នៅពេលដែលលោកទូតថ្មីរបស់អាមេរិកអាចនឹងមកដល់កម្ពុជានៅខែកក្កដាខាងមុខនេះ ។ សំណួរនឹងចោទ សួរឡើងថា តើលោកនឹងធ្វើអោយទំនាក់ទំនងកម្ពុជានិងអាមេរិកកាន់តែល្អក់កករ ឬក៏អាចធ្វើអោយទំនាក់ ទំនងនេះល្អឡើងវិញ?
លោកផាទ្រិក ម៉ឺហ្វី ( W Patrick Murphy) ដែលធ្លាប់ធ្វើកិច្ចការការទូតនៅប្រទេសថៃ និងភូមាអាច នឹងត្រូវព្រឹទ្ធសភាអាមេរិកបោះឆ្នោត សម្រេចនៅរយៈពេលប៉ុន្មានសប្តាហ៍ខាងមុខនេះ ដើម្បីអោយចាប់ ផ្តើមការងារក្នុងនាមជាឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅកម្ពុជា ។
លោកទាក់ទាញការចាប់អារម្មណ៍ ដោយសារតែរូបលោកបានទទួលការតែងតាំងជាឯកអគ្គរដ្ឋទូតអាមេរិកនៅកម្ពុជា នៅចំគ្រាមួយដែលស្ថានភាពទំនាក់ទំនងរវាងប្រទេសកម្ពុជា និងអាមេរិក ហាក់ដូចជាដើរថយ ក្រោយជាជាងការធ្វើដំណើរទៅមុខ ។ ម្យ៉ាងទៀត រូបលោកជាអ្នកជំនាញការទូត ដែលល្បីមួយរូប ដែល មានជំនាញការទូត ជាពិសេសទាក់ទងនឹងតំបន់អាស៊ីប៉ាស៊ីហ្វិក ។
ដំណឹងអំពីរូបលោកកាន់តែគួរអោយចាប់អារម្មណ៍ថែមទៀត នៅពេលដែលពេលវេលានៃការចាប់ផ្តើម ការងាររបស់លោកនៅកម្ពុជា គឺជូនគ្នានឹងគំរោងរបស់លោកសម រង្ស៊ី និងមេដឹកនាំនយោបាយប្រឆាំងគ្រោងនឹងវិលត្រឡប់មកកាន់ប្រទេសកម្ពុជាវិញ នៅក្នុងពីរបីខែខាងមុខនេះ ។
សម្រាប់អ្នកនយោបាយប្រឆាំង គេអាចនឹងរំពឹងថា វត្តមានរបស់លោកឯកអគ្គរដ្ឋទូតថ្មីនឹងអាចជួយដល់ យុទ្ធនាការរបស់ពួកគេប្រឆាំងនឹងរដ្ឋាភិបាលកម្ពុជា ។
រដ្ឋាភិបាលកម្ពុជាវិញនឹងរង់ចាំមើលថា តើលោកទូតអាមេរិកថ្មីនឹងធ្វើនយោបាយការទូតបែបណាជាមួយកម្ពុជា ។ តើគាត់មានចេតនានឹងធ្វើអោយទំនាក់ទំនងរវាងរដ្ឋាភិបាលកម្ពុជានិងអាមេរិក មានភាពប្រសើរ ឡើងវិញ ឬក៏តើលោកនឹងអាចធ្វើអោយទំនាក់ទំនងរវាងប្រទេសទាំងពីរកាន់តែអាក្រក់ជាងបច្ចុប្បន្ន។
មន្ត្រីម្នាក់បាននិយាយថា ជាទូទៅក្នុងនាមជាឯកអគ្គរដ្ឋទូត គេត្រូវមានតួនាទីនៅក្នុងការបំពេញភារកិច្ច មួយ ដើម្បីពង្រឹងទំនាក់ទំនងរវាងប្រទេស និងប្រទេស ។ យើងនឹងចាំមើលថា តើលោកម៉ឺហ្វីនឹងបំពេញ ការងារការទូតរបស់គាត់របៀបណាជាមួយកម្ពុជា ។
អ្វីដែលច្បាស់លាស់នោះ លោកមឺហ្វី នឹងប្រកាន់យកនយោបាយកាទូតមួយដែលបម្រើអោយផល ប្រយោជន៍របស់អាមេរិកជាធំ ។ ដោយពិនិត្យមើលជ្រុងជ្រោយនេះ គេពិបាកនឹងមើលឃើញថា លោក
ទូតអាមេរិកអាចនឹងធ្វើអោយទំនាក់ទំនងកម្ពុជានិងអាមេរិកល្អជាងមុន ខណៈដែលអាមេរិកកំពុង តែប្រឹងប្រែងទប់ទល់នឹងឥទ្ធិពលរបស់ចិន ។
ប្រវត្តិនយោបាយការទូតរបស់លោកនៅប្រទេសថៃ និងនៅប្រទេសភូមា អាចជាតម្រុយមួយទៀតដែលបង្ហាញថា ភាពតឹងតែងជាជាងធូរស្រាល នៅក្នុងទំនាក់ទំនងរវាងកម្ពុជានិងអាមេរិក នៅពេលដែលលោក មកបំពេញការងារនៅក្នុងប្រទេសកម្ពុជា។
ដោយសារតែការវិវត្តនយោបាយចុងក្រោយ ចាប់តាំងពីអំឡុងពេលនៃការបោះឆ្នោត កាលពីឆ្នាំ២០១៨ អាមេរិកបានរិះគន់ថា កម្ពុជាមានដំណើរថយក្រោយផ្នែកប្រជាធិបតេយ្យ។ ប៉ុន្តែកម្ពុជាវិញ នៅតែនិយាយថា កម្ពុជានៅតែធ្វើដំណើរលើផ្លូវប្រជាធិបតេយ្យ ដែលខ្លួនបានជ្រើសរើសយកចាប់តាំងពីការបោះឆ្នោតកាលពីឆ្នាំ១៩៩៣ ដែលរៀបចំដោយអង្គការសហប្រជាជាតិ។
ជាមួយនឹងការវាយតម្លៃនៃការដើរថយក្រោយនៃលទ្ធិប្រជាធិបតេយ្យនៃកម្ពុជានោះ អាមេរិក ក៏បានចាត់ វិធានការមួយចំនួន ដែលធ្វើអោយខាតប្រយោជន៍កម្ពុជា ដូចជាការកាត់បន្ថយជំនួយនិងការគំរាមលុបចោលសិទ្ធិអនុគ្រោះពន្ធការនាំចេញទំនិញកម្ពុជាទៅទីផ្សារអាមេរិកជាដើម ។
គោលដៅរបស់អាមេរិក គឺធ្វើយ៉ាងណា ដើម្បីបញ្ចៀសផលប៉ះពាល់ជាអវិជ្ជមាននៃទំនាក់ទំនងល្អរវាងកម្ពុជា និងចិនដល់ផលប្រយោជន៍របស់អាមេរិកនៅក្នុងតំបន់ ។
ចំណែកកម្ពុជាវិញ បានមើលឃើញពីភាពចាំបាច់ខ្លាំងនៃទំនាក់ទំនងនយោបាយ និងសេដ្ឋកិច្ចជាមួយប្រទេសចិន។ ទំនាក់ទំនងដ៏ល្អនេះ ត្រូវគេរំពឹងថា នឹងមិនអាចរង្គោះរង្គើបានឡើយ ហើយនឹងអាចកាន់តែរឹងមាំ ដោយសារតែការតាំងចិត្តនៃមេដឹកនាំរបស់ប្រទេសទាំងពីរ ដែលកាន់តែអោយតម្លៃសំខាន់ទៅលើទំនាក់ទំនងនេះ។
អាមេរិកមានការមិនសប្បាយចិត្តនឹងភាពជិតស្និទ្ធិខ្លាំងរវាងកម្ពុជានិងចិន ហើយពេលខ្លះក៏ប៉ះសម្តីជាមួយចិន ដោយសារតែរឿងរ៉ាវនៅកម្ពុជា ។
ប៉ុន្តែទំនាក់ទំនងដ៏អាក្រក់ណាមួយ រវាងប្រទេសអាមេរិកនិងប្រទេសកម្ពុជា នឹងមិននាំដល់ផលល្អដល់ប្រទេសទាំងពីរឡើយ ។ បើសិនជាអាមេរិកនិងប្រទេសប្រទេសផ្សេងទៀត កាន់តែឃ្លាតឆ្ងាយពីកម្ពុជា វានឹងកាន់តែរុញអោយកម្ពុជាគិតថា ចិនកាន់តែមានសារសំខាន់ក្នុងនាមជាមិត្តល្អ។
នៅពេលដែលលោកមឺហ្វី ត្រូវធ្វើការងារដើម្បីបម្រើដល់ផលប្រយោជន៍អាមេរិកនោះ លោកប្រឈមនឹង ជម្រើសនយោបាយការទូតពីរ គឺត្រូវធ្វើអោយមានការប្រែប្រួលជាវិជ្ជមាននៃទំនាក់ទំនងជាមួយកម្ពុជាតាមរយៈការធ្វើការសហការជាមួយរដ្ឋាភិបាលកម្ពុជា បច្ចុប្បន្នឬក៏ដកថយកាន់តែឆ្ងាយពីរដ្ឋាភិបាលបច្ចុប្បន្នដោយព្យាយាមផ្លាស់ប្តូរនយោបាយនៅកម្ពុជាតាមរូបភាពផ្សេង។
ជម្រើសទីពីរនឹងមានន័យថា អាមេរិកនឹងលូកដៃកាន់តែជ្រៅនៅក្នុងនយោបាយកម្ពុជា ហើយវាជាផ្លួវមួយដ៏ស្មុគ្រស្មាញ និងមានផលវិបាកដែលនឹងពិបាករំពឹងទុកដល់ទំនាក់ទំនងរវាងប្រទេសទាំងពីរ ៕
ចែករំលែកព័តមាននេះ