រាជធានីភ្នំពេញ៖ ក្រសួងពាណិជ្ជកម្មនៃប្រទេសកម្ពុជាបានបញ្ជាក់ថា តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុមិនមានក្រុមហ៊ុនផលិតទំនិញដូចអាមេរិកចោទនោះទេ ។
ការលើកឡើងនេះធ្វើឡើងបន្ទាប់ពីមានសារព័ត៌មានអន្តរជាតិភ្នាក់សារព័ត៌មានរ៉យទ័រ និងវិទ្យុអាស៊ីសេរី បាន ស្រង់សំដីមន្ត្រីនាំពាក្យស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជាលោក អេរិន ឆ្វាតជេស ដោយបានអះអាងថានាយកដ្ឋានសន្តិសុខជាតិអាមេរិក បានត្រួតពិនិត្យរកឃើញនិងបានពិន័យទៅលើក្រុមហ៊ុនចិនមួយចំនួន មានបានទីតាំងក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ បានបំពានពន្ធគយរបស់អាមេរិក ដោយក្រុមហ៊ុនទាំងនោះបានបញ្ជូនទំនិញពីចិន មានដូចជាអាស៊ីអាមីណូ ម្ស៉ៅអាហារធ្វើពីគ្រាប់ធញ្ញជាតិនិងបំពង់ដែកថែម ទៅសហរដ្ឋអាមេរិក តាមរយៈប្រទេសកម្ពុជា ក្រោមស្លាក «ផលិតនៅកម្ពុជា» ឬហៅថា ‘Made in Cambodia’ ដើម្បីគេចពីការបង់ពន្ធ ឬបង់ពន្ធក្នុងកម្រិតលើកលែង
យោងតាមសេចក្តីប្រកាសព័ត៌មានចេញផ្សាយកាលពីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៩ របស់អ្នកាំពាក្យក្រសួងពាណិជ្ជកម្មលោក ស៊ាង ថៃ បានបញ្ជាក់ថា «បន្ទាប់ពីចាត់មន្ត្រីជំនាញចុះស្រាវជ្រាវរួចមក ក្រសួងពាណិជ្ជកម្ម សូមបញ្ជាក់ថាការលើកឡើងរបស់មន្ត្រីស្ថានទូតអាមេរិក ពុំមានមូលដ្ឋានច្បាស់លាស់ឡើយ ពោលគឺផ្ទុយពីការអនុវត្តជាក់ស្តែង ព្រោះថាក្នុងតំបន់សេដ្ឋកិច្ចក្រុងព្រះសីហនុ មិនមានក្រុមហ៊ុនផលិតម្ស៉ៅអាហារធ្វើពីគ្រាប់ធញ្ញជាតិ និងបំពង់ដែកថែបទេ។
ចំពោះផលិតផលអាស៊ីដអាមីណូ កន្លងទៅក្រុមហ៊ុន INFINITE MANUFACTURING ដែលបានទទួលច្បាប់អនុញ្ញាតឱ្យវិនិយោគត្រឹមត្រូវពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពូជា តាំងពីដើមខែកុម្ភៈ ឆ្នាំ២០១៥ បានធ្វើប្រតិបត្តិការផលិតនិងនាំចេញរហូតដល់ខែសីហា ឆ្នាំ២០១៧។ ប៉ុន្តែចាប់តាំងពីខែកញ្ញា ឆ្នាំ២០១៧មកដល់បច្ចុប្បន្ន ក្រុមហ៊ុនមួយនេះពុំដំណើរការផលិតកម្ម និងសកម្មភាពនាំចេញឡើយ»។
ប្រភពដដែលបានបញ្ជាក់ថា តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ គឺជាតំបន់សេដ្ឋកិច្ចនិងពាណិជ្ជកម្មពហុបំណងដែលប្រមូលផ្តុំទៅដោយសហគ្រាសចិន កម្ពុជា អាមេរិក ជប៉ុន បារាំង កូរ៉េខាងត្បូង អៀរឡង់ វៀតណាម និងថៃ ហើយមានផលិតនូវទំនិញចម្រុះដូចជា វាយនភណ្ឌ សម្លៀកបំពាក់ កាបូប និងផលិតផលស្បែកជើង និងឧបករណ៍ផ្សេងៗ។
ក្រសួងពាណិជ្ជកម្មលើកឡើងថា ការគ្រប់គ្រងតំបន់សេដ្ឋកិច្ចពិសេស ក្នុងព្រះរាជាណាចក្រកម្ពុជា ត្រូវបានអនុវត្តន៍តាមនីតិវិធីច្បាស់លាស់ពោល ផលិតកម្ម ត្រូវអនុលោមតាមវិធានប្រភពដើមទំនិញ រីឯការនាំចូលវត្ថុធាតុដើម និងការនាំចេញផលិតផលសម្រេច ត្រូវបានកត់ត្រាត្រឹមត្រូវ ព្រមទាំងមានតម្កល់លិខិតបទដ្ឋានគិតយុត្តិពាក់ព័ន្ធ។
ដើម្បីអាចប្រតិបត្តិការផលិតកម្មរបស់ខ្លួនបានក្រុមហ៊ុនត្រូវមាន អាជ្ញាប័ណ្ណវិនិយោគនិងបានចុះបញ្ជីត្រឹមត្រូវ, មានទីតាំងនិងមូលដ្ឋានផលិតកម្មច្បាស់លាស់ ដើម្បីបម្រើការផលិត កែច្នៃនិងនាំចេញ, ស្នើសុំបញ្ជីមេ ដែលមានរាយលម្អិតនូវប្រភេទវត្ថុធាតុដើមត្រូវនាំចូល ពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ចៀសវាងការនាំចូលផលិតផលសម្រេច, រាល់វត្ថុធាតុដើមដែលនាំចូលត្រូវបាផ្ទៀងផ្ទាត់មួយបញ្ជីមេ និងឆ្លងកាត់ការត្រួតពិនិត្យជាក់ស្តែងរបស់អាជ្ញាធរគយ និងរដ្ឋាករកម្ពុជា៕ (កែសម្រួលដោយ ៖ ធីតា)
ចែករំលែកព័តមាននេះ