រាជធានីភ្នំពេញ ៖ តារាកំប្លែងនាយ តាក់ស៊ី បានសម្រេចបំណងរបស់ខ្លួនហើយនៅក្នុងការសម្រេចចិត្តបួសជាព្រះសង្ឃអស់មួយជីវិត ដោយការលះបង់អ្វីៗគ្រប់យ៉ាងរួមទាំងភរិយា និងកូនផងដែរ។ ពិធីបំបួសនេះបានធ្វើឡើងនៅព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៩នេះ ស្ថិតនៅក្នុងវត្តដងទុងថ្មី នៃខេត្តកំពង់ស្ពឺ ដោយមានការចូលរួមពីលោកតា វ៉ិចទ័រ នាយចឹម អ្នកនាង អីត ព្រមទាំងតារាកំប្លែងនប្រចាំស្ថានីយទូរទស្សន៍ CTN មួយចំនួនទៀត។
ដោយមិនមានអ្វីអធិប្បាយច្រើន នាយ តាក់ស៊ី បានសម្តែងការរីករាយ និងបានថ្លែអំណរគុណដល់ព្រះចៅអធិការវត្ត អាជ្ញាធរដែនដី មិត្តរួមក្រុម និងប្រិយមិត្តគាំទ្រទាំងអស់ដែលបានចូលរួមក្នុងពីធី និងការជូនពរដល់លោកដែលបានបួសជាផ្លូវការនាពេលនេះ។
ជាការកត់សម្គាល់ ដើមចមដែលនាំឲ្យតារាកំប្លែងរូបនេះសម្រេចចិត្តបួស ត្រូវបាននាយ តាក់ស៊ី ធ្លាប់លើកឡើងថា ជំងឺទឹកនោមផ្អែមមើលមិនជាសះស្បើយ ជាហេតុធ្វើឱ្យលោកសម្រេច ការទៅរកព្រះធម៌ គឺជារឿងដ៏ល្អបំផុត ដើម្បីសន្សំបុណ្យកុសល។ អ្វីដែលសំខាន់នោះ គឺដល់និស្ស័យដែលលោកត្រូវតែទៅ ដោយគ្មានការគិតគូវែងឆ្ងាយតែម្តង។
នាយ តាក់ស៊ី ថា កាលពីកន្លងទៅ លោកធ្លាប់បួសនៅភ្នំគូលែនម្តងហើយ តែមិនបានសម្រេច ដូច្នេះក៏ពេលនេះសម្រេចចិត្តច្បាស់ថា ទៅបួសតែម្តង ដោយសុំកូនប្រពន្ធ និងក្រុមគ្រួសាររួចអស់ហើយ។ លោកថា ដោយសារឧបនិស្ស័យតម្រូវឱ្យត្រូវតែទៅបួស ស្វែងរកព្រះធម៌ ដូច្នេះមិនអាចនៅទៀតបានទេ ទោះបីជាមានខាងបណ្តាសប្បុរសជននានា មានទឹកចិត្តជួយចេញថ្លៃព្យាបាលជំងឺឱ្យលោកក៏ដោយ។
ចំណែកភរិយា គឺអ្នកនាង ភីម ក៏ធ្លាប់បានហាមឃាត់លោកជាច្រើនដងផងដែរ ពាក់ព័ន្ធការចង់បួសនេះ ប៉ុន្តែដោយសារតែឃាត់ស្វាមីមិនឈ្នះក៏បណ្តោយតាមចិត្តស្វាមី។ បើតាមអ្នកនាង ភីម នាងនាង និងនាយ តាក់ស៊ី បានស្រលាញ់ និងរស់នៅជាមួយគ្នា១៥ឆ្នាំ បានកូនប្រុសម្នាក់អាយុ១៤ឆ្នាំ ខណៈពេលនាងនិងស្វាមីធ្លាប់មានប្រវត្តិកម្សត់ជាមួយគ្នាច្រើន ។
ចំណែកលោក សុវណ្ណ រិទ្ធី ហៅតាវ៉ិចទ័រ ប្រធានដឹកនាំក្រុមកំប្លែងធ្លាប់បានលើកឡើងថា ការសម្រេចចិត្តរបស់នាយ តាក់ស៊ី ក្នុងការបួសនេះ គឺលោកបានយល់ស្រប ដោយសារនាយបានសុំលោកជាច្រើនដង។ យ៉ាងណាក្នុងនាមជាប្រធានក្រុមដឹកនាំ លោកពិតជាមានការសោកស្តាយនូវទេពកោសល្យរបស់នាយ តាក់ស៊ី ដែលត្រូវចោលនៅពេលដែលលោកបានសម្រេចបួសជាព្រះសង្ឃរស់នៅក្នុងផ្លូវព្រះពុទ្ធអស់មួយជីវិតនាពេលនេះ៕ (កែសម្រួលដោយ ៖ បុប្ផា)
ចែករំលែកព័តមាននេះ