រាជធានីភ្នំពេញ ៖ ជនជាតិចិន២នាក់ស្រវឹងជោកជាំ បើករថយន្តម៉ាក់រេងរ៉ូវើរមួយគ្រឿង បោះពួយយ៉ាងលឿនដូចហោះ ហើយពេលព្យាយាមវ៉ាដោយគ្មានខ្វះការប្រុងប្រយ័ត្ន ក៏ជ្រុលចង្កូតទៅបុកម៉ូតូមួយគ្រឿងទៀតចំពីមុខពេញទំហឹង បណ្តាលឱ្យបុរស២នាក់ស្លាប់ភ្លាមៗយ៉ាងអាណោចអាធ័ម ហេតុការណ៍កើតឡើងបង្កឱ្យភ្ញាក់ផ្អើលនៅវេលាម៉ោង១០និង៣០នាក់យប់ថ្ងៃទី១៤ មិថុនា ត្រង់ចំណុចប្រឡាយទឹកស្អុយក្បែរសាលាមុំ តាមបណ្ដោយផ្លូវ១៩៦២ ក្នុងភូមិគ្រាំងអង្គ្រង សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ ។
សេចក្តីរាយការណ៍ឱ្យដឹងថា ជនរងគ្រោះដែលស្លាប់ទាំង២នាក់ ម្នាក់ជាអ្នកបើកម៉ូតូ ឈ្មោះស្រេង ជាវ ភេទប្រុស អាយុ២៤ឆ្នាំ ជាជាងដែក ស្នាក់នៅកន្លែងធ្វើការម្តុំផ្សារត្រពាំងថ្លឹង សង្កាត់ចោមចៅ១ ខណ្ឌ
ពោធិ៍សែនជ័យ មានស្រុកកំណើតនៅភូមិមានទ្រុង សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ និងម្នាក់អង្គុយពី ក្រោយ ឈ្មោះ យឹម សំណាង ភេទប្រុស អាយុ២៤ឆ្នាំ ជាជាងដែក ស្នាក់នៅជាមួយគ្នា មានស្រុកកំណើតនៅភូមិសំរោងទាវ សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រីឯខាងជនបង្ក គឺជាជនជាតិចិន ។
តាមប្រភពឱ្យដឹងថា នៅមុនពេលកើតហេតុគេឃើញជនរងគ្រោះទាំងពីរនាក់ខាងលើជិះម៉ូតូមួយគ្រឿងម៉ាក ហុងដាឌ្រីម ស៊េរី០១៩ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ2HI-078 ដែលទើបជិះមកពីកន្លែងធ្វើការនៅផ្តុំផ្សារត្រពាំងថ្លឹងបំរុងជិះទៅលេងផ្ទះ ធ្វើដំណើរតាមបណ្ដោយផ្លូវ១៩៦២ ក្នុងទិសដៅពីកើតទៅលិច។ លុះមកដល់ចំណុចកើតហេតុ ក៏ស្រាប់តែមានរថយន្តបង្កមួយគ្រឿងម៉ាក រ៉េនរ៉ូវើរ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ2R-0777 បើកបរដោយបុរសជាជនជាតិចិនចំនួន២នាក់ក្នុងស្ថានភាពស្រវឹងជោកជាំ បើកបញ្ច្រាសទិសដៅគ្នា និងក្នុងល្បឿនយ៉ាងលឿនដូចហោះ។
ខណៈពេលដែល រថយន្តបង្កបានព្យាយាមបើកវ៉ាជែងខាងឆ្វេងរថយន្តមួយគ្រឿងទៀតមិនចាំម៉ាកក៏ជ្រុលចូលផ្លូវម្ខាងទៀតទៅបុកនិងម៉ូតូខាងលើចំពីមុខពេញទំហឹង បណ្ដាលឲ្យបុរសរងគ្រោះទាំងពីរនាក់ហោះចេញពីម៉ូតូខ្ទាតទៅចិញ្ចើមផ្លូវបាក់កស្លាប់ភ្លាមៗយ៉ាងអាណោចអាធ័ម។
ចំណែកឯម៉ូតូបានខ្ទាតផ្លោងចេញពីលើផ្លូវប្រមាណ១០ម៉ែត្រទៅទើរលើគ្រែតាមចិញ្ចើមផ្លូវរងការខូចខាតយ៉ាងដំណំ។ រីឯរថយន្តបង្ករងការខូចខាតដាច់កាឡេនិងក្រពឹតកាងផ្នែកខាងមុខចំហៀងខាងឆ្វេងទៅមុខលែងរួច។ ភ្លាមៗក្រោយក៏មានសមត្ថកិច្ចមូលដ្ឋានបានចុះមកអន្តរាគមន៍ដល់កន្លែងកើតហេតុ និងបានធ្វើការឃាត់ខ្លួនបុរសជាជនជាតិចិនទាំងពីរនាក់ខាងលើនាំទៅកាន់ប៉ុស្តិ៍នគរបាលរដ្ឋបាលក្រាំងធ្នង់។
ក្រោយពេលកើតហេតុសមត្ថកិច្ចជំនាញ ក៏បានចុះមកធ្វើការវាស់វែងយកម៉ូតូ និងរថយន្តបង្ករួមជាមួយអ្នកបើកបររថយន្តបង្កទៅកាន់ការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញដើម្បីរង់ចាំធ្វើការដោះស្រាយនិងចាត់ការទៅតាមនីតិវិធី។ (សម្រួលដោយ៖ ស្រីណា)
ចែករំលែកព័តមាននេះ