រាជធានីភ្នំពេញ ៖ ជម្លោះពាណិជ្ជកម្មរវាងមហាអំណាចចិន និងយក្សអាមេរិកបានអូសបន្លាយជិត១ឆ្នាំហើយ និងបានធ្វើឱ្យប្រទេសទាំងពីរនៅតែខាំធ្មេញដាក់គ្នារឿងពាណិជ្ជកម្មនោះ ក្នុងនោះដែរវិនិយោគិនធំៗមួយចំនួនបានសម្រេចចាកចេញពីប្រទេសចិន ដែលជាអ្នកផលិតដ៏ធំសម្រាប់នាំចេញទៅអាមេរិក ដើម្បីរកទីប្រទេសទី៣ ដើម្បីផលិតនិងនាំចេញទៅកាន់សហរដ្ឋអាមេរិក ។ យ៉ាងណាមិញ ចិនបានប្រតិកម្មម្ដងៗជាពីរដងហើយ ពាក់ព័ន្ធនឹងជម្លោះពាណិជ្ជកម្មនេះ ជាក់ស្ដែងកាលពីថ្ងៃទី១៥ មិថុនា ឆ្នាំ ២០១៩នេះ ស្ថានទូតចិនប្រចាំព្រះរាជាណាចក្រកម្ពុជា បានប្រតិកម្មម្ដងទៀត ពាក់ព័ន្ធនឹងជំលោះនេះ ដោយស្ថានទូតចិនប្រចាំកម្ពុជា បានចោទអាមេរិកថាជាអ្នកបង្កជម្លោះរឿងពាណិជ្ជកម្ម។
ជាមួយគ្នានេះផងដែរ បើតាមសេដ្ឋវិទូជាន់ខ្ពស់នៃធនាគារពិភពលោក ប្រចាំកម្ពុជា លោក លី សូដេត បានមានប្រសាសន៍កន្លងមកថា ជម្លោះពាណិជ្ជកម្មរវាងមហាអំណាចទាំងពីរ វាមិនបានផ្ដល់ផលប្រយោជន៍យូរអង្វែងដល់ប្រទេសតូចៗនោះទេ ជាក់ស្ដែងពេលនេះ ប្រទេសវៀតណាម កម្ពុជាទទួលបានផលប្រយោជន៍មែនពីជម្លោះពាណិជ្ជកម្មនិងបច្ចេកវិទ្យារវាងប្រទេសមហាអំណាចទាំងពីរ ក៏ប៉ុន្តែបើសិនជាជម្លោះនេះ កាន់តែយូរនិងធំទៅៗនោះ ប្រទេសតូចៗក៏រងផលប៉ះពាល់ដែរ ។
ខណៈជម្លោះពាណិជ្ជកម្មនិងបច្ចេកវិទ្យារវាងចិន-អាមេរិកកាន់តែក្តៅគគុក បង្កបញ្ហាដល់អាជីវកម្មធំៗជាច្រើននៃរវាងប្រទេសមហាអំណាចទាំងពីរ គេឃើញនៅក្នុងសេចក្ដីស្រាយបំភ្លឺ របស់ស្ថានទូតចិនប្រចាំរាជធានីភ្នំពេញ ភាគីចិនបានចោទអាមេរិកចំៗថា ជាអ្នកបង្កជម្លោះ និងជាដើមចមនៃជំលោះពាណិជ្ជកម្មរវាងចិន និងអាមេរិក ។ ក្នុងសេចក្តីនោះថា ចាប់តាំងពីខែកុម្ភៈឆ្នាំ ២០១៨ រដ្ឋាភិបាលសហរដ្ឋអាមេរិកបានបង្កជម្លោះពាណិជ្ជកម្មជាមួយចិនជាលក្ខណៈឯកត្តោភាគី ហើយប្រទេសចិនមិនមានវិធីផ្សេង ក្រៅពីចាត់ឱ្យមានវិធានការឆ្លើយតបទៅវិញ ដើម្បីការពារកិត្តិយសជាតិ និងអត្ថប្រយោជន៍ជូនប្រជាជនខ្លួនឡើយ ។
លោក Wang Wentian ឯកអគ្គរដ្ឋទូតនៃសាធារណៈរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជា បានអោយដឹងថា សហរដ្ឋអាមេរិកបានក្លាយជាបុគ្គល បង្កភាពស្មុគស្មាញ ធ្វើឱ្យប៉ះពាល់ដល់សេដ្ឋកិច្ចពិភពលោក និងរបៀបរៀបរយពាណិជ្ជកម្មអន្តរជាតិ ។ លោក Wang Wentian បានបញ្ជាក់ថា «សាកលភាវូបនីយកម្មសេដ្ឋកិច្ច គឺជាលំនាំសម័យកាលមួយដែលមិនអាចរារាំងបាន អភិរក្សនិយមគឺជាសត្រូវរួមរបស់សហគមន៍អន្តរជាតិ ។ ការដែលអាមេរិកជ្រើសរើសសកម្មភាពបំពានដោយអំណាចលើផ្នែកពាណិជ្ជកម្មចំពោះ ប្រទេសនានារួមទាំងប្រទេសចិននោះ មិនត្រឹមតែគំរាមកំហែងដល់គុណប្រយោជន៍ចិន និងអាមេរិកផ្ទាល់ទេ ថែមទាំងបង្កជាការបំផ្លិចបំផ្លាញយ៉ាងធ្ងន់ធ្ងរចំពោះ កំណើនសេដ្ឋកិច្ចពិភពលោក និងរបៀបរៀបរយពាណិជ្ជកម្មអន្តរជាតិទៀតផង » ។
\
លោកបានបន្តថា មានចំនុចបីដែលអាមេរិកកំពុងបំផ្លាញកំណើនសេដ្ឋកិច្ចពិភពលោក និងរបៀបរៀបរយពាណិជ្ជកម្មអន្តរជាតិនោះគឺ ទី១)- គឺជាការប៉ះពាល់ដល់តួនាទីនៃប្រព័ន្ធពាណិជ្ជកម្មពហុភាគី ។ ទី២)- គឺជាការប៉ះពាល់ដល់សន្ទុះនៃកំណើនសេដ្ឋកិច្ចពិភពលោក ដោយសារតែការដំឡើងពន្ធគយថ្មី បានរុញច្រានឱ្យប្រទេសពាក់ព័ន្ធ មិនមានវិធីផ្សេងក្រៅពីចាត់វិធានការទប់ទល់បកវិញ ដែលអាចរាំងស្ទះដល់ដំណើរការឡើងវិញនៃសេដ្ឋកិច្ចពិភពលោក បង្កឱ្យសេដ្ឋកិច្ចពិភពលោកធ្លាក់ចូលក្នុងអន្ទាក់នៃការដើរថយក្រោយ ។ ទី៣)- គឺជាការប៉ះពាល់ដល់លំនឹងនៃខ្សែសង្វាក់ឧស្សាហកម្ម និងខ្សែសង្វាក់ផ្គត់ផ្គង់ពិភពលោក ព្រោះចិននិងអាមេរិកគឺជាតំណរភ្ជាប់សំខាន់នៃខ្សែសង្វាក់ឧស្សាហកម្ម និងខ្សែសង្វាក់ផ្គត់ផ្គង់ពិភពលោក ។
លោកនិយាយថា៖«ផលិតផលសម្រេចដែលនាំចេញពីចិន ទៅកាន់ទីផ្សារសហរដ្ឋអាមេរិករួមមានផលិតផលពាក់កណ្ដាលសម្រេច និងគ្រឿងបន្លាស់ គឺបាននាំចូលមកពីប្រទេសទៃជាច្រើនទៀត ហើយវានឹងប៉ះពាល់ដល់ប្រទេសទាំងនោះ បើសិនអាមេរិកដំឡើងពន្ធកាន់តែខ្ពស់នោះ »។ ពាក់ព័ន្ធនឹងបញ្ហានេះ ស្ថានទូតអាមេរិកប្រចាំកម្ពុជាមិនទាន់មានប្រតិកម្មអ្វីឡើយ ប៉ុន្តែឯកអគ្គរដ្ឋទូតថ្មីរបស់សហរដ្ឋអាមេរិកប្រចាំកម្ពុជានឹងចូលមកកម្ពុជានៅពេលឆាប់ៗនេះ ៕ កែសម្រួលដោយ ៖ សុឃាក់
ចែករំលែកព័តមាននេះ