កូនប្រុសស្រីណាតបគុណគ្រូដោយកិច្ចដប់យ៉ាង បុត្រធីតានោះនឹងបានជាទំពាំងស្នងឫស្សីដ៏ថ្លោងនៃ ។
កាលបើកូនអនុវត្តនូវកិច្ចការខាងក្រោមនេះឱ្យប្រាកដ បើទោះជាមិនបានគ្រប់ទាំងអស់ តែបានខ្លះក៏គួរ កូននឹងបានជាមនុស្សល្អជាក់ជាមិនខាន ។
១-ត្រូវសម្តែងការគោរពចំពោះលោកគ្រូ អ្នកគ្រូ ដោយសេចក្តីកោតក្រែង ។
២-បើមានឱកាសត្រូវប្រញាប់ចូលទៅទទួលបម្រើគ្រូក្នុងកិច្ចការដ៏សមគួរ ។
៣-ត្រូវស្តាប់គ្រូ និងបដិបត្តិតាមការណែនាំរបស់លោកគ្រូ អ្នកគ្រូដោយយកចិត្តទុកដាក់ ។
៤-តាំងចិត្តរៀនគ្រប់ចំណេះវិជ្ជាដែលគ្រូនាំមកបង្រៀន ។
៥-ត្រូវបដិបត្តិឱ្យមាននូវរបៀបវិន័យ តាមបទបញ្ជារបស់សាលា ត្រូវទុកវិន័យដូចជាគ្រឿងអលង្ការ ។
៦-ត្រូវជួយធ្វើការងាររបស់សាលាតាមការឆ្លាតឈ្លាសរបស់ខ្លួន និងមិនត្រូវខ្ជិលជាដាច់ខាត ។
៧ត្រូវជួយរក្សាទ្រព្យសម្បត្តរបស់សាលាឱ្យគង់វង្ស ។
៨-ត្រូវមានសេចក្តីស្រឡាញ់រាប់អានចំពោះសិស្សសាលាផងគ្នា ត្រូវធ្វើជាសិស្សគំរូល្អ ។
៩-មានឆន្ទៈពេញចិត្តក្នុងការសិក្សា ព្រោះការសិក្សាជាការស្វែងរកចំណេះដឹងមកដាក់ក្នុងខ្លួន ត្រូវព្យាយាមឱ្យបានសម្រេច មិនខ្ជិល មិនគិតតែពីលេងសប្បាយ ត្រូវយកចិត្តទុកដាក់ចំពោះកិច្ចការ និងត្រូវចេះពិចារណាក្នុងហេតុផលផ្សេងៗ ចេះសាកសួរដើម្បីឱ្យការចេះដឹបានត្រឹមត្រូវ ។
១០-ត្រូវចេះប្រយ័ត្នចំពោះចំណង់ ដែលចង់ក្នុងផ្លូវអាក្រក់ផ្សេងៗ ត្រូវរៀនឱ្យចេះអត់ធន់ ដើម្បីបានជាដៃគូក្នុងការសិក្សា ។
កូនត្រូវដឹងថា សេចក្តីអត់ធន់គឺជាវិជ្ជាដ៏សំខាន់ និងជាឫសគល់នៃចំណេះដឹងទាំងឡាយ ហើយត្រូវចាំទុកថាបុគ្គលល្ងង់ខ្លៅមានខ្លួនឯងជាសត្រូវណាកូន ។
ចែករំលែកព័តមាននេះ