកិច្ច​ខ្ពស់ ដើម្បី​ជួយ​ជម្រុញ​ដល់​ការ​អភិវឌ្ឍន៍​របស់​ប្រទេស ។ យើង​នឹង​ធ្វើ​ឱ្យ​ប្រាកដ​ថា រាល់​អ្នក​ពាក់ព័ន្ធ​ទាំងអស់​ជា​ពិសេស​រដ្ឋាភិបាល និង​វិស័យ​ឯកជន​នឹង​ធ្វើ​ការងារ​រួម​គ្នា ដើម្បី​បង្កើន​ជំនាញ​របស់​និយោជិត​» ។ លោកស្រី​បន្ត​ថា គម្រោង​អភិវឌ្ឍន៍​ជំនាញ​សម្រាប់​ការ​ប្រកួតប្រជែង​នេះ​នឹង​ជួយ​ផលិត​បាន​នូវ​អ្នកបច្ចេកទេស​ប្រកបដោយ​គុណវុឌ្ឍិ​ការងារ​ចំនួន​១៨.០០០​នាក់ រួម​មាន​២៨% ជា​ស្ត្រី ដែល​មាន​លទ្ធភាព​ខ្ពស់​ជាង​ក្នុង​ការ​ទទួល​បានការ​ងារ​ធ្វើ និង​ជំនាញ​បច្ចេកទេស​នៅ​ក្នុង​វិស័យ​អាទិភាព​ចំនួន​៤ រួម​មាន​កម្មន្តសាល សំណង់ អគ្គិសនី និង​អេ​ឡិ​ក​ត្រូ​និក ។

ការ​អភិវឌ្ឍន៍​ជំនាញ​នឹង​ត្រូវ​បាន​ធ្វើ​ឡើង​តាម​រយៈ​វិទ្យាស្ថាន​បណ្តុះបណ្តាល​បច្ចេកវិទ្យា​ចំនួន​៥ ទូ​ទាំង​ប្រទេស​កម្ពុជា រាប់​បញ្ចូល​ទាំង​ការ​កែ​លម្អ​បរិក្ខា នៅ​សាល​បណ្តុះបណ្តាល​ថ្មី​ចំនួន​១៦ ដែល​មានការ​គិតគូរ​ពី​បញ្ហា​យេ​ន​ឌ័​រ មាន​បរិ​យា​ប័ន្ន និង​សន្សំ​សំចៃ​ថាមពល​ដូច​ជា ជាន់​អន្តេ​វា​សក​ដ្ឋា​ន និង បន្ទប់ទឹក​ដោយឡែក​ពី​គ្នា​សម្រាប់​ស្ត្រី ការ​ផ្តល់​ឧបករណ៍​បណ្តុះបណ្តាល​កម្រិត​ខ្ពស់ និង​កម្រិត​ឧស្សាហកម្ម ការ​បណ្តុះបណ្តាល​អភិវឌ្ឍន៍​សមត្ថភាព​សម្រាប់​គ្រូ​បណ្តុះបណ្តាល និង​ការ​ផ្តល់​ប្រាក់​ឧបត្ថម្ភ​ជូន​សិស្ស​មួយ​ចំនួន​ក្រោម​មូលដ្ឋាន​ផ្អែក​លើ​គុណសម្បត្តិ ។

គួរ​បញ្ជាក់​ថា ADB ប្តេជ្ញា​សម្រេច​ឱ្យ​បាន​នូវ​តំបន់​អាស៊ី និង​ប៉ា​ស៊ី​ហ្វិ​កមួយ​ប្រកបដោយ​វិបុលភាព បរិ​យា​ប័ន្ន មាន​ភាព​ធន់ និង​មាន​និរន្តរភាព ហើយ​ស្រប​ពេល​ជាមួយ​គ្នា​នេះ​ក៏​ធានា​ឱ្យ​បាន​នូវ​និរន្តរភាព​នៃ​កិច្ច​ខិតខំ​របស់​ខ្លួន​ក្នុង​ការ​លុប​បំបាត់​ភាព​ទីទ័ល​ក្រ​ផង​ដែរ ។ ក្នុង​ឆ្នាំ​២០១៨ ADB បាន​សន្យា​ផ្តល់​ឥណទាន​សម្បទាន និង​ហិរញ្ញប្បទាន​ឥត​សំណង​ថ្មី​ដែល​មាន​ចំនួន​ទឹកប្រាក់ ២១,៦ ពាន់​លាន​ដុល្លារ ។ បង្កើត​ឡើង​ក្នុង​ឆ្នាំ​១៩៦៦ ADB គឺជា​កម្មសិទ្ធិ​របស់​សមាជិក​ចំនួន​៦៨ ប្រទេស ក្នុង​នោះ​មាន​ប្រទេស​ចំនួន​៤៩​នៅ​ក្នុង​តំបន់ ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ