ខេត្តព្រៃវែង ៖ ទីតាំងប្រមូលផ្តុំសត្វជ្រូកមួយកន្លែងត្រូវបានកម្លាំងមន្ត្រីជំនាញពេទ្យសត្វខេត្តព្រៃវែងសហការជាមួយកម្លាំងជំនាញនាយកដ្ឋានផលិតកម្មសត្វ និងសុខភាពសត្វ ឆ្មក់ចូលបង្ក្រាប និងចាប់បានសត្វជ្រូករស់ដែលនាំចូលពីប្រទេសវៀតណាមចំនួន៣៤ក្បាល ។សកម្មភាពឆ្មក់ចូលបង្ក្រាបទីតាំងខាងលើនេះបានធ្វើឡើងនៅយប់ថ្ងៃទី១៩ ឈានចូលព្រឹកថ្ងៃទី២០ មិថុនានេះ នៅចំណុចទីតាំងដីភូមិមួយកន្លែងដែលម្ចាស់ទុកចោល ក្នុងភូមិព្រៃឈរ ឃុំព្រៃឈរ ស្រុកកំពង់ត្របែក ខេត្តព្រៃវែង ។
លោក ចិន វិសាល ប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្តព្រៃវែងបានអោយដឹងថា មុនឈានដល់ការឆ្មក់ចូលបង្ក្រាបទីតាំងខាងលើនេះ គឺមន្ត្រីជំនាញបានចាប់រថយន្តដឹកជ្រូកមួយគ្រឿងដែលដឹកជ្រូករស់ចំនួន៩ក្បាល នាំចូលពីវៀតណាមកាត់ទឹកដីខេត្តស្វាយរៀង ហើយក្រោយពេលត្រូវចាប់ក្រុមឈ្មួញបានតវ៉ាថា ចាប់តែជ្រូករបស់ខ្លួន ចំណែកឈ្មួញផ្សេងទៀតរកស៊ីដូចគ្នាដែរនៅព្រៃឈរ កំពង់ត្របែក ម៉េចក៏មិនចាប់ ។ តាមរយៈព័ត៌មាននេះទើបកម្លាំងជំនាញពេទ្យសត្វខេត្ត និងនាយកដ្ឋានសហការគ្នាតាមស្រាវជ្រាវរហូតឈានដល់ការឆ្មក់ចូលបង្ក្រាបនៅពេលនេះតែម្តង ។
លោក ចិន វិសាល បានបញ្ជាក់ទៀតថា សត្វជ្រូករស់ទាំង៣៤ក្បាល ដែលបង្ក្រាបបាននេះជារបស់ឈ្មួញឈ្មោះ វ៉ា ពៅ ដែលគេបានជួលម៉ូតូដឹកពីប្រទេសវៀតណាមចូលតាមច្រករបៀងក្រាំងលាវ ស្ថិតក្នុងឃុំស្វាយធំ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង ។ ចំណែកវិធីសាស្ត្ររបស់គេ គឺដឹកមកប្រមូលផ្តុំនៅទីតាំងខាងលើ រួចដឹកឡានយកទៅវាយប៉ាស្ព័រនៅខេត្តស្វាយរៀង ក្លាយទៅជាជ្រូកក្នុងស្រុកទើបដឹកត្រឡប់មកខេត្តព្រៃវែងវិញ ហើយនាំបន្តទៅលក់នៅទីក្រុងភ្នំពេញតែម្តង ។
លោក ហ៊ុន សារ៉ាត់ អនុប្រធាននាយកដ្ឋានផលិតកម្មសត្វ និងសុខភាពសត្វបានមានប្រសាសន៍ថា បន្ទាប់ពីបង្ក្រាបទីតាំងស្តុបជ្រូកខាងលើសត្វជ្រូករស់ទាំង៣៤ក្បាលត្រូវបានដឹកយកទៅទុកនៅរាជធានីភ្នំពេញ ដើម្បីធ្វើការបូមឈាមពិនិត្យមើលរោគសញ្ញាថា តើវាកើតជម្ងឺប៉េស្តជ្រូកអាហ្វ្រិចដែរឬទេ ហើយនឹងចាត់វិធានការបន្តទៅតាមផ្លូវច្បាប់ ៕ កែសម្រួលដោយ ៖ សុឃាក់
ចែករំលែកព័តមាននេះ