ក្រុង​ហុងកុង​ផ្អាក​គម្រោង​ច្បាប់​ធ្វើ​បត្យា​ប័ន


ប្រទេស​ចិន ៖ រដ្ឋាភិបាល​ក្រុង​ហុងកុង ប្រកាស​កាលពី​ថ្ងៃ​ទី​១៥​មិថុនា ក្រោយ​បាតុកម្ម​តវ៉ា​១​ស​ប្ដា​ហ៍​ថា ខ្លួន​ផ្អាក​គម្រោង​ច្បាប់​ធ្វើ​បត្យាប័ន​ដែល​អនុញ្ញាត​ឲ្យ​ចាប់​បញ្ជូន​មនុស្ស​ទៅ​កាន់​ចិនដីគោក តែ​ទោះ​បែប​នេះ​ក្ដី​ក៏​មិន​អាច​លុប​បំបាត់​បាតុកម្ម​ថ្មី ដែល​នា​ថ្ងៃ​ទី​១៦​មិ​ថុ​ុ​នា​មាន​មនុស្ស​ច្រើន​សិប​ពាន់​នាក់​លើកគ្នា​តវ៉ា​ទៀត​។

ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​លោកស្រី​CARRIE LAM ប្រមុខ​ប្រ​តិ​ប​ត្តិ្​ក្រុង​ហុងកុង​ថ្លែង​ថា រដ្ឋា​ភិបាល​​បាន​សម្រេច​ផ្អាក​នីតិវិធី​ធ្វើ​វិសោធនកម្ម​សភា ជម្រុញ​ការ​ប្រាស្រ័យ​ទាក់ទង​របស់​យើង​ជាមួយ​គ្រប់​ផ្នែក​នៃ​សង្គម ធ្វើ​ការងារ​បន្ថែម​ទៀត​និង​ស្ដាប់​ទស្សនៈ​នានា​របស់​សង្គម​។

ទោះបី​បែប​នេះ​ក្ដី​បាតុកម្ម​នា​ថ្ងៃ​ទី​១៦​មិថុនា​នៅ​តែ​ធ្វើ ទាមទារ​ឲ្យ​ដក​គម្រោង​ច្បាប់​នេះ​ចេញ ព្រោះ​ពួក​គេ​យល់​ថា មាន​គ្រោះថ្នាក់​ដល់​សិទ្ធិ​មនុស្ស​។ អ្នក​រៀបចំ​បាតុកម្ម​ម្នាក់​លោក​JIMMY SHAM និយាយ​ថា យើង​ត្រូវ​និយាយ​ប្រាប់​រដ្ឋាភិបាល​ថា ប្រជាជន​ហុងកុង​នឹង​បន្ត​ធ្វើ​បាតុកម្ម បើ​ដរាបណា​យើង​ពុំ​មើលឃើញ ពី​ការ​ដក​ចេញ​គម្រោង​ច្បាប់​នោះ​ទេ​។

សមាជិក​សភា​ស្និទ្ធ​លទ្ធិប្រជាធិបតេយ្យ​ម្នាក់ លោកស្រី​CLAUDIA MO​ថ្លែង​ទៅ​កាន់​សារព័ត៌មាន​ថា លោកស្រី​CARRIE LAM បាត់បង់​រាល់​ការ​ជឿជាក់​របស់​ប្រជាជន ដូច្នេះ​លោកស្រី​ត្រូវ​តែ​លាលែង​ចេញពី​តំណែង បើ​លោកស្រី​នៅ នោះ​យើង​នៅ​តែ​ធ្វើ​បាតុកម្ម​នា​ថ្ងៃ​ទី​១៦​មិថុនា​។

ក្រោយ​រយៈពេល​មួ​យស​ប្ដា​ហ៍​នៃ​បាតុកម្ម​តវ៉ា​ដ៏​ធំ​ពុំ​ធ្លាប់​មាន​ពី​មុន​មក លោកស្រី​CARRIE LAM ស្ថិត​ក្រោម​ការ​គាបសង្កត់ ក្នុង​នោះ​រួម​ទាំង​ពី​សំណាក់​បណ្ដា​ទីប្រឹក្សា​និង​បណ្ដា​សម្ព័ន្ធមិត្ត​នយោបាយ​ផង ដោយសារ​ការ​មើល​ស្រាល​មុន​ពេល​បាតុកម្ម​ថ្មី​នា​ថ្ងៃ​ទី​១៦​មិថុនា​។

កាលពី​យប់​ថ្ងៃ​ទី​១៥​មិថុនា បុរស​ម្នាក់​ដែល​រៀបចំ​ធ្វើ​បាតុកម្ម​មួយ លើ​កំពូល​អគារ​មួយ បាន​ស្លាប់ ក្រោយ​ពី​ធ្លាក់​ពីលើ​អគារ​នោះ​។ ជន​នេះ​បាន​លើក​បដា​មួយ​ដែល​ចារ​ថា ដក​ចេញ​ទាំងស្រុង​ទៅ​គម្រោង​ច្បាប់​ធ្វើ​បត្យាប័ន​ទៅ​ចិនដីគោក​។ ការ​ផ្អាក​តែ​ពុំ​មែន​ជា​ការ​ដក​ចេញ​គម្រោង​ច្បាប់​នេះ គឺជា​សម្បទាន​ដ៏​កម្រ​មួយ​ពី​សំណាក់​រដ្ឋាភិបាល​ក្រុង​ហុងកុង​។

ចំពោះ​ការ​ផ្អាក​នេះ​ក្រុង​ប៉េ​កាំ​ង​បាន​បញ្ចេញ​ប្រតិកម្ម ដោយ​តាម​សេចក្ដី​ប្រកាស​មួយ ក្រសួងការបរទេស​ចិន​និយាយ​ថា យើង​គាំទ្រ​និង​គោរព​ព្រមទាំង​យល់​ពី​ការ​សម្រេច​នោះ​។ នេះ​ជា​ភាព​ចាំបាច់​ពី​ការ​ស្ដារ​ភាព​ស្ងប់ស្ងាត់​ឡើង​វិញ​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

ព័ត៌មាន​អន្តរជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ