បុគ្គលមិនមែនបានឈ្មោះថា សមណៈ ព្រោះតែកោរសក់ ស្លៀកដណ្តប់នូវស្បង់ចីវរប៉ុណ្ណោះទេ អ្នកដែលឥតវត្តប្រតិបត្តិ និយាយពាក្យឡេះឡោះ មិនត្រូវតាមធម៌វិន័យ ជាអ្នកសម្បូណ៌ដោយសេចក្ដីប្រាថ្នា លោភលន់ចង់បានលាភសក្ការៈ ធ្ងន់ដោយកិលេសនឹងឈ្មោះថា សមណៈដូចម្ដេចបាន ។
ឈ្មោះថាសមណៈព្រោះលោកមិនបានធ្វើជីវិតសត្វឲ្យវិនាស មិនបៀតបៀនដោយដំបងឲ្យគេដល់នូវសេចក្ដីលំបាកទាំងផ្លូវកាយ និងចិត្ត លោកបានសម្លាប់កិលេសចោលអស់ហើយគឺមិនធ្ងន់ដោយកិលេសឡើយ និងជាអ្នកប្រព្រឹត្តស្ងប់រម្ងាប់ចាកសេចក្ដីបៀតបៀនដូចមានពុទ្ធភាសិតថា អ្នកដែលរម្ងាប់នូវបាបទាំងឡាយឲ្យស្ងប់ទៅបានទើបតថាគតហៅថា សមណៈ ដោយហេតុដែលគេជាអ្នកស្ងប់រម្ងាប់នោះឯង។ ការដែលរម្ងាប់នូវកិលេសឱ្យអស់ពីខន្ធសន្តាននេះឯងជាលក្ខណៈសម្គាល់របស់សមណៈ ។
ចំណែកឯជនដែលជាអ្នករម្ងាប់នូវបាបទាំងតូចទាំងធំបានដោយសព្វគ្រប់ ទើបតថាគតហៅថា សមណៈ ព្រោះតែគេរម្ងាប់នូវបាបទាំងឡាយនោះអស់ហើយ ។
ចែករំលែកព័តមាននេះ