ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​នឹង​មាន​ជើងហោះហើរ​ត្រង់​ពី​ខេត្ត​ជឺ​ជាំ​ង​ប្រទេស​ចិន​នៅ​ឆ្នាំ​នេះ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ លោក ថោ​ង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍បាន​អះអាង​ថា បន្ទាប់​ពី​មានការ​លើកឡើង​នូវ​ឱកាស​វិនិយោគ ក្នុង​វិស័យ​ទេសចរណ៍​នៅ​កម្ពុជា​រួច​មកគណៈប្រតិភូ​ចិន​មក​ពីខេត្ត​ជឺ​ជាំ​ង បាន​បង្ហាញ​គោលបំណង​ចង់​មក​វិនិយោគ បង្កើត​តំបន់​ទេសចរណ៍​នៅ​កម្ពុជា…

រាជធានីភ្នំពេញ ៖ លោក ថោ​ង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍បាន​អះអាង​ថា បន្ទាប់​ពី​មានការ​លើកឡើង​នូវ​ឱកាស​វិនិយោគ ក្នុង​វិស័យ​ទេសចរណ៍​នៅ​កម្ពុជា​រួច​មកគណៈប្រតិភូ​ចិន​មក​ពីខេត្ត​ជឺ​ជាំ​ង បាន​បង្ហាញ​គោលបំណង​ចង់​មក​វិនិយោគ បង្កើត​តំបន់​ទេសចរណ៍​នៅ​កម្ពុជា ពិសេស​សម្រាប់​ទេសចរ​វ័យ​ចំណាស់ ខណៈ​កា​រត​ភ្ជាប់​ជើងហោះហើរ​ត្រង់​ពី ខេត្ត​មួយ​នេះត្រូវ​បាន​បញ្ជាក់​ថា ​នឹង​បើក​ដំណើរការ​ផ្លូវការ​នៅ​ក្នុង​ឆ្នាំ​២០១៩​នេះ ​។

ការ​លើក​ឡើង​នេះត្រូវ​បាន​ធ្វើ​ឡើង​ក្នុង​ជំនួប​ពិភាក្សា​ការងារ​រវាង​លោក​ថោ​ង ខុន រដ្ឋមន្ត្រី ក្រសួងទេសចរណ៍ជាមួយ​គណៈប្រតិភូ​ចិន​មក​ពី​ខេត្ត​ជឺ​ជាំ​ង ដឹកនាំ​ដោយ​លោក ចាង សឺ​ស្ស៊ី (Zhang Zexi) អនុប្រធាន​សភា​ប្រឹក្សា​យោបល់​ខេត្ត​ជឺ​ជាំ​ង នៅ​ទីស្ដីការ​ក្រសួងទេសចរណ៍ កាលពី​ពេល​ថ្មី​ៗ​នេះ​។

លោក​រដ្ឋមន្ត្រី​ថ្លែង​ថា គណៈប្រតិភូ​ចិន​មានការ​ចាប់អារម្មណ៍​យ៉ាង​ខ្លាំងចំពោះ​ឱកាស​វិនិយោគបង្កើតតំបន់​ទេសចរណ៍ សម្រាប់​ទេសចរ​វ័យ​ចំណាស់​នៅ​កម្ពុជា ដោយ​លោក ចាង សឺ​ស្ស៊ី បាន​បញ្ជាក់​ថា នៅ​ខេត្ត​ជឺ​ជាំ​ង​សម្បូរ​ទៅ​ដោយ​ប្រជាជន​ច្រើន ហើយ​នៅ​ឆ្នាំ​២០១៨ ទេសចរ​ចិន នៅ​ខេត្ត​ជឺ​ជាំ​ង​ចេញ​ដើរ​កម្សាន្ត​នៅ​ក្រៅប្រទេស​មាន​ចំនួន២​លាន​៨​សែន​នាក់ ក្នុង​នោះ​មក​កម្ពុជាប្រមាណ៨​ម៉ឺន​នាក់​ ។

លោក ចាង ចង់ អនុប្រធាន​សភា​ប្រឹក្សា​យោបល់​ខេត្ត​ជឺ​ជាំ​ង​បាន​ឲ្យ​ដឹង​ថា ភ្ញៀវ​ទេសចរ​ចិនមក​ពី​ខេត្ត​របស់​លោកនឹង​មក​ទស្សនា​នៅកម្ពុជា​កាន់តែ​ច្រើន​ឡើង​ថែម​ទៀត ហើយ​នៅ​ពេលរដូវ​ត្រជាក់​ម្ដង​ៗ ពួក​គេ​ចូល​ចិត្ត​ស្នាក់​នៅតំបន់​លម្ហែ​របស់​ពួក​គេ នៅ​តំបន់​ភាគ​ខាងត្បូង ប្រទេស​ចិន ដែល​មាន​អាកាសធាតុ​ក្ដៅ​ស្រួល ជាង​ខេត្ត​ជឺ​ជាំ​ង​ ។ ងាយស្រួល​ដល់​ភ្ញៀវ​ទេសចរចិន​ដែល​មក​ទស្សនា​ប្រទេស​កម្ពុជា ។ ដូច្នេះ​ហើយ​បានជា​លោក និង​គណៈប្រតិភូ​មក​ពិភាក្សា​ជាមួយ​ភាគី​កម្ពុជា ដើម្បី​បង្ហាញ​ពី បំណង​ចង់​មក​វិនិយោគ ក្នុង​ការ​បង្កើត​លំនៅ​ដ្ឋា​ន​លម្ហែ​សម្រាប់​ទេសចរ​ចិន​មក​ពី​ទីនោះ​។

លោក​រដ្ឋមន្ត្រី ថោ​ង ខុន ក៏​បាន​បង្ហាញ​នូវ​ការ​ស្វាគមន៍​យ៉ាង​ខ្លាំង ចំពោះ​គោលបំណង​របស់​ភាគី ចិន​ខាងលើ​នេះ ហើយ​លោក​ថែម​ទាំង​បាន​ណែនាំ​ពី​ឱកាស​វិនិយោគ​ជាមួយ​ក្នុង​វិស័យ​ទេសចរណ៍ ពិសេស​គឺ​ការ​បង្កើត​នៅ​តំបន់​មាត់សមុទ្រ​នៃ​ប្រទេស​កម្ពុជា និង​តាម​បណ្ដោយ​ទន្លេមេគង្គ ដែល​ហូរ​កាត់​ប្រទេស​កម្ពុជា​ជាង ៤០០​គីឡូម៉ែត្រ មាន​ទេសភាព​ស្រស់​ត្រកាល និង​អំណោយ ផល​ដល់​ការ​ស្នាក់​នៅ​យូរ និង​ទស្សនា​កម្សាន្ត​របស់​ភ្ញៀវ​ទេសចរ​។

ទន្ទឹម​នោះ​លោក​ក៏​បាន​ស្នើ​ឱ្យ​ភាគី​ចិន​នៅ​ខេត្ត​ជឺ​ជាំ​ង ជួយ​ជំរុញ​ការ​បណ្ដុះបណ្ដាល​ភាសា​ចិន ដល់​បុគ្គលិក​ជំនាញ​ទេសចរណ៍ និង​មគ្គុទ្ទេសក៍​ទេសចរណ៍​កម្ពុជា ដែល​និយាយ​ភាសា​ចិន តាម​រយៈ​ការ​បង្កើត​សាលា​វិជ្ជាជីវៈ​ជំនាញ​ទេសចរណ៍​នៅ​កម្ពុជា សំដៅ​សម្រេច​ឱ្យ​បាន ចំនួន​បុគ្គលិក​ជំនាញ និង​ម​គ្គុ​ទ្ទេស​ទេសចរណ៍ ឆ្លើយ​តប​នឹង​ចំនួន ទេសចរណ៍ ពិសេស​ទេសចរ ចិន​ដែល​នៅ​តែ​កើន​ឡើងជា​លំដាប់​។

លោក ថោ​ង ខុន ថែម​ទាំង​បាន​ស្នើ​ឱ្យ​ភាគី​ចិន​ជួយ​ជំរុញ​កា​រត​ភ្ជាប់​ជើងហោះហើរ​ត្រង់ ពី​ខេត្ត​ជឺ​ជាំ​ង មក​កម្ពុជា​ឱ្យ​បាន​ឆាប់រហ័ស​ផង​ដែរ ដើម្បី​ជំរុញ​កំណើន​ទេសចរ​ពី​ខេត្ត​មួយ​នេះ ឱ្យ​បាន​កាន់ តែ​ច្រើន​ឡើង​។ ចំណុច​នេះ​ត្រូវ​បាន​លោក ចាង សឺ​ស្ស៊ី ឆ្លើយ​តប​វិញ​ថា ខេត្ត​ជឺ​ជាំ​ង​របស់​លោក​ក៏​បាន​ខិតខំ​ជំរុញ​ការងារ​នេះ​ដែរ ហើយ​នៅ​កំឡុង​ឆ្នាំ​២០១៩​នេះ ជើងហោះហើរ​ត្រង់​ពី ខេត្ត​ជឺ​ជាំ​ង​មក​កម្ពុជា នឹង​ត្រូវ​ដំណើរការ​ឡើងជា​ផ្លូវការ​។

ចំពោះ​ឱកាស​វិនិយោគ និង​សំណើ​ទាំងអស់​របស់​ភាគី​កម្ពុជា គណៈប្រតិភូ​របស់​លោក ចាង នឹង​ពាំនាំ​យក​ទៅ​ជម្រាប​ជូន​រដ្ឋាភិបាល​ចិន និង​បន្ត​ពិភាក្សា​ជាមួយ​ក្រសួង​-​ស្ថាប័ន​ពាក់ព័ន្ធ ដើម្បី​ជួយ​ដល់​មិត្ត​កម្ពុជា ៕ កែសម្រួលដោយ ៖ សុឃាក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ