ខេត្តកំពង់ចាម ៖ ផ្ទះឈើលើក្រោមថ្មមានបើកខារ៉ាអូខេមួយកន្លែងស្ថិតក្នុងភូមិទី២ សង្កាត់វាលវង់ ក្រុងកំពង់ចាម ត្រូវអគ្គីភ័យឆាបឆេះកាលពីវេលាម៉ោងប្រហែល១រសៀលថ្ងៃទី២១មិថុនា ២០១៩ ហើយត្រូវបានរថយន្តពន្លត់អគ្គីភ័យចំនួន៣គ្រឿងរបស់ស្នងការដ្ឋាននគរបាលខេត្តចេញទៅជួយអន្តរាគមន៏បាញ់ទឹកពន្លត់ ដោយមិនបានបង្កឲ្យឆេះរាលទៅផ្ទះរបស់ប្រជាពលរដ្ឋដែលនៅក្បែរនោះឡើយ។
តាមប្រភពពីស្ត្រីជាម្ចាស់ផ្ទះកើតហេតុឈ្មោះ ស៊ឹម ស៊ីវម៉េង អាយុ៣២ឆ្នាំ បានប្រាប់ឱ្យដឹងថា ក្នុងពេលដែលគាត់បានចេញទៅធ្វើការ ក៏ស្រាប់តែម្តាយរបស់គាត់ឈ្មោះហ៊ួយ ទូរស័ព្ទប្រាប់ថា «ផ្ទះរបស់យើងភ្លើងឆេះហើយ» ។ ពេលឮបែបនេះ គាត់ប្រញាប់ជិះម៉ូតូមកដល់ផ្ទះប្រមាណ១៥នាទី តែត្រូវភ្លើងបានឆេះផ្ទះអស់ ដោយនៅសល់តែគ្រោងឆ្អឹងផ្ទះប៉ុណ្ណោះ បើទោះបីជាកម្លាំងសមត្ថកិច្ចបាននាំគ្នាមកជួយបាញ់ទឹកពន្លត់ក៏ដោយ ។ ស្ត្រីជាម្ចាស់ផ្ទះបានបន្តថា ផ្ទះនេះត្រូវបានម្តាយរបស់គាត់ជាអ្នកសាងសង់ គិតរហូតមកដល់សព្វថ្ងៃនេះមានរយៈពេលប្រមាណជាង៣០ឆ្នាំមកហើយ គាត់ពិតជាមានការសោកស្តាយផ្ទះនេះណាស់ ។
តាមប្រភពពីស្ត្រីចំណាស់ឈ្មោះខៀវ ផល្លី អាយុ៦២ឆ្នាំ ជាអ្នករស់នៅទល់មុខផ្ទះកើតហេតុបានប្រាប់ឲ្យដឹងថា ពេលគាត់កំពុងនៅក្នុងផ្ទះជាន់ខាងក្រោមដោយសំរាន្តមិនទាន់លក់នោះទេ ក៏ស្រាប់តែមានការភ្ញាក់ផ្អើល កើតឡើង ដោយមានអគ្គីភ័យបានឆាបឆេះផ្ទះបើកខារ៉ាអូខេ ស្ថិតនៅទល់មុខផ្ទះរបស់គាត់រំលងតែផ្លូវបេតុង ក្នុងពេលនោះអណ្តាតភ្លើងបានឆាបឆេះយ៉ាងសន្ធោសន្ធៅរកកល់នឹងដល់ផ្ទះរបស់គាត់ ធ្វើឱ្យគាត់មានការភិតភ័យយ៉ាងខ្លាំងស្ទើរសន្លប់ តែបានតាំងស្មារតី ប្រឹងបើកទ្វារដែកដែលរងកំដៅបណ្តាលឱ្យរលាកដៃទាំងសងខាង ។
តាមប្រភពដដែលបានបន្តថា គាត់បានទូរស័ព្ទប្រាប់កូនឲ្យប្រញាប់មកយករថយន្តចេញពីក្នុងផ្ទះ ក្រែងភ្លើងអាចឆាបឆេះមកដល់ ទោះជាក្នុងស្ថានភាពបែបនេះក្តី គាត់ប្រឹងបណ្តើរម៉ូតូចេញមកក្រៅផ្ទះ និងបានយកទៅទុកនៅកន្លែងមានសុវត្ថិភាព រីឯរថយន្តវិញមិនបានបើកចេញនោះទេ ដោយសារតែកំដៅក្តៅខ្លាំងពេក ។ ចំណែកសមាជិកក្រុមគ្រួសាររបស់គាត់បាននាំគ្នាបាញ់ទឹកស្រោចជញ្ជាំង និងដំបូលផ្ទះ ការពារកុំឲ្យភ្លើងឆាបឆេះ ព្រោះភ្លើងហាក់បីដូចជាឆេះលឿនផង ប៉ុន្តែដោយសាររថយន្តពន្លត់អគ្គីភ័យរបស់ស្នងការដ្ឋាននគរបាលខេត្តបានចេញមកជួយបាញ់ទឹកពន្លត់ផ្ទះកើតហេតុទាន់ពេលវេលា ទើបទ្រព្យសម្បតិ្តនៅក្នុងផ្ទះរបស់គាត់មិនមានរងការខូចខាតនោះទ្បើយ ។
លោកវរសេនីយ៏ឯក យ៉ន ឌីន នាយការិយាល័យបង្ការពន្លត់អគ្គីភ័យនៃស្នងការដ្ឋាននគរបាលខេត្ត
ប្រាប់ថា ក្រោមបញ្ជាររបស់ស្នងការនគរនរបាលខេត្ត រថយន្តចំនួន៤គ្រឿងបានចេញទៅអន្តរាគមន៏
បាញ់ទឹក ក្នុងនោះរថយន្តពន្លត់អគ្គីភ័យខេត្តចំនួន៣គ្រឿង និងអធិការដ្ឋានគរបាលស្រុកកំពង់សៀមចំនួន១គ្រឿង ហើយបានប្រើប្រាស់ទឹកសម្រាប់បាញ់ពន្លត់អស់ចំនួន១១រថយន្ត ចំណែកមូលហេតុនៃការឆាបឆេះផ្ទះបើកខារ៉ាអូខេខាងលើ គេមិនទាន់ដឹងនៅឡើយទេ ព្រោះកំពុងស្រាវជ្រាវ៕ (កែសម្រួលដោយ ៖ ធីតា)
ចែករំលែកព័តមាននេះ