ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​ទូទាត់​ពាណិជ្ជកម្ម​ឆ្លងកាត់​ព្រំដែន​តាម​រយៈ QR Code រវាង​កម្ពុជា​និង​ថៃ​នឹង​ចាប់ផ្តើម​នៅ​ចុងឆ្នាំ​នេះ

4 ឆ្នាំ មុន
  • ភ្នំពេញ

​រាជធានី​ភ្នំពេញ​៖ ការ​ទូទាត់​ពាណិជ្ជកម្ម​ឆ្លងកាត់​ព្រំដែន​តាម​រយៈ QR Code​រវាង​កម្ពុជា​និង​ថៃ បើ​មិន​មានការ​កែប្រែ​ឬ​ផ្លាស់​ប្តូរ​អ្វី​នោះ​ទេ នឹង​ចាប់ផ្តើម​នៅ​ចុងឆ្នាំ​២០១៩​នេះ ខណៈ​ដែល​ភាគី​ខាង​កម្ពុជា​មាន​ធនាគារ​ទំនាក់ទំនង​ចំនួន​៣​សម្រាប់​ធ្វើ​ប្រតិបត្តិការ​ទូទាត់​ឆ្លងកាត់​ព្រំដែន​នេះ​។ ​ថ្លែង​ក្នុង​ពិធី​ផ្សព្វផ្សាយ​គម្រោង «​ការ​ទូទាត់​តាម​រយៈ QR…

​រាជធានី​ភ្នំពេញ​៖ ការ​ទូទាត់​ពាណិជ្ជកម្ម​ឆ្លងកាត់​ព្រំដែន​តាម​រយៈ QR Code​រវាង​កម្ពុជា​និង​ថៃ បើ​មិន​មានការ​កែប្រែ​ឬ​ផ្លាស់​ប្តូរ​អ្វី​នោះ​ទេ នឹង​ចាប់ផ្តើម​នៅ​ចុងឆ្នាំ​២០១៩​នេះ ខណៈ​ដែល​ភាគី​ខាង​កម្ពុជា​មាន​ធនាគារ​ទំនាក់ទំនង​ចំនួន​៣​សម្រាប់​ធ្វើ​ប្រតិបត្តិការ​ទូទាត់​ឆ្លងកាត់​ព្រំដែន​នេះ​។ ​ថ្លែង​ក្នុង​ពិធី​ផ្សព្វផ្សាយ​គម្រោង «​ការ​ទូទាត់​តាម​រយៈ QR Code រវាង​ព្រះរាជាណាចក្រ​កម្ពុជា និង​ព្រះរាជាណាចក្រ​ថៃ​» កាលពី​ថ្ងៃ​ទី ១៧ មិថុនា​កន្លង​ទៅ​នេះ លោកស្រី ជា សិរី អគ្គនាយក​បច្ចេកទេស​ធនាគារជាតិ​នៃ​កម្ពុជា​មាន​ប្រសាសន៍​ថា «​ការ​ទូទាត់​តាម​រយៈ QR Code រវាង​កម្ពុជា​នឹង​ប្រទេស​ថៃ យើង​សង្ឃឹមថា​អាច​នឹង​ចាប់ផ្តើម​នៅ​ចុងឆ្នាំ​នេះ​អាច​ទៅ​បាន ព្រោះ​ការងារ​សំខាន់​ធំ​ៗ​យើង​បាន​ធ្វើការ​សម្រេច​រួច​អស់ហើយ​»​។ ​លោកស្រី​បាន​បញ្ជាក់​ថា «​អ្វី​ដែល​យើង​ធ្វើការ​ជំរុញ​ថ្ងៃនេះ គឺ​ការ​ទូទាត់​តាម​ប្រព័ន្ធធនាគារ​។

យើង​ប្រើ​ប្រព័ន្ធ QR Code​នេះ យើង​មិន​កាន់​លុយ​ទេ យើង​ធ្វើការ​ទូទាត់​មែន​តែ​ធ្វើ​ឡើង​តាម​រយៈ​ធនាគារ​និង​ធនាគារ​ប៉ុណ្ណោះ »​។ លោកស្រី​លើក​ឡើង​ថា កាលពី​ខែកុម្ភៈ​ឆ្នាំ​២០១៩​កន្លង​ទៅ​នេះ ធនាគារជាតិ​នៃ​កម្ពុជា​និង​ធនាគារកណ្តាល​ថៃ បាន​ចុះហត្ថលេខា​លើ​អនុស្សរណៈ​យោគយល់​ស្តី​ពី​«​កិច្ច​សហប្រតិបត្តិការ​ក្នុង​ផ្នែក​ន​វា​នុ​វត្ត​ភាព​ហិរញ្ញវត្ថុ​និង​ប្រព័ន្ធ​ទូទាត់​នៅ​រាជធានី​ភ្នំពេញ ដែល​អនុស្សរណៈ​យោគយល់​នេះ​ធ្វើ​ឡើង​ក្នុង​គោលបំណង ពង្រឹង​កិច្ច​សហប្រតិបត្តិការ​លើ​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ និង​សេវា​ទូទាត់ ដើម្បី​ជំរុញ​ប្រសិទ្ធភាព​និង​សុវត្ថិភាព​ប្រតិបត្តិការ​ទូទាត់​ឆ្លង​ដែន និង​លើកកម្ពស់​ការ​ប្រើប្រាស់​រូ​បិ​វត្ថុ​ជាតិ​។

​លោកស្រី​សង្កត់ធ្ងន់​ថា ធនាគារជាតិ​នៃ​កម្ពុជា និង​ធនាគារកណ្តាល​ថៃ បាន​និង​កំពុង​សិក្សា​លើ​គម្រោង​សហការ​លើកកម្ពស់​ការ​ប្រើប្រាស់​រូបិយ​វត្ថុ​ជាតិ និង​ពង្រឹង​ប្រតិបត្តិការ​ទូទាត់​ជា​អេ​ឡិច​ត្រូ​និក ឆ្លង​ព្រំដែន រវាង​ប្រទេស​ទាំង​ពីរ ដោយ​ប្រើ QR Code សម្រាប់​ទូទាត់​។​ការ​ទូទាត់​ដោយ​ប្រើ QR Code មាន​អត្ថប្រយោជន៍​ក្នុង​ការ​លើកកម្ពស់​បរិ​យា​ប័ន្ន ហិរញ្ញវត្ថុ និង​សម្រួល​ប្រតិបត្តិការ​ទូទាត់​ដោយសារ​បាន​ជួយ​កាត់​បន្ថយ​ចំណាយ​ប្រតិបត្តិការ​និង​ពង្រឹង​សុវត្ថិភាព​ក្នុង​ការ​ទូទាត់ ។​ម្យ៉ាងទៀត​ការ​ប្រើ QR Code នេះ​នឹង​អនុញ្ញាត​ឱ្យ​ប្រជាជន​កម្ពុជា​ដែល​មាន​គណនី​ជា​ប្រាក់​រៀល អាច​ធ្វើការ​ទូទាត់​ប្រាក់​ចេញពី​គណនី​ប្រាក់​រៀល​របស់​ខ្លួន​សម្រាប់​ចំណាយ​ទិញ​ទំនិញ​ឬ​ទូទាត់​ចំណាយ​នានា​ដូច​ជា​សេវា​ព្យាបាល​សុខភាព​ជាដើម ប្រកបដោយ​ភាព​ងាយស្រួល និង​មាន​សុវត្ថិភាព និង​ចំណាយ​តិច​បំផុត​បើ​ប្រៀបធៀប​និង​ការ​ប្តូរ​ប្រាក់ និង​ការ​កាន់​សាច់ប្រាក់​ទៅ​ទូទាត់​។

​លើស​ពី​នេះ អតិថិជន​ពុំ​ចាំបាច់​ខ្វល់ខ្វាយ​ពី​ការ​ប្តូរ​ប្រាក់​ដែល​ពេល​ខ្លះ​អាច​ទទួល​រង​នូវ​ការ​ខាតបង់​គម្លាត​អត្រា​ប្តូរ​ប្រាក់​ពេល​ធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេស​ថៃ នោះ​ទេ ។ ម្យ៉ាងទៀត​អតិថិជន​កម្ពុជា អាច​ធ្វើការ​ចំណាយ​ដោយ​មិន​ចាំបាច់​បារម្ភ​ពី​ការ​បាត់បង់ និង​ខ្វះខាត​ប្រាក់​បាត​ថៃ​នៅ​ពេល​ដែល​គណនី​ប្រាក់​រៀល​នៅ​កម្ពុជា​។

តាម​លោកស្រី​អគ្គនាយក បច្ចុប្បន្ន ប្រព័ន្ធ​ទូទាត់​នៅ​ប្រទេស​កម្ពុជា ជា​ពិសេស​ការ​ទូទាត់​ជា​អេ​ឡិច​ត្រូ​និក​មានការ​រីក​ចម្រើន​គួរ​ឱ្យ​កត់សម្គាល់​និង​បាន​រួមចំណែក​យ៉ាង​សំខាន់ក្នុង​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​។ ការ​ប្រកួតប្រជែង​ក្នុង​ប្រព័ន្ធ​ធនាគារ និង​ការ​រីក​ចម្រើន​នៃ​បច្ចេកវិទ្យា បាន​ជំរុញ​និង​ផ្តល់​ឱកាស​ឱ្យ​គ្រឹះស្ថាន​ធនាគារ​ដាក់​ឱ្យ​ប្រើប្រាស់​សេវា​និង​ឧបករណ៍​ទូទាត់​ថ្មី​ជា​ច្រើន ដើម្បី​ឆ្លើយ​តប​ទៅ​ការ​ផ្លាស់​ប្តូរ យ៉ាង​ឆាប់រហ័ស​ក្នុង​វិស័យ​ធនាគារ​និង​កំណើន​នៃ​ការ​ធ្វើ​ពាណិជ្ជកម្ម អេ​ឡិច​ត្រូ​និក ។

ស្រប​ពេល​ដែល​ពិភពលោក កំពុង​តែ​វិ​វត្ត​ទៅ​រក​យុគ្គសម័យ​ឧស្សាហកម្ម​៤.០​ការ​ជំរុញ​ការ​ទូទាត់​ជា​អេ​ឡិច​ត្រូ​និក​តាម​រយៈ QR Code មាន​អត្ថប្រយោជន៍​ណាស់ សម្រាប់​ការ​លើកកម្ពស់​ការ​ទូទាត់​ក្នុង​ទីផ្សារ​ហើយ​បាន​រួមចំណែក​យ៉ាង​សំខាន់ ក្នុង​ការ​ជំរុញ​បរិ​យា​ប័ន្ន​ហិរញ្ញវត្ថុ និង​សម្រួល​ប្រតិបត្តិការ​ទូទាត់​យ៉ាង​រលូន​៕ កែសម្រួលដោយ ៖ សុឃាក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ