ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​កំពុង​តែ​តម្រង់​ទិស​ធនធានមនុស្ស​ដើរ​ឲ្យ​ទាន់​យុគសម័យ​ឌី​ជី​ថ​ល និង​បដិវត្តន៍​ឧស្សាហកម្ម​ទី​៤

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ កម្ពុជា​កំពុង​តែ​តម្រង់​ទិស​របស់​ខ្លួន ដើម្បី​ធ្វើ​យ៉ាងណា​ឲ្យ​សម្រប​ស​ម្រួ​ប​ទៅ​តាម​ចរន្ត​នៃ​យុគសម័យ​ឌី​ជី​ថ​ល និង​បដិវត្តន៍​ឧស្សាហកម្ម​ទី​៤ ដែល​ត្រូវការ​បណ្ដុះបណ្ដាល​ធនធានមនុស្ស​អោយ​បាន​កាន់តែ​ច្រើន​លើ​វិស័យ​នេះ ។ នេះ​បើ​តាម​សម្តេច​តេ​ជោ ហ៊ុន សែន​នាយក​រដ្ឋមន្ត្រី…

រាជធានី​ភ្នំពេញ ៖ កម្ពុជា​កំពុង​តែ​តម្រង់​ទិស​របស់​ខ្លួន ដើម្បី​ធ្វើ​យ៉ាងណា​ឲ្យ​សម្រប​ស​ម្រួ​ប​ទៅ​តាម​ចរន្ត​នៃ​យុគសម័យ​ឌី​ជី​ថ​ល និង​បដិវត្តន៍​ឧស្សាហកម្ម​ទី​៤ ដែល​ត្រូវការ​បណ្ដុះបណ្ដាល​ធនធានមនុស្ស​អោយ​បាន​កាន់តែ​ច្រើន​លើ​វិស័យ​នេះ ។ នេះ​បើ​តាម​សម្តេច​តេ​ជោ ហ៊ុន សែន​នាយក​រដ្ឋមន្ត្រី ក្នុង​ឱកាស​ទទួល​ជួប​ពិភាក្សា​ការងារ​បន្ត​ជាមួយ​លោក Wang Gang អនុប្រធាន​សភា​ប្រឹក្សា​ប្រជាជន​ចិន និង​ជា​អតីតរដ្ឋមន្ត្រី​ក្រសួង​វិទ្យាសាស្ត្រ និង​បច្ចេកវិទ្យា​ចិន នា​ព្រឹក​ថ្ងៃ​ទី​១៩ ខែមិថុនា នៅ​វិមាន​សន្តិភាព ។

នៅ​ក្នុង​ជំនួប​ទី​២​នេះ​លោក Wang Gang បាន​សម្តែង​នូវ​ក្តី​រីករាយ​យ៉ាង​ខ្លាំង​ដែល​មានឱកាស​បាន​ជួប​សម្ដេច​តេ​ជោ​ជា​លើក​ទី​២ នៅ​កម្ពុជា​ផ្ទាល់​តែ​ម្តង​ដែល​ជំនួប​លើក​ទី​១ គឺ​នៅ​ក្នុង​ដំណើរ​ទស្សនកិច្ច​របស់​សម្ដេច​តេ​ជោ​ទៅ​កាន់​ប្រទេស​ចិន កាលពី​ខែមករា កន្លង​មក ។ លោក Wang Gang បាន​គោរព​ជម្រាប​ជូន​សម្ដេច​តេ​ជោ​ថា នេះ​ជា​លើក​ទី​១​ហើយ​ដែល​លោក​បាន​មក​កាន់​ប្រទេស​កម្ពុជា ។ លោក​ពេញចិត្ត និង​រីករាយ​យ៉ាង​ខ្លាំង​ដែល​បានឃើញ​កម្ពុជា​មានការ​រីក​ចម្រើន​ជាមួយ​ស្ថិរភាព​នយោបាយ និង​កំណើនសេដ្ឋកិច្ច​រឹង​មាំ​ល្អ​នៅ​ក្រោម​ការ​ដឹកនាំ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន ។

ដំណើរ​ទស្សនកិច្ច​របស់​លោក​មក​កាន់​ប្រទេស​កម្ពុជា​នៅ​ពេល​នេះ គឺ​មាន​គោលបំណង​សំខាន់​២​គឺ ទី​១ គឺ​ដើម្បី​ចូល​ជួប​សំដែង​ការ​គួរសម ជូន​ចំពោះ​សម្ដេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី និង​ទី​២ គឺ ដើម្បី​ពង្រឹង​នូវ​កិច្ច​សហប្រតិបត្តិការ​រវាង​ប្រទេស​ទាំង​ពីរ ជា​ពិសេស​លើ​វិស័យ​វិទ្យាសាស្ត្រ និង​បច្ចេកវិទ្យា ។ លោក Wang Gang បាន​បញ្ជាក់​ប្រាប់​សម្តេច​តេ​ជោ​ថា សម្តេច គឺជា​ថ្នាក់ដឹកនាំ​ដែល​ទទួល​បានការ​គោរព​ស្រឡាញ់​យ៉ាង​ជ្រាលជ្រៅ​បំផុត អំពី​រដ្ឋាភិបាល និង​ប្រជាជន​ចិន ។

កម្ពុជា គឺជា​បងប្អូន និង​ជា​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ​របស់​ប្រទេស​ចិន ។ មិត្ត​ចិន​បាន​អរគុណ​ដល់​កម្ពុជា​ដែល​បាន​ជួយ​ផ្សា​ភ្ជាប់​នូវ​ទំនាក់ទំនង​ដ៏​ល្អ​រវាង​ចិន និង​សហគមន៍​អាស៊ាន​ផង​ដែរ ហើយនឹង​ការ​ជួយ​ជ្រោមជ្រែង​ដល់​ដំណោះស្រាយ​ដោយ​សន្តិភាព លើ​បញ្ហា​សមុទ្រ​ចិន​ខាងត្បូង ។ សម្ដេច​តេ​ជោ ហ៊ុន សែន បាន​អរគុណ​ចំពោះ​ការ​លើក​ឡើង​របស់​លោក Wang Gang ហើយ​ក៏​មាន​ប្រសាសន៍​ថា កិច្ច​សហប្រតិបត្តិការ​លើ​វិស័យ​វិទ្យាសាស្ត្រ និង​បច្ចេកវិទ្យា គឺ​ចាំបាច់​ត្រូវការ​ធនធានមនុស្ស ការ​ស្រាវជ្រាវ និង​ជំរុញ​ការ​អភិវឌ្ឍ​ក្នុង​យុគសម័យ​ឌី​ជី​ថ​ល ឬ​ក្នុង​សម័យ​បដិវត្តន៍​ឧស្សាហកម្ម​ទី​៤​នេះ ដែល​ចាំបាច់​ណាស់​ត្រូវ​មានការ​សិក្សាការ​ស្រាវជ្រាវ ។

សំរាប់​ប្រទេស​កម្ពុជា​ក៏​បាន​ប្រើប្រាស់​បច្ចេកវិទ្យា និង​វិទ្យាសាស្ត្រ​នេះ​ផង​ដែរ​ក្នុង​ន័យ​នេះ​សម្ដេច​តេ​ជោ​បាន​ជម្រាប​ជូន លោក Wang Gang កម្ពុជា​កំពុង​តែ​តម្រង់​ទិស​របស់​ខ្លួន​ដើម្បី​ធ្វើ​យ៉ាងណា​ឲ្យ​សម្រប​ស្រប​ទៅ​តាម​ចរន្ត​នៃ​យុគសម័យ​ឌី​ជី​ថ​ល និង​បដិវត្តន៍​ឧស្សាហកម្ម​ទី​៤ ដែល​ត្រូវការ​បណ្ដុះបណ្ដាល​ធនធានមនុស្ស​អោយ​បាន​កាន់តែ​ច្រើន​លើ​វិស័យ​នេះ ៕​កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ