ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​តេ​ជោ​នឹង​ដឹកនាំ​គណៈប្រតិភូ​ចូល​កិច្ចប្រជុំ​កំពូល​អាស៊ាន​លើក​ទី​៣៤​នៅ​ប្រទេស​ថៃ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​នឹង​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់​អញ្ជើញ​ទៅ​ចូលរួម​កិច្ចប្រជុំ​កំពូល​អាស៊ាន​លើក​ទី​៣៤ ដែល​នឹង​ប្រព្រឹត្ត​ទៅ​ពី​ថ្ងៃ​ទី​២២ ដល់​ថ្ងៃ​ទី​២៣ ខែមិថុនា ឆ្នាំ​២០១៩…

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​នឹង​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់​អញ្ជើញ​ទៅ​ចូលរួម​កិច្ចប្រជុំ​កំពូល​អាស៊ាន​លើក​ទី​៣៤ ដែល​នឹង​ប្រព្រឹត្ត​ទៅ​ពី​ថ្ងៃ​ទី​២២ ដល់​ថ្ងៃ​ទី​២៣ ខែមិថុនា ឆ្នាំ​២០១៩ នៅ​ទីក្រុង​បាងកក ។ នេះ​បើ​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួងការបរទេស​កម្ពុជា ។

ការ​ចូលរួម​របស់​សម្តេច​តេ​ជោ ហ៊ុន សែន និង​គណៈប្រតិភូ​ជាន់ខ្ពស់​របស់​កម្ពុជា​នេះ តប​តា មការ​អញ្ជើញ​របស់​លោក ប្រា​យុទ្ធ ច័ន្ទ​អូ​ឆា នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​ថៃ និង​ជា​ប្រធាន​ប្តូរ​វេន​របស់​អាស៊ាន ។ អញ្ជើញ​អមដំណើរ​សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី រួម​មាន​លោក ប្រាក់ សុ​ខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ការ​បរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ លោក ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រី​ពាណិជ្ជកម្ម លោក​បណ្ឌិត​ហង់ ជួន ណា​រ៉ុ​ន រដ្ឋមន្ត្រី​អប់រំ យុវជន និង​កីឡា ព្រមទាំង​ឥស្សរជន​ជាន់ខ្ពស់​នៃ​រាជរដ្ឋាភិបាល និង​ថ្នាក់ដឹកនាំ​ធុរកិច្ច​នៃ​សភាពាណិជ្ជកម្ម​កម្ពុជា​ផង​ដែរ ។

ប្រភព​បាន​ឲ្យ​ដឹង​ថា កិច្ចប្រជុំ​កំពូល​អាស៊ាន​លើក​ទី​៣៤ ក្រោម​មូលបទ «​ជំរុញ​ភាព​ជា​ដៃគូ​សម្រាប់​ចីរភាព​» និង​ផ្តោត​ការ​យកចិត្តទុកដាក់​ដល់​ការ​លើកកម្ពស់​កិច្ច​សហប្រតិបត្តិការ និង​ពង្រឹង​កុង​សង់​ស៊ុ​ស ក្នុង​ចំណោម​សមាជិក​អាស៊ាន ដើម្បី​ដោះស្រាយ​ការ​ប្រឈម​សកល​ថ្មី​ៗ ។ កិច្ចប្រជុំ​កំពូល​ក៏​នឹង​រិះរក​មធ្យោបាយ​នានា​ក្នុង​ការ​ធ្វើ​ឲ្យ​អាស៊ាន​ឈាន​ទៅ​កាន់​កម្រិត​ខ្ពស់​ថែម​ទៀត ប្រកបដោយ​ចីរភាព និង​មានការ​ត​ភ្ជាប់​ដោយ​រលូន ។

ស្រប​ពេល​ជាមួយ​កិច្ចប្រជុំ​កំពូល​អាស៊ាន​លើក​ទី​៣៤​នេះ សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី​ក៏​នឹង​អញ្ជើញ​ចូលរួម​កិច្ចប្រជុំ និង​កម្មវិធី​មួយ​ចំនួន​ដូច​ខាងក្រោម​មាន ១. កិច្ចប្រជុំ​កំពូល​រវាង ប្រមុខរដ្ឋ​-​រដ្ឋាភិបាល​អាស៊ាន ជាមួយ​តំណាង​អន្តរ​សភា​អាស៊ាន ។ ២.​កិច្ចប្រជុំ​កំពូល​រវាង​ប្រមុខរដ្ឋ​-​រដ្ឋាភិបាល​អាស៊ាន ជាមួយ​ក្រុមប្រឹក្សា​ផ្តល់​យោបល់​ធុរកិច្ច​អាស៊ាន និង​កិច្ចប្រជុំ​កំពូល​រវាង​ប្រមុខរដ្ឋ​-​រដ្ឋាភិបាល​អាស៊ាន​ជាមួយ​តំណាង​យុវជន​អាស៊ាន ។ ក្នុង​ការ​ត្រៀម​រៀបចំ​កិច្ចប្រជុំ​កំពូល​អាស៊ាន​លើក​ទី​៣៤​នេះ លោក​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុ​ខុន នឹង​អញ្ជើញ​ចូលរួម​ក្នុង​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ការ​បរទេស​អាស៊ាន កិច្ចប្រជុំ​លើក​ទី​១៩ របស់​ក្រុមប្រឹក្សា​សហគមន៍ នយោបាយ​សន្តិសុខ​អាស៊ាន និង​កិច្ចប្រជុំ​លើក​ទី​២៣ របស់​ក្រុមប្រឹក្សា​សម្របសម្រួល​អាស៊ាន​ដែល​កិច្ចប្រជុំ​ទាំងនេះ​នឹង​ប្រព្រឹត្ត​ទៅ​ពី​ថ្ងៃ​ទី​២១-២២ ខែមិថុនា​នេះ ។

សេចក្តី​ប្រកាស​ព័ត៌មាន​ក៏​បាន​ឲ្យ​ដឹង​ថា ជា​ការ​រំពឹង​ទុក​ថា លទ្ធផល​នៃ​កិច្ចប្រជុំ​កំពូល​អាស៊ាន​លើក​ទី​៣៤ នឹង​ឆ្លុះ​បញ្ចាំង​ពី​កិច្ច​ប្រឹងប្រែង​របស់​អាស៊ាន​ក្នុង​ការ​ជំរុញ​ដំណើរការ​កសាង​សហគមន៍ និង​លើកកម្ពស់​ភាព​ជា​ដៃគូ​របស់​អាស៊ាន​សម្រាប់​ការ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព​នៅ​ក្នុង​ចំណោម​បញ្ហា​ផ្សេង​ៗ​ទៀត ដើម្បី​សម្រេច​ឲ្យ​បាន​នូវ​សន្តិភាព ស្ថិរភាព និង​វិបុលភាព យូរអង្វែង​ក្នុង​តំបន់ ដើម្បី​ជា​ផលប្រយោជន៍​ដល់​ប្រជាជន​អាស៊ាន ៕​កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ