រាជធានីភ្នំពេញ ៖ នៅក្នុងសប្ដាហ៍ទី៣ នៃខែមិថុនា នេះតម្លៃប្រេងឥន្ធនៈលក់រាយ នៅតាមស្ថានីយ៍នានាក្នុងប្រទេសកម្ពុជា បានធ្លាក់ចុះគួរអោយកត់សម្គាល់ ដែលធ្វើអោយពលរដ្ឋកាន់តែមានភាពងាយស្រួលក្នុងការប្រកបអាជីវកម្មនានាជាពិសេសអាជីវកម្មផ្នែកដឹកជញ្ជូន ។
យោងទៅតាមរបាយការណ៍និងសេចក្តីប្រកាសរបស់ក្រសួងពាណិជ្ជកម្មកម្ពុជានៅដើមសប្ដាហ៍នេះឃើញថាតម្លៃប្រេងឥន្ធនៈ បានធ្លាក់ចុះមកនៅមួយកម្រិតទាបជាងសប្ដាហ៍មុន ជាក់ស្ដែងតម្លៃប្រេងសាំងធម្មតា នៅក្នុងសប្ដាហ៍នេះ មានតម្លៃត្រឹមតែ៣៥០០រៀលប៉ុណ្ណោះក្នុងមួយលីត្រ ខណៈប្រេងម៉ាស៊ូតកំណត់តម្លៃត្រឹម៣៤០០រៀលក្នុងមួយលីត្រ ។ នៅក្នុងសេចក្តីជូនដំនឹងរបស់ក្រសួងពាណិជ្ជកម្មកម្ពុជា បានកណត់ឱ្យម្ចាស់ស្ថានីយ៍នានាទូទាំងប្រទេសត្រូវលក់ទៅតាមសេចក្តីជូនដំណឹងនេះ ចាប់បីថ្ងៃទី១៦ ខែមិថុនាដល់ថ្ងៃទី៣០ខែមិថុនាឆ្នាំ ២០១៩ ពោលគឺមានរយៈ២សប្ដាហ៍ ។ បន្ទាប់ពីថ្ងៃនោះទៅ ក្រសួងនឹងធ្វើការកំណត់តម្លៃជាថ្មីដោយយោងទៅតាមការប្រែប្រួលតម្លៃប្រេងឥន្ធនៈនៅលើទីផ្សារពិភពលោក ជាពិសេសទីផ្សារប្រេងនៅប្រទេសដែលកម្ពុជានាំចូលមក ។ ហើយការកំណត់តម្លៃនេះ បានធ្វើឡើងដោយមានក្រសួងបីចូលរួម រួមមានក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងពាណិជ្ជកម្ម និងក្រសួងរ៉ែ និងថាមពល ។
បើតាម លោកស៊ាង ថៃ មន្ត្រីអ្នកនាំពាក្យក្រសួងពាណិជ្ជកម្មកម្ពុជា បានលើកឡើងកន្លងមកថាការកំណត់តម្លៃប្រេងឥន្ធនៈនៅក្នុងប្រទេសកម្ពុជា គឺធ្វើឡើងដោយមានរូបមន្តសម្រាប់គណនា ដោយយោងទៅលើការប្រែប្រួលទីផ្សារនៅក្នុងតំបន់ និងការប្រែប្រួលនៃរូបិយប័ណ្ណដុល្លារធៀបនឹងប្រាក់រៀល ពីព្រោះការទិញប្រេងពីក្រៅប្រទេស គឺត្រូវប្រាក់ដុល្លារទៅទិញ មិនមែនយកប្រាក់រៀលទៅទិញនោះទេ ។
មន្ត្រីនាំពាក្យដដែលរូបនេះ បានអោយដឹងថា សម្រាប់ការកំណត់តម្លៃប្រេងឥន្ធនៈនៅកម្ពុជា គឺកំណត់តែប្រេងសាំងធម្មតា និងប្រេងម៉ាស៊ូតប៉ុណ្ណោះ ព្រោះទាំងពីរប្រភេទនេះគឺមានប្រជាពលរដ្ឋកម្ពុជាប្រើប្រាស់ច្រើន ដោយឡែកក្រសួងក៏ទុកលទ្ធភាពឱ្យម្ចាស់ស្ថានីយ៍អាចលក់ប្រេងសាំងស៊ុបពែរទៅតាមទីផ្សារប្រកួតប្រជែងរបស់ខ្លួនបាន ពោលគឺចង់ឡើងឬចង់ចុះ តាមចិត្តរបស់ពួកគេបាន ។
សូមរំលឹកថា បច្ចុប្បន្ននេះ កម្ពុជាបាននាំចូលប្រេងឥន្ធនៈពីប្រទេសជាច្រើននៅលើពិភពលោកដើម្បីបំពេញតម្រូវការទីផ្សារ ដូចជាពីប្រទេស វៀតណាម ប្រទេសថៃ ប្រទេសសឹង្ហបុរី ប្រទេសម៉ាឡេស៊ី ប្រទេស អារ៉ាប់ ញូវហ្ស៊ើឡែន សហរដ្ឋអាមេរិក ចិន ប្រទេសកូរ៉េ ប្រទេសអាឡឺម៉ង់ ហុងកុង ហ្វីលីពីន ជប៉ុន អូស្ត្រាលី អេ ស្ប៉ាញ អ៊ីតាលី អ៊ុយក្រែន ឥណ្ឌា ហូឡង់ តួគី ប៉ូឡូញ ចក្រភពអង់គ្លេស កាណាដា ប្រទេសអារ៉ាប៊ីសាអូឌីត និងប្រទេសប៊ែលហ្ស៊ិក ។ ហើយក្នុងមួយឆ្នាំ កម្ពុជានាំចូលប្រេងឥន្ធនៈប្រមាណ២លានតោន គិតជាទឹកប្រាក់ប្រមាណជាង១ពាន់លានដុល្លារអាមេរិក ។
គួរបញ្ជាក់ថា កាលពីសប្ដាហ៍មុននេះ តម្លៃប្រេងឥន្ធនៈលក់រាយនៅតាមស្ថានីយនានាក្នុងស្រុក ដែលកំនត់ដោយអន្តរក្រសួងទាំងបី រួមមានតម្លៃប្រេងសាំងធម្មតាត្រូវលក់ ៣៧៥០រៀលក្នុងមួយលីត្រ និងតម្លៃ ៣៦៥០រៀលក្នុងមួយលីត្រសម្រាប់ប្រេងម៉ាស៊ូត ៕ កែសម្រួលដោយ ៖ សុឃាក់
ចែករំលែកព័តមាននេះ