រាជធានីភ្នំពេញ ៖ សហព័ន្ធកីឡាប្រដាល់គុនខ្មែរ បានសម្រេចបញ្ឈរជើងចៅក្រមប្រដាល់ចំនួន៣រូបមានរយៈ៦សប្ដាហ៍បន្ទាប់ពីរកឃើញថា ពួកគេមានកំហុសបច្ចេកទេសក្នុងការផ្ដល់ពិន្ទុការប្រកួតរវាងកីឡាករឃីម បូរ៉ា មកពីក្លិបរស្មីភូមិគាបខេត្តបន្ទាយមានជ័យនិងកីឡាករថៃទួន ប៉េ នៅលើសង្វៀនទូរទស្សន៍
ស៊ីអិនស៊ី កាលពីថ្ងៃទី១៥ មិថុនា ក្នុងព្រឹត្តិការណ៍ប្រដាល់ដណ្ដើមប្រាក់លាន។
គួររំលឹកថា ចៅក្រម៥រូបដែលទទួលបន្ទុកកាត់ក្ដីនៅក្នុងការប្រកួតនោះមានលោក ឡុង សាលវ័ន្ត លោក រាម កុសល លោក ម៉ង់ ស៊ីថន លោក ម៉ាត់ សារ៉ន និងលោក ទេស សារិន ខណៈអាជ្ញាកណ្ដាលគឺលោក អុិន ខេមរិន្ទ។
ជាលទ្ធផលចៅក្រមទាំង៣រូបបានដាក់ពិន្ទុឱ្យកីឡាករថៃឈ្នះ ឯចៅក្រម២រូបទៀតះគឺលោក ទេស សារិន និងលោក ម៉ាត់ សារ៉ន បានដាក់ពិន្ទុឱ្យកីឡាករខ្មែរឈ្នះ។
លោក មាស សុខគ្រី មន្ត្រីស្នងការប្រកួតប្រចាំសង្វៀនស៊ីអិនស៊ីបានមានប្រសាសន៍ថា ពួកគេទាំង៣នាក់ពិតជាត្រូវសហព័ន្ធកីឡាប្រដាល់គុនខ្មែរដាក់ពិន័យចំនួន៦សប្ដាហ៍មែន ។ លោកក៏យល់ឃើញថា ពួកគេពិតជាផ្ដល់ពិន្ទុមិនត្រឹមត្រូវមែន ប៉ុន្តែលោកគិតថាគ្រាន់តែជាការព្រមានលើកទី១ប៉ុណ្ណោះវាគ្មានអ្វីធ្ងន់ធ្ងរទេ ព្រោះវាជាច្បាប់របស់សហព័ន្ធកីឡាប្រដាល់គុនខ្មែរដែលបានចែងទុកជាយូរមកហើយ ។ លោកបញ្ជាក់បន្ថែមថា កំុថាឡើយអ្នកដែលមានកំហុសសូម្បីតែអ្នកប្ដឹងគេបើសិនជារកឃើញថា គ្មានការពិតវិញនោះក៏ត្រូវទទួលកំហុសដូចគ្នា ព្រោះវាជាបទល្មើសដែលនាំឱ្យខូចដល់កិត្តិយសរបស់គេ។
លោក មាស វណ្ណឌី មន្ត្រីគណៈកម្មការតុនិងលោក រ័ត្ន សត្ថា មន្ត្រីគណៈកម្មការវិនិច្ឆ័យ បានមានប្រសាសន៍ស្រដៀងគ្នាថា ការដាក់ពិន័យរបស់សហព័ន្ធកីឡាប្រដាល់គុនខ្មែរទៅលើមន្ត្រីចៅក្រមទាំង៣រូបខាងលើបែបនេះពិតជាត្រឹមត្រូវបំផុត ។ ច្បាប់របស់សហព័ន្ធមុននឹងធ្វើអ្វីមួយគឺមានការត្រួតពិនិត្យល្អិតល្អន់ណាស់រហូតដល់ថ្នាក់មានការចាក់ស្លាយរូបភាពសាចុះឡើងមើលពីសកម្មភាពប្រកួតដើម្បីពិនិត្យឱ្យឃើញជាក់ស្ដែងទាំងអស់គ្នា។
លោកឧត្តមសេនីយ៍ឯក តែម ម៉ឺន ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរធ្លាប់បានព្រមានធ្ងន់ៗរួចមកហើយថា មន្ត្រីចៅក្រមណាដែលផ្ដល់ពិន្ទុមិនត្រឹមត្រូវ ឈ្នះឱ្យទៅជាចាញ់ ចាញ់ឱ្យទៅជាឈ្នះត្រូវតែទទួលពិន័យជាដាច់ខាត មិនអាចលើកលែងបានឡើយ ព្រោះវាគឺជាច្បាប់ ធ្វើអ្វីត្រូវតែគោរពច្បាប់ ។
ម្យ៉ាងវិញទៀតការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ឆ្នាំ២០២៣កាន់តែខិតចូលមកដល់ហើយ សហព័ន្ធត្រូវការធនធានកីឡាករ កីឡាការិនី និងមន្ត្រីប្រកបដោយសមត្ថភាពពិតប្រាកដចូលរួមប្រកួតដណ្ដើមយកមេដាយ៕ (កែសម្រួលដោយ ៖ បុប្ផា)
ចែករំលែកព័តមាននេះ