ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មន្ត្រីជាន់ខ្ពស់​ក្រសួង​ការងារ​ណែនាំ​យុវជន​រៀបចំ​ផែនការ​អាជីព​ឲ្យ​បាន​ជាក់លាក់​សម្រាប់​អនាគត

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ដើម្បី​កសាង​ខ្លួន​ឈាន​ឆ្ពោះទៅ​រក​អនាគត​ដ៏​ភ្លឺស្វាង​មន្ត្រីជាន់ខ្ពស់​ក្រសួង ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​បាន​ធ្វើការ​ណែនាំ​ឲ្យ​សិស្សានុសិស្ស និង​យុវជន​ត្រូវ​ចេះ រៀបចំ​ផែនការ​អាជីព​ឱ្យ​បាន​ជាក់លាក់ ។ លោក​ពេ​ជ សោភ័ន…

រាជធានី​ភ្នំពេញ ៖ ដើម្បី​កសាង​ខ្លួន​ឈាន​ឆ្ពោះទៅ​រក​អនាគត​ដ៏​ភ្លឺស្វាង​មន្ត្រីជាន់ខ្ពស់​ក្រសួង ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​បាន​ធ្វើការ​ណែនាំ​ឲ្យ​សិស្សានុសិស្ស និង​យុវជន​ត្រូវ​ចេះ រៀបចំ​ផែនការ​អាជីព​ឱ្យ​បាន​ជាក់លាក់ ។ លោក​ពេ​ជ សោភ័ន រដ្ឋលេខាធិការ​ប្រចាំការ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​បាន​ថ្លែង​ក្នុង​ពិធី​បើក​ទិវា​ជាតិ​ការ​អប់រំ​បណ្តុះបណ្តាល បច្ចេកទេស និង​វិជ្ជាជីវៈ​លើក​ទី​២ ឆ្នាំ​២០១៩ កាលពី​ព្រឹក​ថ្ងៃ​ទី​១៥ ខែមិថុនា ឆ្នាំ​២០១៩ នៅ​មជ្ឈមណ្ឌល​កោះ​ពេជ្រ ។

យ៉ាងដូច​នេះ​ថា «​ខ្ញុំ​សូម​យក​ឱកាស​នេះ ដើម្បី​លើកទឹកចិត្ត និង​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់ ជា​ពិសេស​សិស្សានុសិស្ស​យុវជន និង​កម្មករនិយោជិត​ទាំងអស់ ឱ្យ​ចាប់ផ្តើម​ទទួលខុសត្រូវ​ដោយ​ខ្លួនឯង ក្នុង​ការ​អនុវត្ត​នូវ​ការ​សិក្សា​ពេញ​មួយ​ជីវិត​ឱ្យ​បាន​ជាក់ស្តែង​ជា​ជាង​ការ​គ្រាន់តែ​និយាយ​ជា​ទ្រឹស្តី​ដោយ​ចាប់ផ្តើម​ពី​ការ​រៀបចំ​ផែនការ​អាជីព​ឱ្យ​បាន​ជាក់លាក់​» ។

លោក​រដ្ឋលេខាធិការ​ក្រសួង​ការងារ​បាន​ណែនាំ​ឲ្យ​សិស្សានុសិស្ស និង​យុវជន​ត្រូវ​ធ្វើការ​កំណត់​គោលដៅ​អាជីព​ច្បាស់លាស់​ដោយ​ឈរ​លើ​ក្តី​ប្រាថ្នា និង​អាទិភាព​ដែល​យើង​ចង់ ទទួល​បាន​ពី​អាជីព​របស់​យើង និង​ស្វែងរក​ឱកាស​នៃ​អាជីព​ដែល​ស្រប​ទៅ​នឹង​គោលដៅ អាជីព​ដែល​បាន​កំណត់​ព្រមទាំង​ចំណង់​ចំណូលចិត្ត និង​សមត្ថភាព​ជំនាញ​របស់​យើង​រួច​ស្វែងរក​ព័ត៌មាន​អំពី​កម្រិត​ការ​អប់រំ​បណ្តុះបណ្តាល​ដែល​ត្រូវការ​រួម​ទាំង​ធ្វើការ​ពិភាក្សា​អំពី​គោលដៅ អាជីព និង​ចំណង់​ចំណូលចិត្ត​របស់​យើង​ជាមួយ​អ្នក​ដែល​កំពុង​តែ​មានការ​ងារ​ធ្វើការ​នៅ​ក្នុង អាជីព​នោះ ។

លោក​បាន​បន្ត​ថា ធ្វើការ​វាយតម្លៃ​ជំនាញ បច្ចុប្បន្ន​ដែល​យើង​មាន​ប្រៀបធៀប​ទៅ​នឹង​តម្រូវការ​ជំនាញ​នៃ​ឱកាស​ការងារ​បច្ចុប្បន្ន និង​ទៅ​អនាគត​ដែល​យើង​ចង់​ឈោង​ចាប់​យក​រួច​រៀបចំ​ផែនការអភិវឌ្ឍន៍​អាជីព​មួយ​ជាក់លាក់ ដើម្បី​ឈាន​ទៅ​សម្រេច​គោលដៅ​ដែល​យើង​បាន កំណត់​ដោយ​ប្រកាន់ខ្ជាប់​នូវ​ទស្សនៈ​នៃ​ការ​សិក្សា​ពេញ​មួយ​ជីវិត គឺ​ចាត់​ទុក​ថា ការ​អប់រំ និង ការ​បណ្តុះបណ្តាល​ជំនាញ​ដែល​យើង​បាន​ទទួល​នា​ពេល​បច្ចុប្បន្ន​នេះ គឺ​គ្រាន់តែ​ការ​ចាប់ផ្តើម ឬ​ជា​មូលដ្ឋាន​តែ​ប៉ុណ្ណោះ ។ បន្ទាប់​មក​ត្រូវ​ធ្វើការ​វាយតម្លៃ និង​កែតម្រូវ​ឡើង​វិញ​ជា​ប្រចាំ​នូវ ផែនការអភិវឌ្ឍន៍​អាជីព​នេះ​ដោយសារ​គោលដៅ​អាជីព​ចំណង់​ចំណូលចិត្ត​ការងារ និង​មុខរបរ តែងតែ​មានការ​ប្រែប្រួល​ផ្លាស់​ប្តូរ​ទៅ​តាម​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​សង្គម​បច្ចេកវិទ្យា ។

លោក​ពេ​ជ សោភ័ន បាន​លើក​ជា​សំណួរ​ថា តើ​ក្នុង​បរិបទ​នៃ​ការ​កើនឡើង​នូវ​បដិវត្តន៍​ឧស្សាហកម្ម​ទី​៤ នេះ តើ​មានឱកាស​ការងារ​ថ្មី​ៗ​អ្វីខ្លះ​ដែល​នឹង​កើតឡើង? ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ