អ្នកប្រដាល់ស្រី4រូបហក់លោតចុះឡើងធ្លាក់មកទើរលើអាជីពចុងក្រោយ
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ គ្មានអ្មកណាមិនដឹងនោះទេថា កីឡាការិនី៤រូបគឺ វី ស្រីខួច នូវ ស្រីពៅ អេ យ៉ានុត…
រាជធានីភ្នំពេញ ៖ គ្មានអ្មកណាមិនដឹងនោះទេថា កីឡាការិនី៤រូបគឺ វី ស្រីខួច នូវ ស្រីពៅ អេ យ៉ានុត…
រាជធានីភ្នំពេញ ៖ គ្មានអ្មកណាមិនដឹងនោះទេថា កីឡាការិនី៤រូបគឺ វី ស្រីខួច នូវ ស្រីពៅ អេ យ៉ានុត និងសម ថារ័ត្ន សុទ្ធតែមានកេរ្តិ៍ឈ្មោះល្បីល្បាញនៅក្នុងពិភពកីឡា ដោយកីឡាការិនី៣រូបផ្ដើមអាជីពពីកីឡាប្រដាល់នារី ហើយកីឡាការិនីមួយរូបផ្ដើមចេញពីអាជីពកីឡាល្បុក្កតោ ដែលប្រើកម្លាំងខ្លាំងក្នុងការហ្វឹកហាត់ ។ យ៉ាងណាមិញនៅក្នុងពេលនេះ គេកត់សម្គាល់ថា អ្នកទាំង៤ កំពុងទើរ នៅក្នុងសង្វៀនតែមួយ បន្ទាប់ពីអាជីពដែលពួកនាងធ្លាប់ប្រឡូក លែងមានទីផ្សារ។
កញ្ញា វី ស្រីខួច គឺជាអតីតម្ចាស់ពានជើងឯកផ្នែកប្រដាល់នារីតែម្ដង ដោយក្នុងពេលវិស័យប្រដាល់កំពុងរីកលូតលាស់ខ្លាំង នាងត្រូវបានគេប្រដូចទៅនឹងខ្លាញីដែលស្ទើរតែគ្មានកីឡាការិនីណាម្នាក់ប្រកួតឈ្នះនោះឡើយ ។ ក្នុងជំនាន់ដែលនាងឡើងកូដ កីឡាការិនីនូវ ស្រីពៅ សុឹង តុ និងអេ យ៉ានុត ជាដើម មិនមែនជាដៃគូនោះទេ ដោយសារតែឡើងប្រកួតលើកណាក៏ចាញ់បាក់មុខ ហើយកីឡាការិនីនៅក្នុងពេលនោះប្រមាណជិត២០រូប ដែលឡើងប្រកួតជាមួយនាងវិលចុះវិលឡើង គឺពិបាកទប់ជាប់។
នាងកាន់តែល្បីក្រោយពេលទៅប្រកួតនៅក្នុងប្រទេសបារាំង ហើយឈ្នះកីឡាការិនីបារាំង ដោយត្រឡប់មកវិញព្រមជាមួយនឹងមោទនភាពខ្ពស់ ។ ប៉ុន្តែភាពល្បីរបស់នាងចាប់ផ្ដើមចុះខ្សោយ បន្ទាប់ពីកីឡាការិនីបន្តលាឈប់ និងគ្មានអ្នកថ្មី ហើយសង្វៀនប្រដាល់នារីក៏ត្រូវបិទទ្វារ ។ នាងត្រូវធ្លាក់ខ្លួនទៅធ្វើការរោងចក្រនិងបន្តដំណើរក្នុងអាជីពប្រដាល់សាកល និង ចំបាប់មួយរយៈ ប៉ុន្តែក្រោយពេលអាជីពទាំងពីរមិនទទួលបានការចាប់អារម្មណ៍ក៏លាឈប់វិញ ។
នាងត្រូវគេឃើញលេចមុខជាថ្មី ក្នុងអាជីពប្រដាល់ដាក់ទ្រុង បន្ទាប់ពីមានការលើកស្ទួយពីអ្នករៀបចំកម្មវិធីអោយនាងបានប្រកួត១ខែម្ដង ឬ៣ខែម្ដងយ៉ាងតិច នៅក្នុងព្រឹត្តិការណ៍ប្រដាល់ដាក់ទ្រុង ដែលរៀបចំឡើងនៅថៃ និងនៅប្រទេសផ្សេងៗជាដើម ។ នៅក្នុងពេលនេះ វី ស្រីខួច បានក្លាយជាកីឡាការិនីប្រដាល់ដាក់ទ្រុងមានទីផ្សារម្នាក់ ស្របពេលដែលនាងក៏សកម្មក្នុងការហ្វឹកហាត់ ហើយត្រូវគេផ្គូផ្គងអោយឡើងរេញ មិនសូវបាត់មុខយូរ។
អេ យ៉ានុត កូនស្រីលោក អេ ភូថង ក៏ត្រូវគេស្គាល់ថា គឺជាអតីតកីឡាការិនីប្រដាល់នារីតាំងពីនៅក្មេងវ័យ នៅក្នុងបរិបទដែលប្រដាល់នារីលេចធ្លោសំបូរទីផ្សារផងដែរ ។ បើទោះជានាងនៅក្នុងពេលនោះ ក្មេងវ័យជាងគេ ហើយប្រកួតមិនសូវមានប្រៀប ប៉ុន្តែកេរ្តិ៍ឈ្មោះរបស់នាងក៏លេចធ្លោខ្លាំង ។ យ៉ាងណាមិញក្នុងពេលអាជីពប្រដាល់នារីបះជើង នាងក៏រត់ទៅជ្រកក្នុងអាជីពល្បុក្កតោមួយរយៈ និងប្រដាល់សាកលនារី ប៉ុន្តែនៅទីបំផុត នាងនៅតែហក់មកកាន់ទីផ្សារផ្នែកប្រដាល់ដាក់ទ្រុងដូចគ្នានឹង វី ស្រីខួចដែរ ដោយទីផ្សារចេញវ៉ៃក្រៅប្រទេសរបស់នាងក៏មានច្រើនដែរ។
សម ថារ័ត្ន នាងល្បីបើកឆាកក្នុងអាជីពល្បុក្កតោ ប៉ុន្តែក្នុងពេលបន្តបន្ទាប់នាងក៏ប្រឡូកក្នុងអាជីពប្រដាល់នារី បន្តមកប្រឡូកក្នុងអាជីពថតកុន ហើយចុងក្រោយ គឺបានប្រឡូកអាជីពជាអ្នកប្រដាល់ដាក់ទ្រុងដូចគ្នា ។ ក្នុងចំណោមកីឡាការិនីដែលចេញពីប្រភពប្រដាល់ដូចគ្នា សម ថារ័ត្ន ត្រូវគេកត់សម្គាល់ថាមានទីផ្សារខ្លាំងជាងមិត្តរួមជំនាន់ផ្សេងសម្រាប់អាជីពប្រដាល់ដាក់ទ្រុង ដោយសារតែនាងមានកាយសម្បទាមាំមួន និងមានគ្រឹះក្បាច់គុនខាងផ្នែកបោកចំបាប់ និង ល្បុក្កតោខ្លាំងក្លាជាងគេ។
នូវ ស្រីពៅ កីឡាការិនីដែលផ្ដើមអាជីពពីអ្នកប្រដាល់នារីរូបនេះ ក៏មកទើរនឹងអាជីពជាអ្នកប្រដាល់ដាក់ទ្រុងក្នុងពេលមិត្តរួមជំនាន់ប្រដាល់នារីរបស់នាងផ្សេងលាឈប់អស់ភាគច្រើន ។
ដ្បិតថានៅក្នុងអាជីពប្រដាល់នារី នាងមិនសូវលេចធ្លោនៅក្នុងពេលនោះ ប៉ុន្តែអាជីពជាអ្នកប្រដាល់ដាក់ទ្រុងរបស់នាង មានទីផ្សារមិនណយនោះទេ ជាពិសេសគឺការចេញប្រកួតនៅថៃ ដោយសារតែនាងវ័យក្មេង ប៉ុន្តែសមត្ថភាពក្នុងការចាប់ក្លេ និងបោកចំបាប់ គឺល្អ គ្រប់ពេលតម្រូវឱ្យប្រកួតជាមួយកីឡាការិនីបរទេស ៕ (កែសម្រួលដោយ ៖ បុប្ផា)
ចែករំលែកព័តមាននេះ