ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កោះអណ្តែត​ពូកែ​ស័ក្ដិសិទ្ធិ​មាន​ប្រវត្តិ​រាប់​រយ​​ឆ្នាំ​ជាទី​សក្ការៈបូជា (​មាន​វី​ដេ​អូ​)

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ កោះ​តូច​មួយ​ដែល​មានទឹក​ព័ទ្ធ​ជុំវិញ ប៉ុន្តែ​ទោះបីជា​ទឹក​ឡើង​ជន់​លិច​កន្លែង​ដទៃ​ទៀត​នៅ​ជុំវិញ​នោះ​ក្ដី ក៏​វា​មិន​ដែល​លិច​ម្ដងណា​ឡើយ ។ ដូច្នេះ​ហើយ​ទើប​អ្នក​ភូមិ​នាំ​គ្នា​ហៅ​ថា​«​កោះអណ្ដែត​» ។ កោះ​មួយ​នេះ​មិន​ត្រឹមតែ​អណ្ដែត​មិន​លិច​ទឹក​ប៉ុណ្ណោះ​ទេ តែ​គឺជា​ទីឋាន​ដ៏​ពូកែ​សក្ដិ​សិទ្ធិ​ដែល​អ្នក​ភូមិ​តែងតែ​បន់ស្រន់​សុំ​ពរ​ជ័យ…

រាជធានី​ភ្នំពេញ ៖ កោះ​តូច​មួយ​ដែល​មានទឹក​ព័ទ្ធ​ជុំវិញ ប៉ុន្តែ​ទោះបីជា​ទឹក​ឡើង​ជន់​លិច​កន្លែង​ដទៃ​ទៀត​នៅ​ជុំវិញ​នោះ​ក្ដី ក៏​វា​មិន​ដែល​លិច​ម្ដងណា​ឡើយ ។ ដូច្នេះ​ហើយ​ទើប​អ្នក​ភូមិ​នាំ​គ្នា​ហៅ​ថា​«​កោះអណ្ដែត​» ។ កោះ​មួយ​នេះ​មិន​ត្រឹមតែ​អណ្ដែត​មិន​លិច​ទឹក​ប៉ុណ្ណោះ​ទេ តែ​គឺជា​ទីឋាន​ដ៏​ពូកែ​សក្ដិ​សិទ្ធិ​ដែល​អ្នក​ភូមិ​តែងតែ​បន់ស្រន់​សុំ​ពរ​ជ័យ សុំ​លាភសក្ការៈ​ក្នុង​ការ​រក​ស៊ីឈ្នួញដូរ ផ្សេង​ៗ​ជាដើម ។

ជា​ពិសេស​សម្រាប់​អ្នកមាន​ទំនាស់​រហូត​ឈាន​ដល់​ក្ដីក្ដាំ​គ្នា​ដោះស្រាយ​មិន​ចេញ ហើយ ម្នាក់​ៗ​ដណ្ដើម​យក​តែ​ត្រូវ​រៀងខ្លួន​នោះ តែងតែ​បបួល​គ្នា​ទៅ​ស្បថ​នៅ​លើ​កោះ​នោះ ដើម្បី​រក​យុត្តិធម៌​និង​ភាព​ស្អាតស្អំ​សម្រាប់​ខ្លួន ម្នាក់​ៗ ។

កោះ​ណ្ដែ​ត​ស្ថិត​នៅ​វត្ត​ភ្នៀ​ត​សម្ពលី ក្នុងភូមិ​អង្គរ​ជ័យ សង្កាត់​ស្នោ ខណ្ឌ​ពោធិ៍​សែន​ជ័យ ជាយ​រាជធានី​ភ្នំពេញ ។ កាលពីដើម​ឡើយ​កោះ​នោះ​មានទឹក​ព័ទ្ធ​ជុំវិញ និង​មាន​ដើមឈើ ផ្សេង​ៗ​ទ្រុប​ទ្រុល ។ ប៉ុន្តែ​រហូត​មក​ដល់​បច្ចុប្បន្ន ដើមឈើ​ទាំងនោះ​ត្រូវ​គេ​កាប់​ចោល និង​សាងសង់​ជា​អាស្រម​ជំនួស​វិញ ។ នៅ​ផ្នែក​ខាង​កើត​នៃ​កោះ​ត្រូវ​បាន​ចាក់​ដី​បំពេញ នៅ​សល់​តែ​ផ្នែក​ខាងជើង និង​ខាងត្បូង ជាប់​ព្រះ​វិហារ និង​ខាងលិច​ដែល​មានទឹក ព្រមទាំង​មាន​ឈូក​ដេរដាស​ស្រស់​ប្រណីត ។

លោកតា​អាចារ្យ​ឃុ​ត ឃី​ម មាន​ប្រសាសន៍​ប្រាប់​កោះសន្តិភាព​កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ថា កោះអណ្ដែត​មាន​បារមី​ពូកែ​សក្ដិ​សិទ្ធិ​មែន ដោយ​មាន​អាយុកាល​រាប់រយ​ឆ្នាំ​មក​ហើយ ។ អ្នក​រស់នៅ​តំបន់​នោះ​តែង​តែមាន​ជំនឿ មិន​មាន​នរណា​ហ៊ាន​ប្រមាថ​ឡើយ ។ ចំពោះ​គាត់​ផ្ទាល់​កាលពី​កុមារភាព​ធ្លាប់​បួស​ជា​សង្ឃ​នៅ​ក្នុង​វត្ត ហើយ​ធ្លាប់​បាន​ស្ដាប់​ការ​និទាន​ពី​កោះ​នេះ​ពី​ព្រះ​គ្រូ​ចៅអធិការ​វត្ត និង​ចាស់ព្រឹទ្ធាចារ្យ ។ កាល​ពីដើម​មនុស្ស​មួយ​ចំនួន​តែង​យក​ទីនោះ​ធ្វើ​ជា​កន្លែង​រក​យុត្តិធម៌​តាម​រយៈ​ការ​ស្បថ​ពេល​មាន​ទំនាស់​ក្ដីក្ដាំ​គ្នា ម្ដង​ៗ​ដែល​ដោះស្រាយ​មិន​ចេញ ។

លោកតា​អាចារ្យ​បន្ត​ទៀត​ថា កាលពី​អតីតកាល​ទីតាំង​វត្ត​ភ្នៀ​ត​សម្ពលី​ជា​វាលទំនាប​ដែល​មាន​អូរ​ព័ទ្ធ​ជុំវិញ ហើយ​នៅ​រដូវវស្សា​ទឹក​ឡើង​ជន់​លិច​ទីធ្លា​ល្ហល្ហាច ហើយ​នៅ​ខាងជើង​វត្តមាន​ផ្លូវលំ​ដែល​ជា​ផ្លូវ​ទំនាប និង​មាន​ដើម​គគីរ​ជា​ច្រើន​ដើម​នៅ​អម​សងខាង ។ លុះ​ពេល​ទឹក​ជន់​លិច​ដើម​គគីរ ទាប​ៗ​ល្មម​ស្ទើរ​ពាក់​កណ្ដាល​​ដើម​ទៅ​ហើយ ក៏​កោះអណ្ដែត​អត់​លិច​ឡើយ​។ ទោះជា​ទឹក​ជន់​បែប​ណា​ក៏​វា​មិន​ដែល​លិច​សោះ​ឡើយ ពិតជា​អច្ឆរិយ​ខ្លាំង​ណាស់ ។ មិនតែប៉ុណ្ណោះ​នៅ​ក្រោម​កោះមាន​រូង​ដ៏​ធំ​១ អ្នក​ភូមិ​សង្ស័យ​ថា ជា​រូង​សត្វ​ក្រពើ​អ្នកតា​ប្រចាំ​កោះ​នោះ​។ ពុំដែល​មាន​នរណា​ហ៊ាន​ចុះ​ទៅ​ក្នុង​ទឹក​ក្បែរ​កោះ​ឡើយ ព្រោះតែ​ឮ ត​ៗ​គ្នា​ថា​មាន​សត្វ​ក្រពើ​អ្នកតា​នៅ​ក្នុង​រូង ។

នៅ​អំឡុង​ទសវត្សរ៍​ទី​៦០ ជា​ពិសេស​ឆ្នាំ​១៩៦៧ អ្នក​នៅ​តំបន់​នោះ​ចាត់​ទុក​កោះ​ជាទី​សក្ការៈបូជា​បន់ស្រន់​សុំ​សេចក្ដីសុខ​សេចក្ដីចម្រើន​សុំ​ឲ្យ​ជា​សះស្បើយ​ពី​ជម្ងឺ ផ្សេង​ៗ ។ សម្រាប់​អ្នក​មានរឿង​ក្ដីក្ដាំ​នឹង​គ្នា​ដោះ​ស្រាយ​មិន​ចេញ ហើយ​ចង់​ចាញ់​ចង់​ឈ្នះ​រៀងខ្លួន ក៏​នាំ​គ្នា​ជិះទូក​ឆ្លង​ទៅ​កាន់​កោះអណ្ដែត​ដើម្បី​ធ្វើ​ពិធី​ស្បថ​ជាមួយ​គ្នា​រក​យុត្តិធម៌ រៀង​ៗ​ខ្លួន ។ លុះ​ក្រោយ​ស្បថ​រួច​អ្នក​ដែល​បំពាន​តែងតែ​ទទួល​រង​ផលកម្ម​ដែល​ខ្លួន​បាន​ប្រព្រឹត្ត​ទៅ​តាម​ពាក្យ​សម្ដី​ដែល​ខ្លួន​ស្បថ ដូច​ជា​ស្បថ​ដាក់​ជីវិត​ជាដើម ។ អ្នក​ស្បថ​បំពាន​គឺ​បាន​ស្លាប់​ទាន់ហន់​តាម​មាត់​យ៉ាង ស្ដែង​ៗ​បំផុត​។

ចំណែក​ទូក​.​ង​របស់​វត្ត​ភ្នៀ​ត​សម្ពលី​នា​ជំនាន់​នោះ​មាន​ភាព​ល្បីល្បាញ​ខ្លាំង​ណាស់ ដោយ​ប្រណាំង​ឈ្នះ​គូប្រកួត​ជា​រៀង​រាល់​ឆ្នាំ​ព្រោះ​មុន​ពេល​ចេញ​ទៅ​ប្រកួត ម្ដង​ៗ​តែង​ធ្វើ​ពិធី​បន់ស្រន់​សុំ​ឲ្យ​បរ​មី​កោះ ជា​ពិសេស​ក្រពើ​នៅ​កោះ​ជួយ​រុញច្រាន​ទូក​ឲ្យ​បាន​លឿន​ឈ្នះ​គូប្រកួត ។ សត្វ​ក្រពើ​អ្នកតា​ហែល​ទៅ​តាម​ទ្រ​ទូក​ដើម្បី​យកជ័យ​ជម្នះ​លើ​គូប្រកួត ដែល​នេះ​គឺជា​ជំនឿ​ដ៏​មុតមាំ​នា​សម័យ​កាលនោះ ។

លោកគ្រូ​អាចារ្យ​បញ្ជាក់​ថា បើ​តាម​គាត់​ដឹង​ទោះជា​នៅ​ក្នុង​របប​ប៉ុ​ល ពត​ក៏​នៅ​តែ​មាន​អ្នក​ជឿ និង​គោរព​ដែរ នៅ​ពេល​មានទុក្ខ​ភ័យ​គេ​តែងតែ​លួច​ទៅ​បែរបន់​នៅ​លើ​កោះ ។ ក្រោយ​ថ្ងៃ​រំដោះ​៧ មក​រា ឆ្នាំ​១៩៧៩ កោះ​នៅ​មាន​ទ្រង់ទ្រាយ​ដើម​ទាំង​ទាំងស្រុង ។ អ្នក​ភូមិ​បាន​នាំ​គ្នា​គោរព​បូជា​ឡើង​វិញ ។ រហូត​មក​ដល់​អំឡុង​ឆ្នាំ​២០១២ ដោយសារ​តែ​ប្រទេស​ជាតិ​មានការ​អភិវឌ្ឍ​ត្រូវ​បាន​ចាក់​ដី​លុប​ផ្នែក​ខាងកើត​កោះ ចំណែកឯ​ទីធ្លា​វត្ត​ក៏​ត្រូវ​ចាក់​ដី​បំពេញ​ជា​បន្តបន្ទាប់ ទោះបីជា​ទឹក​ជន់​ក៏​មិន​លិច​ខ្លាំង​ដូច​ជំនាន់​ដើម​ឡើយ ។

ចំណែក​ដើមឈើ​ព្រៃ​នៅ​លើ​កោះ​ត្រូវ​បាន​កាប់​ចោល ដោយ​អ្នករក​ស៊ី​មានបាន​កាក់កប​ព្រោះតែ​ការ​បន់​​ស្រន់​លើ​កោះ បាន​នាំ​គ្នា​កសាង​អាស្រម​មួយ​នៅ​លើ​នោះ ។ ក្រោយមក​ទៀត​បាន​នាំ​យក​ព្រះ​ពុទ្ធរូប រូប​សំណាក​ព្រះ​មុនី​ឥសី លោកតា​ដំបង​ដែក ព្រមទាំង​រូបសំណាក​អ្នកតា​ផ្សេង​ៗ​ទៀត​ទៅ​ដាក់​តម្កល់​ក្នុង​អាស្រម​ផង​ដែរ ។ ថ្វី​ដ្បិតតែ​ស្ថានភាព​កោះ​មានការ​ប្រែប្រួល​បែប​នេះ​ក្ដី ប៉ុន្តែ​នៅ​តែ​ជាទី​កន្លែង​ដ៏​ស​កិ្ដ​សិ​ទិ្ធ​សម្រាប់​អ្នក​ជឿ ចំណែក​អ្នក​ដែល​មិន​ជឿ​ក៏​អត់​មាន​នរណា​ហ៊ាន​ប្រមាថ​ដែរ ។

ភាគច្រើន​នៃ​អ្នក​ទៅ​បែ​បន់ គឺ​អ្នករក​ស៊ីលក់ដូរ អ្នក​គួ​ក​ជេ​ដី ក្រុម​អ្នក​ពុះ​ដី​ឡូត៍​លក់​ជាដើម ។ ជាក់ស្ដែង​អ្នករក​ស៊ី​ផ្នែក​លក់ និង​ទិញ​ដី​ម្នាក់​ដែល​មាន​ជំនឿ​ខ្លាំង​បំផុត​នោះ បាន​ចំណាយ​ប្រាប់​រាប់​ម៉ឺន​ដុល្លារ​កសាង​ព្រះពុទ្ធ​រូបអង្គ​ធំ​១​ព្រះ​អង្គ​នៅ​ក្នុង​វត្តមាន​កម្ពស់​១២​ម៉ែត្រ​ទាំង​បល្ល័ង្ក​ជិត​រួចរាល់​ជា​ស្ថាពរ​ហើយ ។ ចំណែក​ម្នាក់​ទៀត​កំពុង​រៀបចំ​កសាង​សង់​បញ្ជរ​មុខ​៤​នៅ​ក្នុង​វត្ត​គ្រោង​ចំណាយ​ប្រាក់​ចំនួន​៣​ម៉ឺន​ដុល្លារ​អា​មេ​រិ​ក ។

អ្នករក​ស៊ី​ទាំង​២​នាក់​នោះ​បាន​ប្រាប់​លោកតា​អាចារ្យ និង​ព្រះសង្ឃ​ក្នុង​វត្តថា ពួក​គេ​ចំណាយ​សាងសង់​ព្រោះ​តែ​រក​ស៊ី​កាក់កប​ខ្លាំង បន្ទាប់​ពី​បន់ស្រន់​សុំ​ឲ្យ​បារមី​កោះអណ្ដែត​នោះ​ជួយ ហើយ​សម​តាម​បំណង ។

ប្រភព​ដដែល​បន្ត​ថា បច្ចុប្បន្ន​ផ្លូវលំ​ខាងជើង​កោះ​ដែល​ធ្លាប់តែ​ជា​ផ្លូវ​ដី​ធម្មតា​ជា​ផ្លូវ​បុរាណ​ត្រូវ​លិច​ទឹក​មិន​អាច​ធ្វើ​ដំណើរ​កើត​នោះ​បាន​អភិវឌ្ឍន៍​ជា​បន្តបន្ទាប់​រហូត​ក្លាយ​ទៅ​ផ្លូវ​ចាក់​ក្រាល​បេតុង​ស្រប​តាម​ការ​រីក​ចម្រើន​របស់​ប្រទេស​ជាត ។​ចំណែក​អូរ និង​វាលទំនាប នៅ​ខាងជើង​វត្ត​ដែល​ពោរពេញ​ទៅ​ដោយ​ព្រៃ​លិច​ទឹក​រាប់​សិប​ហិ​កតា​បាន​ចាក់​ដី​បំពេញ​អស់ហើយ ។ ដូច្នេះ​ពេល​ទឹក​ជន់​ឡើង​ខ្លាំង​មិន​អាច​មើល​ដឹង​ថា​កោះអណ្ដែត ឬ​មិន​អណ្ដែត​ទៀត​ឡើយ តាំងពី​ក្រោយ​ឆ្នាំ​២០១២​មក ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ