ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កោះអណ្ដែត​ល្បី​ជាទី​ឋាន​ពូកែ​ស័ក្ដិសិទ្ធិ​រាប់រយ​ឆ្នាំ

4 ឆ្នាំ មុន
  • ភ្នំពេញ

ភ្នំពេញ ៖ កោះ​តូច​មួយ​ដែល​មានទឹក​ព័ទ្ធ​ជុំវិញ ប៉ុន្តែ​ទោះជា​ទឹក​ឡើង​ជន់​លិច​កន្លែង​ដទៃ​ទៀត នៅ​ជុំវិញ​នោះ​ក្ដី​ក៏​កោះ​មួយ​នេះ មិន​ដែល​លិច​ទឹក​ម្ដងណា​ឡើយ ។ ដូច្នេះ អ្នក​ភូមិ​នៅ​តំបន់​នោះ​នាំ​គ្នា​ហៅ​ថា «​កោះអណ្ដែត​»​រ…

ភ្នំពេញ ៖ កោះ​តូច​មួយ​ដែល​មានទឹក​ព័ទ្ធ​ជុំវិញ ប៉ុន្តែ​ទោះជា​ទឹក​ឡើង​ជន់​លិច​កន្លែង​ដទៃ​ទៀត នៅ​ជុំវិញ​នោះ​ក្ដី​ក៏​កោះ​មួយ​នេះ មិន​ដែល​លិច​ទឹក​ម្ដងណា​ឡើយ ។ ដូច្នេះ អ្នក​ភូមិ​នៅ​តំបន់​នោះ​នាំ​គ្នា​ហៅ​ថា «​កោះអណ្ដែត​»​រ ហូត​មក ។ មិនតែប៉ុណ្ណោះ​កោះ​មួយ​នេះ គឺជា​ទីឋាន​ដ៏​ពូកែ​ស័ក្ដិសិទ្ធិ​ខ្លាំង​ណាស់ អ្នក​ភូមិ​ទាំងឡាយ​តែង​គោរព​បូជា​នាំ​គ្នា​ទៅ​បន់ស្រន់​សុំ​ពរ​ជ័យ​សុំ​លាភសក្ការៈ​ក្នុង​ការ​រកស៊ី​ជួញដូរ​ផ្សេង​ៗ​ជាដើម ។

សម្រាប់​អ្នកមាន​ទំនាស់​រហូត​ឈាន​ដល់​ការ​ក្ដីក្ដាំ​គ្នា​ដោះស្រាយ​មិន​ចេញ ហើយ​ម្នាក់​ៗ​ដណ្ដើម​យក​តែ​ត្រូវ​រៀងខ្លួន​នោះ​តែងតែបាន​បបួល​គ្នា​ទៅ​ធ្វើ​ពិធី​ស្បថ​នៅ​លើ​កោះ​មួយ​នោះ ដើម្បី​រក​យុត្តិធម៌ និង​ភាព​ស្អាតស្អំ​សម្រាប់​ខ្លួន​ម្នាក់​ៗ​ថែម​ទៀត​ផង ព្រោះ​បាន​ចាត់​ទុក​ថា ជា​កន្លែង​ដ៏​ស័ក្ដិសិទ្ធិ​មួយ ។ កោះ​ណ្ដែ​ត​មាន​ទីតាំង​ស្ថិត​នៅ​ក្នុង​បរិវេណ​វត្ត​ភ្នៀ​ត​សម្ពលី ក្នុងភូមិ​អង្គរ​ជ័យ សង្កាត់​ស្នោរ ខណ្ឌ​ពោធិ៍​សែន​ជ័យ ជាយ​រាជធានី​ភ្នំពេញ ។ កាលពីដើម​ឡើយ​កោះ​នេះ​មានទឹក​ព័ទ្ធ​ជុំវិញ និង​មាន​ដើមឈើ​ផ្សេង​ៗ​ទៀត​ដុះ​នៅ​លើ​នោះ​យ៉ាង​ទ្រុប​ទ្រុល ។ ប៉ុន្តែ​រហូត​មក​ដល់​បច្ចុប្បន្ន ដោយ​មានការ​អភិវឌ្ឍន៍​លើ​គ្រប់​វិស័យ​នោះ​ដើមឈើ​ទាំងនោះ​ត្រូវ​បាន​កាប់​ចោល និង​សាងសង់​ជា​អាស្រម​ជំ​នួន​វិញ ហើយ​នៅ​ផ្នែក​ខាងកើត​នៃ​កោះ​ត្រូវ​បាន ចាក់​ដី​បំពេញ​នៅ​សល់​តែ​ផ្នែក​ខាងជើង និង​ខាងត្បូង​ជាប់​ព្រះ​វិហារ និង​ខាងលិច​ដែល​មានទឹក​ព្រមទាំង​មាន​ឈូក​ដុះ​យ៉ាង​ស្រស់​ស្អាត​ផង​ដែរ ។

លោកគ្រូ​អាចារ្យ​ឃុ​ត ឃី​ម ដែល​ជា​អាចារ​វត្ត​ភ្នៀ​ត​សម្ពលី​បាន​មាន​ប្រសាសន៍​ប្រាប់​កោះសន្តិភាព​ថា កោះអណ្ដែត​នោះ​ពិតជា​មាន​មហិទ្ធិឫទ្ធិ​ខ្លាំងពូកែ​ស័ក្ដិសិទ្ធិ​មែន ហើយ​កោះ​នេះ​មាន​អាយុកាល​រាប់រយ​ឆ្នាំ​មក​ហើយ​មនុស្ស​នៅ​តំបន់​នោះ​តែងតែមាន​ជំនឿ​លើ​វត្ត​នេះ ។ រូប​លោក​ផ្ទាល់ កាលពី​កុមារភាព​ធ្លាប់​បួស​ជា​សង្ឃ​នៅ​ក្នុង​វត្ត​ខាងលើ ហើយ​ក៏​ធ្លាប់​បាន​ស្ដាប់​ការ​និទានរឿង​ពី​កោះ​នេះ​ពី​សំណាក់​ព្រះ​គ្រូ​ចៅអធិការ​វត្ត​ក៏​ដូច​ជា ចាស់ព្រឹទ្ធាចារ្យ​ផង ។លោកគ្រូ​ក៏​ធ្លាប់​បានឃើញ​ពី​ទិដ្ឋភាព​នៃ​មនុស្ស​ម្នា​ទាំងឡាយ​គោរព​បូជា​កោះ​នោះ​ដោយ​ផ្ទាល់​ផង​ដែរ ។ ពុទ្ធបរិស័ទ​ចំណុះ​ជើងវត្ត​ខាងលើ​ទើប​ដឹង​ច្បាស់​ពី​អានុភាព​នៃ​កោះ​នេះ ហើយ​កាលពីដើម​មនុស្ស​មួយ​ចំនួន​តែង​បាន​យក​ទីនោះ​ធ្វើ​ជា​កន្លែង​រក​យុត្តិធម៌​តាម​រយៈ​ការ​ស្បថ​ពេល​មាន​ទំនាស់​ក្ដីក្ដាំ​គ្នា​ម្ដង​ៗ​ដែល​ដោះស្រាយ​មិន​ចេញ ។ លោកគ្រូ​អាចារ្យ​បាន​ថ្លែង​បន្ត​ទៀត​ថា កាលពី​អ​តី​កាល​ទីតាំង​វត្ត​ភ្នៀ​ត​សម្ពលី​នេះ​ជា​វាលទំនាប​ដែល​មាន​អូរ​ព័ទ្ធ​ជុំវិញ ហើយ​នៅ​រដូវវស្សា​ទឹក​ឡើង​ជន​លិច​ទីធ្លារ​ល្ហាចល្ហ ហើយ​នៅ​ខាងជើង​វត្តមាន​ផ្លូវលំ​ដែល​ជា​ផ្លូវ​ទំនាប​ដែរ​នោះ និង​មាន​ដើម​គគីរ​ជា​ច្រើន​ដើម​នៅ​អម​សងខាង ។

លុះ​ពេល​ទឹក​ជន់​មក​លិច​ដើម​គគីរ​ទាប​ៗ​ល្មម​ស្ទើ​ពាក់កណ្ដាល​ដើម​ទៅ​ហើយ​ក៏​កោះអណ្ដែត​នេះ​អត់​លិច​ឡើយ និយាយ​រួម​ទោះជា​ទឹក​ជន់​បែប​ណា​ក៏​មិន​ដែល​លិច​សោះ ហើយ​នៅ​តែ​រក្សា​ទ្រង់ទ្រាយ​ដើម​ដដែល​គ្មាន​ការ​ប្រែប្រួល​ឡើយ ។ ពិតជា​មាន​ភាព​អច្ឆរិយ​ខ្លាំង​ណាស់ ។ មិនតែប៉ុណ្ណោះ​នៅ​ក្រោម​កោះ​នោះ​មាន​រូង​ដ៏​ធំ​១ ដែល​មិនដឹង​ថា ជា​រូង​សត្វ​អ្វី​ពិតប្រាកដ​ទេ ប៉ុន្តែ​អ្នក​ភូមិ​បាន​សង្ស័យ​ថា ជា​រូង​សត្វ​ក្រពើ​អ្នកតា​ប្រចាំ​កោះ​នោះ ហើយ​ទោះបីជា​បែប​ណា​ពុំដែល​មាន​នរណា​ហ៊ាន​ចុះ​ទៅ​ក្នុង​ទឹក​ក្បែរ​កោះ​នេះ​ឡើយ ព្រោះតែ​ឮ​ត​ៗ​គ្នា​ថា មាន​សត្វ​ក្រពើ​អ្នកតា​នៅ​ក្នុង​រូង​នោះ​បែប​នេះ ។

លោកគ្រូ​ក៏​បាន​ប្រាប់​បន្ថែម​ទៀត​ថា នៅ​អំឡុង​ទសវត្សរ៍​ឆ្នាំ​១៩៦០ ជា​ពិសេស​ឆ្នាំ​១៩៦៧ កោះ​នេះ​បាន​ពេញ​និយម​យ៉ាង​ខ្លាំង​ក្នុង​ជំនឿ​អ​រូបិយ​សម្រាប់​អ្នក​នៅ​តំបន់​នោះ​ធ្វើ​ជាទី​សក្ការៈបូជា​បន់ស្រន់​សុំ​សេចក្ដីសុខ សេចក្ដីចម្រើន​សុំ​ឲ្យ​ជា​សះស្បើយ​ពី​ជំងឺ​ផ្សេង​ៗ ។ ជាង​នេះ​ទៀត​សម្រាប់​អ្នក​ដែល​មាន​ទំនាស់​រហូត​ឈាន​ដល់​ការ​ក្ដីក្ដាំ​គ្នា​ដោះស្រាយ​មិន​ចេញ ហើយដោយ​ភាព​ចង់​ចាញ់​ចង់​ឈ្នះ​គ្នា​ទៅ​វិញ​ទៅ​មក​នោះ​ក៏​បាន​សម្រេច​នាំ​គ្នា​ជិះទូក​ឆ្លង​ទៅ​កាន់​កោះអណ្ដែត​នេះ ដើម្បី​ធ្វើ​ពិធី​ស្បថ​ជាមួយ​គ្នា​ស្វែងរក​យុត្តិធម៌​រៀង​ៗ​ខ្លួន ។

លុះ​ក្រោយ​ស្បថ​រួច​អ្នក​ដែល​បំពាន​តែងតែ​ទទួល​រង​នូវ​ផលកម្ម​ដែល​ខ្លួន​បាន​ប្រព្រឹត្ត ទៅ​តាម​ពាក្យ​សម្ដី​ដែល​ខ្លួន​ស្បថ​ដាក់​ដូច​ជា ការ​ស្បថ​ដាក់​ជីវិត​ជាដើម ។ អ្នក​ស្បថ​បំពាន គឺ​បាន​ស្លាប់​ទាន់ហន់​តាម​មាត់​យ៉ាង​ស្ដែង​ៗ បំផុត ។ ចំណែក​ទូកង​របស់​វត្ត​ភ្នៀ​ត​សម្ពលី​នា​ជំនាន់​នោះ​ក៏​មាន​ភាព​ល្បីល្បាញ​ខ្លាំង​ណាស់ ដោយ​ប្រ​ណាំ​ឈ្នះ​គូប្រកួត​ជា​រៀង​រាល់​ឆ្នាំ ព្រោះ​មុន​ពេល​ចេញ​ទៅ​ប្រកួត​ម្ដង​ៗ​តែង​ធ្វើ​ពិធី​បន់ស្រន់​សុំ​ឲ្យ​បរ​មី​កោះ​ជា ពិសេស​ក្រពើ​នៅ​កោះ​នេះ​ជួយ​រុញច្រាន​ទូក​ឲ្យ​បាន​លឿន​ឈ្នះ​គូប្រកួត ។ គេ​ជឿជាក់​ថា សត្វ​ក្រពើ​អ្នកតា​នៅ កោះអណ្ដែត​នេះ​ប្រាកដជា​ហែល​ទៅ​តាម​ទ្រ​ទូក ដើម្បី​យកជ័យ​ជម្នះ​លើ​គូប្រកួត​ដែល​នេះ គឺជា​ជំនឿ​ដ៏​មុតមាំ មួយ​នា​សម័យ​កាលនោះ ។

លោកគ្រូ​អាចារ្យ​បាន​បញ្ជាក់​ថា បើ​តាម​លោក​ដឹង​ជំនឿ​នោះ​ទោះជា​នៅ​ក្នុង​របប​ប៉ុ​ល​ពត​ក៏​នៅ​តែ​មាន​អ្នក​ជឿ​និង​គោរព​ដែរ​នៅ​ពេល​អ្នក​ទាំងនោះ​មានទុក្ខ​ភ័យ​តែង​នាំ​គ្នា​ទៅ​លួច​ទៅ​បែរបន់​នៅ​លើ​កោះ​ជា​ដរាប ។ រហូត​ក្រោយ​ថ្ងៃ​រំដោះ​៧​មក​រា ឆ្នាំ​១៩៧៩ ឃើញ​ថា កោះ​នោះ​នៅ​មាន​ទ្រង់ទ្រាយ​ដើម​ទាំងអស់ គ្មាន​ការ​ប្រែប្រួល​ទេ បាន​ន័យ​ថា ក្នុង​សម័យ​ប៉ុ​ល​ពត​ក៏​មិន​មាន​នរណា​ហ៊ាន​ប៉ះពាល់​ឡើយ ។ ពេល​នោះ​អ្នក​ភូមិ​តំបន់​ខាងលើ​បាន​នាំ​គ្នា​គោរព​បូជា​ឡើង​វិញ​រហូត​មក​ដល់​អំឡុង​ឆ្នាំ​២០១២ ដោយសារ​តែ​ប្រទេស​ជាតិ​មានការ​អភិវឌ្ឍន៍​ទីនោះ​ត្រូវ​បាន​ចាក់​ដី​លុប​ផ្នែក​ខាងកើត​កោះ ចំណែកឯ​ទីធ្លារ​វត្ត​ក៏​ត្រូវ​បាន​ចាក់​ដី​បំពេញ​ជា​បន្តបន្ទាប់​ដែល​ទោះបីជា​ទឹក​ជន់​មក​ក៏​មិន​ធ្វើ​ឲ្យ​លិច​ខ្លាំង​ដូច​ជំនាន់​ដើម​ឡើយ ។

ចំណែក​ដើមឈើ​ព្រៃ​នៅ​លើ​កោះ​ក៏​ត្រូវ​បាន​កាប់​ចោល​ដោយ​អ្នកមាន​ជំនឿ​ថា មាន​សេចក្ដីសុខ​រកស៊ី​មានបាន​កាក់កប ព្រោះតែ​ការ​បន់ស្រន់​កោះ​នេះ បាន​នាំ​គ្នា​ក​ការ​សាង​អាស្រម​មួយ​នៅ​លើ​នោះ ហើយ​ក្រោយមក ទៀត​បាន​នាំ​យក​ព្រះ​ពុទ្ធរូប រូបសំណាក​ព្រះ​មុនី​ឥសី លោកតា​ដំបង​ដែក ព្រមទាំង​រូបសំណាក់​អ្នកតា​ផ្សេង​ៗ ទៀត​ទៅ​ដាក់​តម្កល់​ក្នុង​អាស្រម​នោះ​ផង​ដែរ ។ ថ្វី​ដ្បិតតែ​ស្ថាន​កោះ​មានការ​ប្រែប្រួល​បែប​នេះ​ក្ដី ប៉ុន្តែ​នៅ​តែ​ជា ទីកន្លែង​ដ៏​ស័​ក្ដ​សិទ្ធ​សម្រាប់​អ្នក​ជឿ ចំណែក​អ្នក​ដែល​មិន​ជឿ​ក៏​អត់​មាន​នរណា​ហ៊ាន​ប្រមាថ​ដែរ ។

សព្វ​ថ្ងៃនេះ​ភាគច្រើន​នៃ​អ្នក​ទៅ​បែរបន់​សុំ​ឲ្យ​បរ​មី​កោះអណ្ដែត​ជួយ​នោះ គឺ​អ្នក​រកស៊ី​លក់ដូរ ជា​ពិសេស​អ្នក​គួ​ក​ជេរ​ដី​ក្រុម​អ្នក​ពុះ​ដី​ឡូ​ត៌​លក់​ជាដើម ហើយ​ក្រោយ​ពេល​បន់​រួច​អ្នកខ្លះ​បាន​មាន​ជំនឿ​ថា បាន​រកស៊ី​កាក់កប​រក​មានបាន ព្រោះតែ​បរ​មី​កោះ​ជួយ ។ ជាក់ស្ដែង​អ្នក​រកស៊ី​ផ្នែក​លក់ និង​ទិញ​ដី​ម្នាក់​ដែល​មាន​ជំនឿ​ខ្លាំង​បំផុត​នោះ ក៏​បាន​ចំណាយ​ប្រាប់​រាប់​ម៉ឺន​ដុល្លារ​កសាង​ព្រះពុទ្ធ​រូបអង្គ​ធំ​១​ព្រះ​អង្គ​នៅ​ក្នុង​វត្ត​ដែល​មាន​កម្ពស់​រហូត​១២​ម៉ែត្រ​ទាំង​បល្ល័ង្ក ហើយ​ពេល​នេះ​សង់​ជិត​រួចរាល់​ជា​ស្ថាពរ​ហើយ ។

ចំណែក​ម្នាក់​ទៀត​កំពុង​រៀបចំ​កសាង​សង់​បញ្ចារ​មុខ​៤​នៅ​ក្នុង​វត្ត​ដែល​គ្រោង​ចំណាយ​ប្រាក់​ចំនួន​៣​ម៉ឺន​ដុល្លារ អា​មេ​រិ​ក ហើយ​ការ​ចំណាយ​ខាងលើ​ដោយ​អ្នក​រកស៊ី​ទាំង​២​នាក់​នេះ​បាន​ប្រាប់​លោកគ្រូ និង​ព្រះសង្ឃ​ក្នុង​វត្តថា ក៏​ព្រោះតែ​ពួក​គាត់​រកស៊ី​មានបាន​កាក់កប​ខ្លាំង ដោយសារ​ការ​បន់ស្រន់​សុំ​ឲ្យ​បរ​មី​កោះអណ្ដែត​នោះ​ជួយ និង​ឃើញ​ថា ពិតជា​ពូកែ​ស័ក្ដិសិទ្ធិ​ដូច​បំណង​មែន ។ ប្រភព​ដដែល​បាន​បន្ត​ទៀត​ថា បច្ចុប្បន្ន​នេះ​ផ្លូវលំ​ខាងជើង​កោះ​ដែល​ធ្លាប់តែ​ជា​ផ្លូវ​ដី​ធម្មតា ជា​ផ្លូវ​បុរាណ ត្រូវ លិច​ទឹក​មិន​អាច​ធ្វើ​ដំណើរ​កើត​នោះ​ត្រូវ​បាន​អភិវឌ្ឍន៍​ជា​បន្តបន្ទាប់​រហូត​ក្លាយ​ទៅ​ផ្លូវ​ចាក់​ក្រាល​បេតុង​ដ៏​រឹង​មាំ​ស្រប​តាម​ការ​អភិវឌ្ឍន៍​រីក​ចម្រើន​របស់​ប្រទេស​ជាតិ ។

ចំណែកឯ​អូរ និង​វាលទំនាប​នៅ​ខាងជើង​វត្ត​ដែល​ពោរពេញ​ទៅ​ដោយ​ព្រៃ​លិច​ទឹក​រាប់​សិប​ហិច​តា​ក៏​ត្រូវ​បាន​ចាក់​ដី​បំពេញ​អស់ហើយ ។ ដូច្នេះ​ពេល​ទឹក​ជន់​ឡើង​ខ្លាំង​មិន​អាច​មើល​ដឹង​ថា កោះ​នោះ​អណ្ដែត ឬ​មិន​អណ្ដែត​ទៀត​ឡើយ ប៉ុន្តែ​ភាព​អច្ឆរិយ​នៃ​ការ​មិន​ចេះ​លិច​ទឹក​នោះ​ត្រូវ​បាន​មើលឃើញ​រហូត​មក​ដល់​ឆ្នាំ​២០១២​ហើយ​រហូត​មក​ដល់​បច្ចុប្បន្ន​សម្រាប់​អ្នក​ធ្លាប់​ដឹង​នៅ​តែ​មាន​ជំនឿ និង​នាំ​គ្នា​ទៅ​បន់ស្រន់​រាល់ថ្ងៃ​ដែរ ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ