រាជធានីភ្នំពេញ ៖ ជម្លោះពាណិជ្ជកម្មរវាងចិន និងអាមេរិកបានអូសបន្លាយជិត១ឆ្នាំហើយ និងបានធ្វើឱ្យប្រទេសទាំងពីរនៅតែខាំធ្មេញដាក់គ្នារឿងពាណិជ្ជកម្មនោះក្នុងនោះដែរវិនិយោគិនធំៗបានចាកចេញពីប្រទេសចិនដែលជាអ្នកផលិតដ៏ធំសម្រាប់នាំចេញទៅអាមេរិក ដើម្បីរកទីប្រទេសទី៣ ដើម្បីផលិត និងនាំចេញទៅកាន់សហរដ្ឋអាមេរិក ។ ចិនបានប្រតិកម្មម្ដងៗជាពីរដង ហើយពាក់ព័ន្ធនឹងជម្លោះពាណិជ្ជកម្មនេះ ។
ជាក់ស្ដែង កាលពីថ្ងៃទី១៥ មិថុនា ឆ្នាំ២០១៩នេះ ស្ថានទូតចិនប្រចាំព្រះរាជាណាចក្រកម្ពុជា បានប្រតិកម្មម្ដងទៀតពាក់ព័ន្ធនឹងជម្លោះនេះដោយស្ថានទូតចិនប្រចាំកម្ពុជាបានចោទអាមេរិកថា ជាអ្នកបង្កជម្លោះរឿងពាណិជ្ជកម្ម ។ នៅក្នុងសេចក្ដីស្រាយបំភ្លឺរបស់ស្ថានទូតចិនប្រចាំរាជធានីភ្នំពេញភាគីចិនបានចោទអាមេរិកចំៗថា ជាអ្នកបង្កជម្លោះ និងជាដើមចមនៃជម្លោះពាណិជ្ជកម្មរវាងចិន និងអាមេរិក ។
ក្នុងសេចក្តីនោះថា ចាប់តាំងពីខែកុម្ភៈ ឆ្នាំ២០១៨ រដ្ឋាភិបាលសហរដ្ឋអាមេរិកបានបង្កជម្លោះពាណិជ្ជកម្មជាមួយចិនជាលក្ខណៈឯកត្តោភាគី ហើយប្រទេសចិនមិនមានវិធីផ្សេងក្រៅពីចាត់ឱ្យមានវិធានការឆ្លើយតបទៅវិញ ដើម្បីការពារកិត្តិយសជាតិ និងអត្ថប្រយោជន៍ជូនប្រជាជនខ្លួនឡើយ ។
លោក Wang Wentian ឯកអគ្គរដ្ឋទូតនៃសាធារណៈរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជាបានអោយដឹងថា សហរដ្ឋអាមេរិកបានក្លាយជាបុគ្គលបង្កភាពស្មុគស្មាញធ្វើឱ្យប៉ះពាល់ដល់សេដ្ឋកិច្ចពិភពលោក និងរបៀបរៀបរយពាណិជ្ជកម្មអន្តរជាតិ ។ លោកបានបន្តថា « សកលភាវូបនីយកម្មសេដ្ឋកិច្ច គឺជាលំនាំសម័យកាលមួយដែលមិនអាចរារាំងបានអភិរក្សនិយម គឺជាស្ត្រូវរួមរបស់សហគមន៍អន្តរជាតិ ។
ការដែលអាមេរិកជ្រើសរើសសកម្មភាពបំពានដោយអំណាច លើផ្នែកពាណិជ្ជកម្មចំពោះ ប្រទេសនានារួមទាំងប្រទេសចិននោះមិនត្រឹមតែគំរាមកំហែងដល់គុណប្រយោជន៍ចិន និងអាមេរិកផ្ទាល់ទេ ថែមទាំងបង្កជាការបំផ្លិចបំផ្លាញយ៉ាងធ្ងន់ធ្ងរចំពោះកំណើនសេដ្ឋកិច្ចពិភពលោក និងរបៀបរៀបរយពាណិជ្ជកម្មអន្តរជាតិទៀតផង» ។ លោកបានបន្ថែមថា មានចំនុចបីដែលអាមេរិកកំពុងបំផ្លាញកំណើនសេដ្ឋកិច្ចពិភពលោក និងរបៀបរៀបរយពាណិជ្ជកម្មអន្តរជាតិនោះ គឺទី១ គឺជាការប៉ះពាល់ដល់តួនាទីនៃប្រព័ន្ធពាណិជ្ជកម្មពហុភាគី ។ ទី២ គឺជាការប៉ះពាល់ដល់សន្ទុះនៃកំណើនសេដ្ឋកិច្ចពិភពលោកដោយសារតែការដំឡើងពន្ធគយថ្មីបានរុញច្រានឱ្យប្រទេសពាក់ព័ន្ធមិនមានវិធីផ្សេងក្រៅពីចាត់វិធានការទប់ទល់បកវិញដែលអាចរាំងស្ទះដល់ដំណើរការឡើងវិញនៃសេដ្ឋកិច្ចពិភពលោក បង្កឱ្យសេដ្ឋកិច្ចពិភពលោកធ្លាក់ចូលក្នុងអន្ទាក់នៃការដើរថយក្រោយ ។ ទី៣ គឺជាការប៉ះពាល់ដល់លំនឹងនៃខ្សែសង្វាក់ឧស្សាហកម្ម និងខ្សែសង្វាក់ផ្គត់ផ្គង់ពិភពលោក ព្រោះចិន និងអាមេរិក គឺជាតំណរភ្ជាប់សំខាន់នៃខ្សែសង្វាក់ឧស្សាហកម្ម និងខ្សែសង្វាក់ផ្គត់ផ្គង់ពិភពលោក ។
លោកនិយាយថា៖«ផលិតផលសម្រេចដែលនាំចេញពីចិនទៅកាន់ទីផ្សារសហរដ្ឋអាមេរិករួមមានផលិតផលពាក់កណ្ដាលសម្រេច និងគ្រឿងបន្លាស់ គឺបាននាំចូលមកពីប្រទេសទៃជាច្រើនទៀត ហើយវានឹងប៉ះពាល់ដល់ប្រទេសទាំងនោះ បើសិនអាមេរិកដំឡើងពន្ធកាន់តែខ្ពស់នោះ» ។ ពាក់ព័ន្ធនឹងបញ្ហានេះស្ថានទូតអាមេរិកប្រចាំកម្ពុជាមិនទាន់មានប្រតិកម្មអ្វីឡើយ ប៉ុន្តែឯកអគ្គរដ្ឋទូតថ្មីរបស់សហរដ្ឋអាមេរិកប្រចាំកម្ពុជានឹងចូលមកកម្ពុជានៅពេលឆាប់ៗនេះ ។
បើតាមសេដ្ឋវិទូជាន់ខ្ពស់នៃធនាគារពិភពលោកប្រចាំកម្ពុជា លោក លី សូដេត បានមានប្រសាសន៍កន្លងមកថា ជម្លោះពាណិជ្ជកម្មរវាងមហាអំណាចទាំងពីរវាមិនបានផ្ដល់ផលប្រយោជន៍យូរអង្វែងដល់ប្រទេសតូចៗនោះទេ ជាក់ស្ដែងពេលនេះប្រទេសវៀតណាមកម្ពុជាទទួលបានផលប្រយោជន៍មែនពីជម្លោះរវាងប្រទេសមហាអំណាចទាំងពីរ ក៏ប៉ុន្តែបើសិនជាជម្លោះនេះកាន់តែយូរ និងធំទៅៗនោះប្រទេសតូចៗក៏រងផលប៉ះពាល់ដែរ ៕ កែសម្រួលដោយ ៖ សុឃាក់
ចែករំលែកព័តមាននេះ