ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រោយម្ចាស់រូបបដិសេធថា«កាត់ត»​ក៏​រង់ចាំការស្រាវជ្រាវជា​បន្ត..!

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ គណៈកម្មការ​បាន​ទូរស័ព្ទ​សួរ​ទៅ​ស្ត្រី​នៅ​ក្នុង​រូបភាព​ដែល​សង្ស័យ​ថា​ ជា​ស្រី​ស្នេហ៍​ចៅ​អធិ​ការ​អង្គ​នោះ​ទៀត ដើម្បី​ចង់​ដឹង​ថា អ្នក​ទាំង​២​មាន​ទំនាក់ទំនង​ស្នេហា​ជាមួយ​គ្នា​ឬ​អត់ ហើយ​ស្ត្រី​នោះ​ក៏​បដិសេធ​ដែរ​ថា នាង​មិន​មាន​ស្នេហា​ជាមួយ​ភិក្ខុសង្ឃ​អង្គ​នោះ​ទេ ហើយ​រូបភាព​បែកធ្លាយ​ គឺជា​រូប​កាត់ត​ប៉ុណ្ណោះ​…

រាជធានី​ភ្នំពេញ ៖ គណៈកម្មការ​បាន​ទូរស័ព្ទ​សួរ​ទៅ​ស្ត្រី​នៅ​ក្នុង​រូបភាព​ដែល​សង្ស័យ​ថា​ ជា​ស្រី​ស្នេហ៍​ចៅ​អធិ​ការ​អង្គ​នោះ​ទៀត ដើម្បី​ចង់​ដឹង​ថា អ្នក​ទាំង​២​មាន​ទំនាក់ទំនង​ស្នេហា​ជាមួយ​គ្នា​ឬ​អត់ ហើយ​ស្ត្រី​នោះ​ក៏​បដិសេធ​ដែរ​ថា នាង​មិន​មាន​ស្នេហា​ជាមួយ​ភិក្ខុសង្ឃ​អង្គ​នោះ​ទេ ហើយ​រូបភាព​បែកធ្លាយ​ គឺជា​រូប​កាត់ត​ប៉ុណ្ណោះ​ ដោយសារ​តែ​ចម្លើយ​បដិសេធ​មិន​អាច​បន្ត​ការ​ប្រជុំ​ទៀត​បាន គណៈកម្មការ​ចម្រុះ​ក៏​បាន​សម្រេច​ផ្អាក​ត្រឹមនោះ​ និង​រង់ចាំ​ការ​ស្រាវជ្រាវ​បន្ត ។

មន្ត្រី​សង្ឃ​នៃ​សាលាអនុគណ​ខណ្ឌ​ពោធិ៍​សែន​ជ័យ រួម​ជាមួយ​មន្ត្រី​នៃ​មន្ទីរ​ធម្មការ​និង​សាសនា​រាជធានី​ភ្នំពេញ និង​មន្ត្រី​ការិយាល័យ​ធម្មការ​និង​សាសនា​ខណ្ឌ បាន​កោះ​ប្រជុំ​បន្ទាន់​មួយ​ដើម្បី​ស្វែងរក​ការ​ពិត​និង​ដោះស្រាយ បន្ទាប់​ពី​មានការ​បង្ហោះ​រូបភាព​ល្បែង​ស្នេហ៍​លើ​គ្រែជា​ច្រើន​សន្លឹក​ទាក់ទិន​នឹង​ភិក្ខុ​នាម វ៉ា​ន់ វ​ន្នី ចៅអធិការ​វត្ត​ពោធិ៍​ចិន​តុង ដែល​បាន​បែកធ្លាយ​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ។តាម​រយៈ​រូបថត​នេះ គឺ​ពិតជា​ធ្វើ​ឲ្យ​ប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ ដល់​វិស័យ​ព្រះពុទ្ធ​សាសនា​ដែល​ជា​សាសនា​របស់​រដ្ឋ ជា​ពិសេស​ធ្វើ​ឲ្យ​ពុទ្ធបរិស័ទ​ចំណុះ​ជើងវត្ត​មានការ​ខឹងសម្បា និង​សម្ដែង​ការ​ថ្កោលទោស​យ៉ាង​ខ្លាំង​ផង​ដែរ ។

កិច្ចប្រជុំ​ខាងលើ​នេះ បាន​ប្រព្រឹត្ត​ទៅ​កាលពី​វេលា​ម៉ោង​៨​ព្រឹក​ថ្ងៃ​ទី​២៤ ខែមិថុនា នៅ​សាលាអនុ​គុណ​ខណ្ឌ​ពោធិ៍​សែន​ជ័យ ស្ថិត​នៅ​ក្នុង​វត្ត​ជម្ពូ​វ័ន សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ក្រោម​ព្រះ​អធិបតីភាព​ព្រះ​ធម្ម​បញ្ញា​មុនី សែ​ម សុភា ព្រះ​អនុគណ​ស្ដីទី​ខណ្ឌ​ពោធិ៍​សែន​ជ័យ ។ និមន្ត​និង​អញ្ជើញ​ចូលរួម​ក្នុង​កិច្ចប្រជុំ​មាន ព្រះ​ធម្មធរ​ខណ្ឌ ព្រះ​សមុហ៍​ខណ្ឌ ប្រធាន​ការិយាល័យ​កិច្ចការ​ព្រះពុទ្ធសាសនា​ផ្សារ​ភ្ជាប់​នឹង​សង្គម​នៃ​មន្ទីរ​ធម្មការ​និង​សាសនា​រាជធានី​ភ្នំពេញ ព្រមទាំង​ប្រធាន​-អនុប្រធាន​ការិយាល័យ​ធម្មការ​និង​សាសនា​ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

ដោយឡែក ចៅអធិការ​ដែល​កំពុង​មានរឿង​អាស្រូវ​ផ្លូវភេទ​អង្គ​នោះ រួម​ជាមួយ​គណៈកម្មការ​អាចារ្យវត្ត
ក៏​ត្រូវ​បាន​និមន្ត​និង​អញ្ជើញ​ឲ្យ​ចូលរួម​នៅ​ក្នុង​កិច្ចប្រជុំ​នា​ឱកាស​នោះ​ដែរ ។ តាម​ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា ភិក្ខុ​នាម វ៉ា​ន វ​ន្នី គឺជា​ចៅអធិការ​វត្ត​ពោធិ៍​ស​ត្ថា​រាម​ហៅ​វត្ត​ពោធិ៍​ចិន​តុ ស្ថិត​នៅ​ក្នុងភូមិ​ប៉ប្រក​ខាងជើង សង្កាត់​កា​កាប​ទី​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ បាន​បង្ក​ឲ្យ​ពុទ្ធបរិស័ទ​ចំ​ណុំ​ជើងវត្ត​ខាងលើ​មានការ​ខឹងសម្បា​យ៉ាង​ខ្លាំង បន្ទាប់​ពី​បានឃើញ​រូបភាព​ជា​ច្រើន​សន្លឹក​របស់​ភិក្ខុ​អង្គ​នោះ​កំពុង​កៀកកើយ​ជាមួយ​ស្ត្រី​ម្នាក់​នៅ​លើ​គ្រែ​យ៉ាង​ស្អិតរ​មួ​ត ​ដូច​ជា​ប្ដី​ប្រពន្ធ និង​ត្រូវ​បាន​គេ​បង្ហោះ​យ៉ាង​កក្រើក​តាម​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ។ នៅ​ពេល​ឃើញ​រូបភាព​នោះ ធ្វើ​ឲ្យ​អ្នក​ស្គាល់​ចៅអធិការ​អង្គ​នេះ​ហួសចិត្ត​រក​និយាយ​មិន​ចេញ​បន្ទាប់​ពី​បុគ្គល​ជា​ស្រែបុណ្យ​ដែល​ពួក​គាត់​តែង​ជឿជាក់ និង​គោរព​សក្ការៈ​បំផុត បែរជា​ប្រព្រឹត្ត​ល្មើស​ជាន់ ពន្លិច​ព្រះពុទ្ធ​សាសនា​បែប​នេះ ។

ប្រភព​ដដែល​បន្ត​ថា ពុំ​មាន​នរណា​បានដឹង​ថា​ ចៅអធិការ​វត្ត​អង្គ​នេះ​មាន​ទំនាក់ទំនង​ស្នេហា​ជាមួយ​ស្រី​ស្នេហ៍​តាំងពី​ពេល​ណា​នោះ​ទេ ប៉ុន្តែ​តាម​រូបភាព​បែកធ្លាយ​លើ​បណ្ដាញ​សង្គម​ហ្វេ​សប៊ុ​ក​នោះ បណ្ដាល​ឲ្យ​មានការ​ភ្ញាក់ផ្អើល​រយៈពេល​២​ថ្ងៃ​មក​ហើយ​ គឺ​នៅ​ថ្ងៃ​ទី​២៣ និង​ទី​២៤ ខែមិថុនា ។ ប៉ុន្តែ​ក៏​មិន​បានដឹង​ថា អ្នក​ទាំង​២​លេងល្បែង​លើ​គ្រែ​ជាមួយ​គ្នា​ប៉ុន្មាន​ដង​រួច​មកហើយដែរ ប៉ុន្តែ​បើ​តាម​រូបភាព​ដែល​បង្ហោះ​នោះ​គឺ​មាន​ភាព​ស្និទ្ធស្នាល​នឹង​គ្នា​ខ្លាំង​ណាស់ រហូត​ដេក​កៀកកើយ​គ្នា ដោយ​ស្រី​ស្នេហ៍​ដេក​កើយ​ដៃ​ចៅអធិការ​នៅ​ក្នុង​បន្ទប់ ដែល​មើលទៅ​ពិតជា​មិនធម្មតា ។ តាម​រយៈ​រូបភាព​នេះ​ដែរ ធ្វើ​ឲ្យ​មជ្ឈដ្ឋាន​ជា​ច្រើន​រិះគន់​យ៉ាង​ខ្លាំង ដែល​ខ្លួន​ជា​ភិក្ខុសង្ឃ​មិន​គួរ​ណា​ប្រព្រឹត្ត​អំពើ​អ​សីលធម៌​បែប​នេះ​សោះ ។

ដោយឡែក​ ប្រភព​មួយ​ផ្សេង​ទៀត​បាន​លួច​បង្ហើប​ប្រាប់​ថា ក្រោយ​ពី​ទទួល​បាន​ដំណឹង​ដ៏ភ្ញាក់ផ្អើល​នេះ មន្ត្រី​សង្ឃ​នៃ​សាលា​អនុគណ​ខណ្ឌ​ពោធិ៍​សែន​ជ័យ រួម​ជាមួយ​មន្ត្រី​នៃ​មន្ទីរ​ធម្មការ​និង​សាសនា​រាជធានី​ភ្នំពេញ និង​មន្ត្រី​ការិយាល័យ​ធម្មការ​និង​សាសនា​ខណ្ឌ​ពោធិ៍​សែន​ជ័យ បាន​បើកការ​ប្រជុំ​បន្ទាន់​មួយ ដើម្បី​ស្វែងរក​ការ​ពិត ដោយបាន​និមន្ត​ចៅអធិការ​វត្ត​ខាងលើ​ចូលរួម​ធ្វើការ​បកស្រាយ ព្រមទាំង​អញ្ជើញ​គណៈកម្មការ​អាចារ្យវត្ត​ចូលរួម​ផង​ដែរ ។

ខណៈនោះ​គណៈកម្ម​ការ​ចម្រុះ​បាន​ធ្វើការ​សួរ​ដេញដោល​ជា​ច្រើន​ទៅ​កាន់​ភិក្ខុ វ៉ា​ន វ​ន្នី ដែល​ជា​ចៅអធិការ​វត្ត​ពោធិ៍​ចិន​តុង​នោះ ពី​បញ្ហា​រឿង​អា​ស្រូ​ទាំងឡាយ​ពាក់ព័ន្ធ​នឹង​ការ​បែកធ្លាយ​រូបភាព​លើ​គ្រែ​ជាមួយ​ស្រី​ស្នេហ៍​នេះ ។ ប្រភព​ដដែល​នេះ​ឲ្យ​ដឹង​ទៀត​ថា ខណៈនោះ​ភិក្ខុ​អង្គ​នេះ​បាន​ធ្វើការ​បដិសេធ​យ៉ាង​ដាច់អហង្ការ​ថា មិន​បាន​ប្រព្រឹត្ត​បែប​នេះ​ឡើយ គឺ​គ្មាន​ទំនាក់ទំនង​ស្នេហា​អ្វី​ទាំងអស់ ។ ចំណែក​រូបភាព​នោះ ក៏​មិន​បាន​ដឹង​ដែរ ព្រោះ​មិនមែន​ជា​រូប​ពិត​ឡើយ​ គឺជា​រូបភាព​កាត់ត ដែល​ជនខិលខូច​កាត់ត​ក្នុង​ចេតនា​បង្ខូច​កិត្តិយស​របស់​លោក​ប៉ុណ្ណោះ ។

​ប៉ុន្តែ​មជ្ឈដ្ឋាន​នានា​និយាយ​ថា បើ​ចង់​ដឹង​ថា​ រូបភាព​ខាងលើ​ជា​រូប​ពិត​ ឬ​កាត់ត​នោះ គួរ​ឲ្យ​អ្នកជំនាញ​​​ជួយ​ពិនិត្យ​មើលទៅ​នឹង​ដឹង​ហើយ បើ​ទោះ​ចង់​ប្រកែក​ក៏​មិន​បាន​ដែរ ។

អត្ថបទសរសេរ ដោយ