ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ត្រី​កម្មករ​ម្នាក់​ដឹក​តាម​ម៉ូតូ​កង់​បីដាក់​ចោល​​កន្លែង​​បូជាសព​ផ្អើល

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ស្ត្រី​ជា​កម្មករ​សំណង់ និង​គ្មាន​សាច់ញាតិ​ម្នាក់​បាន​ដេក​ឈឺ​ក្នុង​រោង​កម្មករ​រីង​រ៉ៃ​បាត់​មាត់​បាត់​ក ស្មាន​តែ​ស្លាប់ ស្រាប់តែ​ក្រុម​សន្តិសុខ​បុរី​មួយ​បាន​ហៅ​ម៉ូតូ​កង់​បី​ដឹក​យក​ចោល​នៅ​កន្លែង​បូជាសព​ក្នុង​វត្ត​សំបួរមាស បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​តា​អាចារ្យ និង​សមត្ថកិច្ច​ចុះ​ទៅ​ពិនិត្យ កាលពី​ម៉ោង​៩​យប់ ថ្ងៃ​ទី​២៤…

រាជធានី​ភ្នំពេញ ៖ ស្ត្រី​ជា​កម្មករ​សំណង់ និង​គ្មាន​សាច់ញាតិ​ម្នាក់​បាន​ដេក​ឈឺ​ក្នុង​រោង​កម្មករ​រីង​រ៉ៃ​បាត់​មាត់​បាត់​ក ស្មាន​តែ​ស្លាប់ ស្រាប់តែ​ក្រុម​សន្តិសុខ​បុរី​មួយ​បាន​ហៅ​ម៉ូតូ​កង់​បី​ដឹក​យក​ចោល​នៅ​កន្លែង​បូជាសព​ក្នុង​វត្ត​សំបួរមាស បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​តា​អាចារ្យ និង​សមត្ថកិច្ច​ចុះ​ទៅ​ពិនិត្យ កាលពី​ម៉ោង​៩​យប់ ថ្ងៃ​ទី​២៤ ខែមិថុនា ឆ្នាំ​២០១៩ នៅ​កន្លែង​បូជាសព ក្នុង​វត្ត​សំបួរមាស ស្ថិត​ក្នុងភូមិ​ម័​ល សង្កាត់​ដង្កោ ខណ្ឌ​ដង្កោ ។

ស្ត្រី​ខាងលើ​ត្រូវ​គេ​ស្គាល់​ថា ឈ្មោះ យាយ យ៉ា អាយុ​៦០​ឆ្នាំ ជា​ស្ត្រី​ដែល​គ្មាន​សាច់ញាតិ មុខរបរ​កម្មករ​សំណង់​នៅ​ក្នុង​បុរី ស្នាក់​នៅ​ក្នុង​រោង​កម្មករ ។

តាម​សម្តី​សមត្ថកិច្ច​មូលដ្ឋាន​ឱ្យ​ដឹង​ថា មុន​នឹង​មានការ​ភ្ញាក់ផ្អើល គឺ​មាន​គេ​ដឹក​មនុស្ស​ស្រី​ម្នាក់​យក​ទៅ​ប្លុង​ចោល​នៅ​កន្លែង​បូជាសព​ក្នុង​វត្ត​សំបួរមាស ហើយ​ស្ត្រី​នោះ​ជា​អតីត​កម្មករ​សំណង់ ដោយសារ​តែ​គាត់​មាន​ជំងឺ​ប្រចាំ​កាយ​ក៏​ធ្លាក់ខ្លួន​ឈឺ​រ៉ាំរ៉ៃ ។ លុះ​មក​ដល់​ថ្ងៃ​កើតហេតុ​ស្រាប់តែ​ស្ត្រី​ខាងលើ​បាន​បាត់​មាត់​បាត់​ក ស្មាន​​តែ​ផុតដង្ហើម​ទៅ​ហើយ ក៏​ផ្អើល​ដល់​ក្រុម​សន្តិសុខ​ដែល​យាម​នៅ​កន្លែងធ្វើការ គិត​អ្វី​មិន​ចេញ​ក៏​សម្រេច​ចិត្ត​ហៅ​ម៉ូតូ​កង់​បី​ឱ្យមក​ដឹក​ស្ត្រី​ខាងលើ​យក​មក​ទុក​ចោល​នៅ​កន្លែង​បូជាសព​ក្នុង​វត្ត​សំបួរមាស​តែ​ម្តង​។

ប្រភព​ដដែល​បន្ត​ថា ពេល​នោះ​ដែរ លោក​អាចារ្យ ភ្លុក ដែល​ប្រចាំការ​នៅ​ទីណា​នោះ​សួរ​រក​លិខិត​ស្នាម​បញ្ជាក់​ពី​អាជ្ញារ​ធរ​មូលដ្ឋាន​អត់​មាន ទើប​រាយការណ៍​ជូន​សមត្ថកិច្ច​ឱ្យ​ចុះ​ទៅ​ពិនិត្យ​កន្លែង​កើតហេតុ ។ លុះ​​សមត្ថកិច្ច​ទៅ​ដល់​ឃើញ​ស្ត្រី​ខាងលើ ត្រូវ​បាន​គេ​ដាក់​ធូប​អោប​ជាប់​នឹង​ទ្រូង​ដូច​ជា​មនុស្ស​ស្លាប់​ទៅ​ហើយ តែ​ដោយ​មានការ​សង្ស័យ​សមត្ថកិច្ច​មើលចុះ​មើល​ឡើង ស្រាប់តែ​ស្ត្រី​ខាងលើ​នៅ​មាន​ដង្ហើម ហើយ​ហាមាត់​បន្តិច​ៗ ទើប​ពួក​គាត់​រាយការណ៍​ជូន​លោក​អធិការ​ខណ្ឌ​សុំ​រថយន្ត​សង្គ្រោះ​ឱ្យមក​ជួយ​សង្គ្រោះ​ស្ត្រី​នោះ​តែ​ម្តង​ទៅ ។

ក្រោយ​កើតហេតុ រថយន្ត​សង្គ្រោះ​របស់​គ្លិ​និក​បាន​ទៅ​ជួយ​សង្គ្រោះ​បឋម ដាក់​ស៊ី​រ៉ូ​ម ហើយ​ក៏​បាន​បញ្ជូន​ស្ត្រី​ខាងលើ​យក​ទៅ​សង្គ្រោះ​នៅ​មន្ទី​ពេទ្យ​បង្អែក​ដង្កោ ជា​បន្ត​ទៀត ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ