ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រឿងព្រេង​និទាន​ពី​ប្រាសាទ​បាណ​ន់​ទាក់​ទិន​​នាង​រំសាយសក់

4 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ៖ ប្រាសាទ​បាណ​ន់ ស្ថិត​នៅ​លើ​កំពូលភ្នំ​បាណ​ន់ ក្នុងស្រុក​បាណ​ន់ ខេត្តបាត់ដំបង មាន​ចម្ងាយ​ប្រមាណ​ជាង​២០​គីឡូម៉ែត្រ​ពី​ក្រុង​បាត់ដំបង ប្រប​តាម​មាត់​ស្ទឹង​សង្កែ​ឡើង​ទៅ​ប៉ែក​ខាងលើ​ដែល​ជា​តំបន់​ដីចម្ការ​ក្រូច និង​ផលដំណាំ ផ្សេង​ៗ​ជា​ច្រើន…

ខេត្តបាត់ដំបង ៖ ប្រាសាទ​បាណ​ន់ ស្ថិត​នៅ​លើ​កំពូលភ្នំ​បាណ​ន់ ក្នុងស្រុក​បាណ​ន់ ខេត្តបាត់ដំបង មាន​ចម្ងាយ​ប្រមាណ​ជាង​២០​គីឡូម៉ែត្រ​ពី​ក្រុង​បាត់ដំបង ប្រប​តាម​មាត់​ស្ទឹង​សង្កែ​ឡើង​ទៅ​ប៉ែក​ខាងលើ​ដែល​ជា​តំបន់​ដីចម្ការ​ក្រូច និង​ផលដំណាំ ផ្សេង​ៗ​ជា​ច្រើន ។

តាម​ឯកសារ​របស់​មន្ទីរ​ទេសចរណ៍ ខេត្តបាត់ដំបង ឈ្មោះ​«​បាណ​ន់​»​នេះ​មិនដឹង​ថា​បាន​ហៅ​តាំងពី​ពេល​ណា​មក​ទេ តែ​ឈ្មោះ​នេះ​មាន​ប្រវត្តិ​និទាន​ក្នុង​សៀវភៅ​«​ប្រជុំរឿងព្រេង​ខ្មែរ​»​រៀបរៀង​ចងក្រង​ឡើង​ដោយ​លោកស្រី អ៊ុ​ច សុខ កាល​នៅ​ជា​លេខាធិការ​នៃ​ពុទ្ធ​សាសន​បណ្ឌិត្យ ឯកសារ​ក្រុម​ជុំនំ​ទំនៀមទម្លាប់​លេខ​២៥៤១​។ រឿង​«​បាណ​ន់​»​នេះ​មាន​ខ្លឹមសារ​ទាំងស្រុង​ដូច​តទៅ ៖​តាម ចាស់​ៗ តំណាល​មក​ថា​កាល​ពីព្រេងនាយ​មាន​សេដ្ឋី​ម្នាក់​មានកូន​ស្រី​ឈ្មោះ​នាង​រំសាយសក់ នាង​នោះ​ចេះ​តែ​ឈឺ​ដោយ​ជំងឺ​រាំងរដូវ​ជា​ច្រើន​ឆ្នាំ ហើយ​ក្រោយមក​មាន​តាបស​ម្នាក់​ឈ្មោះ​តា​គ្រាម​បាន​ទទួល​មើលជំងឺ​នាង​នោះ​លុះត្រាតែ​ជា ។

លុះ​កាល​បើជា​សះស្បើយ​ហើយ មហាសេដ្ឋី​ជា​ឪពុក​បាន​ផ្សំផ្គុំ​នាង​ឲ្យ​ទៅ​ជា​ភរិយា​រស់នៅ​ក្នុង​រូងភ្នំ​មួយ​ហៅ​ថា​ព្រះ​ទឹក ឬ​រូប​ទឹក (​តាម​សំដី​អ្នកស្រុក​)​។ រូងភ្នំ​នេះ​នៅ​ខាងជើង​ភ្នំ​បាណ​ន់​សព្វថ្ងៃ តែ​កាលនោះ​ភ្នំ​បាណ​ន់​នេះ​គេ​ហៅ​ថា ភ្នំ​ប្រាសាទ ។

ចំណេរ​ក្រោយមក​មាន​រាជបុត្រ​ស្ដេច​១​អង្គ​ព្រះ​នាម​ចៅ​រាជ​កុ​ល​បាន​ទៅ​សុំ​រៀន​មន្ត​វិជ្ជាការ ផ្សេង​ៗ​ពី​តា​គ្រាម ។ តា​គ្រាម​សុខចិត្ត​បង្ហាត់បង្រៀន​ព្រះរាជបុត្រ​នោះ​លុះត្រា​ចេះ ប៉ុន្តែ​ហាម​ព្រះរាជបុត្រ​មិន​ឲ្យ​មើល​ប្រពន្ធ​គាត់​ជា​ដាច់ខាត​ដោយ​គាត់​ខ្លាច​ចៅ​រាជ​កុ​ល ស្រឡាញ់​ប្រពន្ធ​គាត់​ព្រោះ​នាង​រំសាយសក់​មាន​រូបឆោម​លោម​ពណ៌​ល្អ​ណាស់ ។

ជា​យូរ​ខែ​កន្លង​មក ពេល​មួយ​ជួន​ជា​តាបស​មិន​នៅ ចៅ​រាជ​កុ​ល​បាន​ទៅ​លួច​មើល​ប្រពន្ធ​តា​គ្រាម ឃើញ​រូប​នាង​ល្អឆើត​ក៏​កើត​សេចក្ដី​ប្រតិព័ទ្ធ ហើយ​លួច​សាកសួរ​ចិត្ត​នាង រីឯ​នាង​រំសាយសក់​វិញ​ក៏​ស្រលាញ់​ចៅ​រាជ​កុ​ល​ដែរ​។ ថ្ងៃមួយ​តាបស​ចូល​ក្នុង​ព្រៃ​ដើម្បី​រក​វត្ថុ​ផ្សេង​ៗ បាន​ឱកាសល្អ​អ្នក​ទាំង​ពីរ ក៏​នាំ​គ្នា​ជិះ​សំពៅ​រត់​ចោល​តាបស​ទៅ ។

កាលដែល​តាបស​ត្រលប់​មក​វិញ​ពុំ​ឃើញ​អ្នក​ទាំង​ពីរ គាត់​បានដឹង​ថា​ចៅ​រាជ​កុ​ល និង​នាង​រំសាយសក់​ពង្រត់​គ្នា ។ ភ្លាម​ៗ​នោះ​គាត់​តាម​ទៅ​ដល់​មាត់សមុទ្រ ឃើញ​សំពៅ​របស់​អ្នក​ទាំង​ពីរ បាន​ចាកចេញ​ដល់​កណ្ដាល​មហាសាគរ​ទៅ​ហើយ​។ តាបស​ខឹង​ណាស់​ក៏​សេព​មន្ត​គាថា​ហៅ​ខ្យល់ ហៅ​ព្យុះ​ដើម្បី​ពន្លិច​សំពៅ​នៅ​កណ្ដាល​សាគរ ។ ប៉ុន្តែ​ដោយ​នាង​រំសាយសក់​ចេះ​មន្ត​វិជ្ជា​ដែរ នាង​បាន​ឲ្យ​ខ្យល់​បក់​ផាត់​ខ្យល់​កំណាច​នោះ​ផុត​ទៅ ។ តាបស​ឈឺចិត្ត​ក៏​ដួល​ស្លាប់​នៅ​ឆ្នេរសមុទ្រ​នោះ​បាត់​ទៅ ។ អ្នក​ទាំង​ពីរ​ឃើញ​ហេតុ​ដូច្នេះ​ក៏​ត្រលប់​សំពៅ​មក​កាន់​រូងភ្នំ​ព្រះ​ទឹក​វិញ ហើយ​រួមរស់​យ៉ាង​សុខសាន្ត ។

រយៈ​កន្លង​មក ចៅ​រាជ​កុ​ល​នឹក​ចង់ទៅ​លេង​ស្រុក​កំណើត​ជា​ពន់ពេក ដោយ​សុំ​នាង​រំសាយសក់ ហើយ​សន្យា​ថា​នឹង​ត្រលប់​មក​វិញ​មិន​ខាន ។ ប៉ុន្តែ​ដល់​វេលា​ដែល​ចៅ​រាជ​កុ​ល​ត្រលប់​មក​រក​នាង​រំសាយសក់ នាង​ដែល​ជា​ប្រពន្ធដើម​ខឹង​ណាស់ ក៏​ប្រើ​ក្រពើ​របស់​នាង​ឈ្មោះ​អា​ធន់​ឲ្យ​ទៅ​រារាំង​ផ្លូវ​កុំ​ឲ្យ​ប្ដី​របស់​នាង​ទៅ​រក​នាង​ប្រពន្ធចុង​បាន​។

ឯ​នាង​រំសាយសក់​លុះ​ក្រឡេក​ឃើញ​សំពៅ​ប្ដី​រៀប​លិច​ក៏​បន់​ទៅ​ដល់​ទេវតា​ថែរក្សា​ប្រាសាទភ្នំ​ថា «​សូម​ឲ្យ​តែ​ជួយ​ប្ដី​ខ្ញុំ​ឲ្យ​រួច​ផុត​ពី​គ្រោះថ្នាក់​នេះ​ផង​ចុះ​ខ្ញុំ​នឹង​ថ្វាយ​ភ្នំ​» ។ ដោយ​អំណាច​នៃ​ការ​បន់ស្រន់​នេះ នាង​និង​ប្ដី​ក៏​បាន​សុខ​សប្បាយ ហើយ​ថ្វាយ​ភ្នំ​នេះ​លាបំណន់ ។ តាំងពី​នាង​បន់​នោះ​មក​គេ​ហៅ​ភ្នំ​ប្រាសាទ​នេះ​ថា ភ្នំ​បំណន់ តែ​សព្វថ្ងៃ​គេ​ហៅ​ថា​ភ្នំ​បាណ​ន់ ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ