ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្លែ​ល្មុត តើ​គេ​ដាំ​បែប​ណា? ដឹង​ទេ

4 ឆ្នាំ មុន
  • ភ្នំពេញ

ល្មុត​គឺជា​ផ្លែ​ឈើ​ធម្មជាតិ​មាន​រសជាតិ​ផ្អែម​ឆ្ងាញ់ ដែល​មនុស្ស​ជា​ច្រើន​និយម​ចូល​ចិត្ត​ទទួលទាន មិន​ត្រឹមតែ​ប៉ុណ្ណោះ​គេ​និយម​ប្រើប្រាស់​ផ្លែ​ល្មុត​នេះ​ក្នុង​ពិធី​មង្គលការ និង​ពិធីបុណ្យ​ទាន​ផ្សេង​ៗ​ផង​ដែរ ។ ហើយ​ផ្លែ​ល្មុត​នេះ អាច​ប្រមូល​ផល​៤​ទៅ​៥​ដង​ក្នុង​មួយ​ឆ្នាំ​ផង​ដែរ នេះ​បើ​យោង​តាម​គេហទំព័រ​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ…

ល្មុត​គឺជា​ផ្លែ​ឈើ​ធម្មជាតិ​មាន​រសជាតិ​ផ្អែម​ឆ្ងាញ់ ដែល​មនុស្ស​ជា​ច្រើន​និយម​ចូល​ចិត្ត​ទទួលទាន មិន​ត្រឹមតែ​ប៉ុណ្ណោះ​គេ​និយម​ប្រើប្រាស់​ផ្លែ​ល្មុត​នេះ​ក្នុង​ពិធី​មង្គលការ និង​ពិធីបុណ្យ​ទាន​ផ្សេង​ៗ​ផង​ដែរ ។ ហើយ​ផ្លែ​ល្មុត​នេះ អាច​ប្រមូល​ផល​៤​ទៅ​៥​ដង​ក្នុង​មួយ​ឆ្នាំ​ផង​ដែរ នេះ​បើ​យោង​តាម​គេហទំព័រ​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ ។

តើ​អ្នកដឹង​ទេ​ថា ផ្លែ​ល្មុត​នេះ គេ​ដាំ​បែប​ណា? ហើយ​ចែក​ជា​ប៉ុណ្ណោះ​ដំណាក់កាល​ដែរ? តោះ​មក​ដឹង​ពី​វិធី​ដាំ​ផ្លែ​ល្មុត និង​ការ​ថែ​ទាំង​ដូច​ខាងក្រោម ៖

១-​ការ​រៀបចំ​ដី និង​រណ្តៅ ៖ ដំបូង​ឡើយ​មុន​នឹង​ដាំ​ល្មុត យើង​ត្រូវ​ភ្ជួរ​ហាល​ដី​ទុក​ចោល​ពី​១​ខែ​ទៅ​១​ខែ​កន្លះ​សិន​ដើម្បី​ឱ្យ​ងាប់​សត្វល្អិត និង​រលួយ​ស្មៅ បន្ទាប់​មក​យើង​ត្រូវ​ភ្ជួរ​ដី​មួយ​លើក​ទៀត​នៅ​ពេល​ជិត​ដាំ​កូន​ល្មុត មិនតែប៉ុណ្ណោះ​ចន្លោះ​ពី​ដើម​មួយ​ទៅ​មួយ​ត្រូវ​មាន​ប្រវែង​៥​ម៉ែត្រ ។ ក្រោយមក​ត្រូវ​កាប់​រណ្ដៅ​ដី​ទំហំ​៤​តឹក​បួន​ជ្រុង និង​ជម្រៅ​៤​តឹក រួច​កាប់​អាច​ម៌​ដី​ចេញ​ពាក់កណ្តាល​រណ្តៅ ទើប​កាប់​បំផុស​អាច​ម៌​ដី​ឱ្យ​ម៉ដ្ឋ បន្ទាប់​មក​ដាក់​លាយ​ជាមួយ​ជី​អាច​ម៌​គោ​ពុក​ផុយ រួច​ហាល​រណ្តៅ​នោះ​ទុក​ចោល​២​ទៅ​៣​ថ្ងៃ​សិន​មុន​ដាំ​ល្មុត​។

២-​ការ​ដាំ ៖ យើង​ត្រូវ​យក​មែក​ល្មុត (​មែក​សាក​) មក​ទុក​ក្បែរ​រណ្តៅ​នោះ​ជា​មុន​សិន រួច​យក​មែក​ល្មុត​មក​ត្រាំ​ទឹក​ឱ្យ​សើម​បន្តិច បន្ទាប់​មក​ស្រាយ​កញ្ចប់​ប្លា​ស្ទិ​ច​ចេញ​យឺត​ៗ​កុំឱ្យ​បែក​អាច​ម៌​ដី និង​ដាច់​ឫស​វា​ដែល​អាច​ធ្វើ​ឱ្យ​វា​ងាប់​បាន ។ ក្រោយមក​យក​មែក​ល្មុត​ដាក់​ចូល​ក្នុង​រណ្តៅ​ដី​ដោយ​ថ្ម​ម​ៗ ដៃ​ម្ខាង​ទៀត​ត្រូវ​ប្រមូល​អាច​ម៌​ដី​លុបរណ្ដៅ​ដោយ​ច្របាច់​ដី​ឱ្យ​តូច​ៗ​រោយ​បំពេញ​កប់​ឫស​កំរាស់​២​ធ្នាប់​ដៃ ហើយ​សល់​ប្រហែល​២​ធ្នាប់​ដៃ​ទៀត​ទើប​ដាក់​អាច​ម៌​ដី​ស្មើនឹង​មាត់​រណ្ដៅ​តែ​ម្តង ។

ត្រូវ​ចាំ​ណា៎ យើង​មិន​ត្រូវ​ជាន់​បង្ហាប់ដី​រណ្ដៅ​នោះ​ទេ ប៉ុន្តែ​យើង​ត្រូវ​បោះបង្គោល​២ ឬ​៣​ដើម​ចង​ភ្ជាប់​នឹង​មែក​ល្មុត ដើម្បី​ឱ្យ​វា​ត្រង់ និង​រឹង​មាំ ។ បន្ទាប់​ពី​នោះ​យើង​ត្រូវ​ស្រោច​ទឹក​ឱ្យ​សើម​ល្មម​ដោយ​យកដៃ​ទទះ​ទឹក ដូច​យើង​ស្រោច​ទឹក​លើ​កូន​ស្ពៃ​ចឹ​ង​។ ចំណាំ ៖ បើ​ល្មុត​អាយុ​តិច​ជាង​១​ខែ ត្រូវ​ស្រោច​ទឹក​ពេល​ល្ងាច​រាល់ថ្ងៃ​, ១​ខែ​ដល់​២​ខែ ត្រូវ​ស្រោច​២​ថ្ងៃ​ម្តង​, ២​ខែ​ដល់​៥​ខែ ស្រោច​៣​ថ្ងៃ​ម្តង​, ៥​ខែ​ដល់​១​ឆ្នាំ ស្រោច​១​ស​ប្តា​ហ៍ម្ត​ង និង​១​ឆ្នាំ​ដល់​៣​ឆ្នាំ​នោះ ត្រូវ​ស្រោច​២​ស​ប្តា​ហ៍ម្ត​ង ។

៣-​ការ​ថែទាំ ៖ ដើម​ល្មុត​ទើប​ដាំ​រួច​មិន​ត្រូវ​ប៉ះពាល់ បេះ​ត្រួយ​ស្លឹក កាច់​មែក ឬ​ឱ្យ​សត្វ​ផ្សេង​មក​ញ៉ាំ​ញី​នោះ​ទេ ដែល​អាច​ធ្វើ​ឱ្យ​ដើម​ល្មុត​ងាប់​បាន​ព្រោះ​ឬ​សរប​ស់វា​ងាយ​នឹង​ដាច់​ណាស់ ដូច្នេះ​ត្រួ​វ​តែ​ប្រយ័ត្ន​។ ហើយ​ត្រូវ​តាមដាន​ទៀត គឺ​ត្រូវ​កំចាត់​ដង្កូវ​ស៊ី​ដើម​ចេញ ព្រោះ​វា​ស៊ី​តែ​មែក និង​ដើម​ល្មុត​ទេ ដោយ​វា​តែង​តែង​រស់នៅ​ក្នុង​មែក​ល្មុត ដូច្នេះ​យើង​អាច​សង្កេត​មើល​អាច​ម៌​ដង្កូវ​តាម​មែក​ល្មុត ហើយ​ត្រូវ​ឆ្កឹះ​សំបក​មែក​រហូត​ដល់​ឃើញ​ដង្កូវ​នោះ រួច​ញិច​សម្លាប់​វា​ចោល​ទៅ ។

ចុង​ក្រោយ​នេះ​គឺ​ប្រមូល​ផល​តែ​ម្តង យើង​អាច​ប្រមូល​ផល​បាន​ខ្លះ​ៗ​ចាប់ពី​៣​ឆ្នាំ​ឡើង​ទៅ ហើយ​បើសិន​ចាប់ពី​៥​ឆ្នាំ​ឡើង​ទៅ យើង​អាច​ប្រមូល​ផល​បាន​ដល់​១០០​គីឡូក្រាម​ក្នុង​មួយ​ឆ្នាំ​ឯណោះ​។ បើ​ល្មុត​ចាស់​វិញ​យើង​អាច​បេះ​យក​ទៅ​បន្ទុំ​បាន​ដោយ​សង្កេត​ឃើញ​សំបក​ផ្លែ​រលោង ឬ​យើង​អាច​កោស​លើ​ផ្លែ​វា​ឃើញ​មាន​ពណ៌​លឿន​ត្នោត ដូច្នេះ​មាន​ន័យ​ថា ល្មុត​នោះ​ចាស់​ហើយ យើង​អាច​បេះ​យក​មក​បន្ទុំ បន្ទាប់​យក​ទៅ​លក់​ជា​ការ​ស្រេច ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ