ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សាឡា​ត់ ស្រី​ឡា​ង ប្រកាស​លក់​សៀវភៅ​អ្នក​និពន្ធ​ខ្មែរ​ម្នាក់ យក​ប្រាក់​ទៅ​ដាំ​ដើម​ឈើ​​ទាំង​អស់

4 ឆ្នាំ មុន
  • ភ្នំពេញ

សាឡា​ត់ ស្រី​ឡា​ង តួឯក​ស្រី​ក្នុង​រឿង​ភាគ «​ថ្ងៃមុន​ស្អប់ ថ្ងៃនេះ​ស្រលាញ់​» ដែល​កំពុង​បញ្ចាំង​លើ​ទូរទស្សន៍ PNN បាន​ប្រកាស​លក់​សៀវភៅ​របស់​អ្នកនិពន្ធ​ខ្មែរ​ល្បីឈ្មោះ​ម្នាក់ ដើម្បី​យក​ប្រាក់​ទាំងអស់​ទៅ​ដាំ​កូន​ឈើ​នៅ​ភ្នំ​ឱ​រ៉ា​ល់ ក្នុង​យុទ្ធនាការ​ក្រុម​ប្រយុទ្ធ​បៃតង​ដែល​ដឹកនាំ​ដោយ​លោក…

សាឡា​ត់ ស្រី​ឡា​ង តួឯក​ស្រី​ក្នុង​រឿង​ភាគ «​ថ្ងៃមុន​ស្អប់ ថ្ងៃនេះ​ស្រលាញ់​» ដែល​កំពុង​បញ្ចាំង​លើ​ទូរទស្សន៍ PNN បាន​ប្រកាស​លក់​សៀវភៅ​របស់​អ្នកនិពន្ធ​ខ្មែរ​ល្បីឈ្មោះ​ម្នាក់ ដើម្បី​យក​ប្រាក់​ទាំងអស់​ទៅ​ដាំ​កូន​ឈើ​នៅ​ភ្នំ​ឱ​រ៉ា​ល់ ក្នុង​យុទ្ធនាការ​ក្រុម​ប្រយុទ្ធ​បៃតង​ដែល​ដឹកនាំ​ដោយ​លោក តាន់ គី​ម​សួរ​។

សៀវភៅ​ទាំងនោះ​សរុប​មាន ២០០ ក្បាលមាន​ចំណងជើង ៣ ធំ​ៗ​ផ្សេង​គ្នា ជា​ស្នាដៃ​តែង​និពន្ធ​របស់​អ្នកស្រី ម៉ី​សន សុធា​រី ក្នុង​នោះ​សៀវភៅ «​ពេលវេលា​» ៥០ ក្បាល និង «​អាគម​បរព្រៃ​» ៥០ ក្បាល ដែល ស្រី​ឡា​ង ទទួល​បាន​តាម​រយៈ​ការ​បរិច្ចាគ​របស់ «​តម្រា​» ដែល​អ្នក​ទទួល​បាន​សិទ្ធិ​បោះពុម្ពផ្សាយ​របស់​អ្នកនិពន្ធ​។ ឯ ១០០ ក្បាល​ទៀត​មាន​ចំណងជើង «​ទម្រាំ​ក្លាយជា​អ្នកនិពន្ធ​» ដែល​ជា​ការ​បរិច្ចាគ​ផ្ទាល់​អ្នកនិពន្ធ​ផ្ទាល់​តែ​ម្ដង សម្រាប់​ក្រុម​ប្រយុទ្ធ​បៃតង​។

តួឯក​ស្រី​រូប​នេះ​បាន​ប្រាប់​ឱ្យ​ដឹង​ថា សៀវភៅ​មួយ​ក្បាល​ដែល​អ្នក​ទាំងអស់​គ្នា​បាន​ទិញ​ពី​នាង គឺជា​ចំណែក​ដល់​ការ​ព្យាបាល​ដំបៅ​ផែនដី ហើយ​ថវិកា​ដែល​បាន​ពី​ការ​លក់​សៀវភៅ ២០០ ក្បាល​ខាងលើ គឺ​ទុក​សម្រាប់​ការ​ដាំ​កូន​ឈើ​ជា​ច្រើន​ដើម​ក្នុង​រយៈពេល ៥ ឆ្នាំ​។

«​ការ​ពិត​ទៅ ខ្ញុំ​ជា​មនុស្ស​ចូល​ចិត្ត​អាន​សៀវភៅ​បង គួប​ផ្សំ​នឹង​អាន​បាន​ច្រើន ហើយ​បានឃើញ​សៀវភៅ​ស្នាដៃ​ថ្មី​ៗ​របស់​បងស្រី ម៉ី​សន សុធា​រី ដែល​ទើបនឹង​ចេញ​ផង​នោះ ខ្ញុំ​មានគំនិត​ថា នឹង​ជួយ​ប្រូ​ម៉ូត​សៀវភៅ​របស់​គាត់ ដើម្បី​បាន​ថវិកា​ខ្លះ​យក​ទៅ​ទ្រទ្រង់​ព្រៃឈើ​សម្រាប់​ថ្ងៃ​អនាគត​»​។ នេះ​បើ​តាម​ការ​អះអាង​ផ្ទាល់​ពី​តួ​ស្រី ស​ក្ខ​ណា សម្តែង​ដោយ​កញ្ញា សាឡា​ត់ ស្រី​ឡា​ង ក្នុង​រឿង «​ថ្ងៃមុន​ស្អប់ ថ្ងៃ​ស្រលាញ់​»​។

«​គ្នា​ពួក​ខ្ញុំ​មាន​ប្រមាណ ២០​នាក់ ហើយ​បងប្អូន​ខ្លះ​កំពុង​ត្រៀម​បណ្តើរ​ៗ​ហើយ​បង ទាំង​ខាង​លក់​សៀវ​ភៅ និង​មួយ​ផ្នែក​ទៀត​ចាំ​រៀបចំ​ខាង​ទិញ​ទុកដាក់​កូន​ឈើ ព្រោះ​មិនយូរ​ទេ​ដើមខែ​សីហា នេះ ក្រុម​ប្រយុទ្ធ​បៃតង នឹង​ចុះ​ទៅ​ដាំ​កូន​ឈើ​នៅ​ភ្នំ​ឱ​រ៉ា​ល់ហើយ​បង​»​។ ស្រី​ឡា​ង បញ្ជាក់​បន្ថែម​តាម​រយៈ​ទូរស័ព្ទ​។

តារា​ស្រី​ខាងលើ​ក៏​បាន​លើកទឹកចិត្ត និង​សំណូមពរ​ឱ្យ​អ្នក​ដែល​មានចិត្ត​ស្រលាញ់​សៀវភៅ ការ​អាន កុំ​ភ្លេច​ជួយ​គាំទ្រ​ចលនា​លក់​សៀវភៅ មិន​ថា​ក្រុម​នាង ឬ​អ្នកនិពន្ធ​ផ្សេង​ៗ​នោះ​ទេ ព្រោះថា​អ្នក​នឹង​មាន​ចំណែក​ពិសេស​បំផុត​សម្រាប់​សង្គម​ជាតិ​ទាំងមូល​តាម​រយៈ​ការ​អាន និង​ជួយ​គាំទ្រ​ការ​ទិញ​សៀវភៅ​ដែល​ជា​ស្នាដៃ​កូន​ខ្មែរ​។

បញ្ជាក់​ថា សៀវភៅ​នីមួយ​ៗ​មាន​តម្លៃ ២៥ ០០០ រៀល​ក្នុង​ក្បាល ដោយ ៖

•​ ​«​ពេលវេលា​» ជា​សៀវភៅ​បណ្ដុះ​គំនិត​ឲ្យ​យើង​ចេះ​ប្រើប្រាស់​ពេលវេលា​ត្រឹមត្រូវ​តាម​វ័យ និង​ផ្លាស់​ប្ដូរ​ការ​គិត​របស់​យើង

•​ ​«​អាគម​បរព្រៃ​» ជា​ប្រលោមលោក​បែប​រន្ធត់​បរិយាយ​ពី​អបិយ​ជំនឿ​ខ្មែរ​យើង​ពាក់ព័ន្ធ​រឿង​មន្តអាគម

•​ ​«​ទម្រាំ​ក្លាយជា​អ្នកនិពន្ធ​» រៀបរាប់​ពី​បទ​ពិសោធន៍​យ៉ាង​ស្វិតស្វាញ​ពោរពេញ​ដោយ​ការ​លើកទឹកចិត្ត​របស់​អ្នកនិពន្ធ ម៉ី​សន សុធា​រី ផ្ទាល់ ដើម្បី​ជំរុញ​ឲ្យ​អ្នក​ទាំងឡាយ​ដែល​ចង់​ក្លាយជា​អ្នកនិពន្ធ សម្រេច​ក្ដី​ស្រមៃ​ក្លាយជា​អ្នកនិពន្ធ​ពិតប្រាកដ​៕ ដោយ​សហការ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ