ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សហភាព​អឺរ៉ុប​ត្រៀម​រៀបចំ​យុទ្ធសាស្ត្រ​ថ្មី​សម្រាប់​អភិវឌ្ឍន៍​កម្ពុជា​ក្នុង​រយៈពេល​មធ្យម

4 ឆ្នាំ មុន
  • ភ្នំពេញ

​រាជធានី​ភ្នំពេញ​៖ សហភាព​អឺរ៉ុប​ត្រៀម​រៀបចំ​យុទ្ធសាស្ត្រ​រួម​ថ្មី​ស្តី​ពី​កិច្ច​សហប្រតិបត្តិការ​អភិវឌ្ឍន៍​កម្ពុជា​ក៏​ដូច​ជា​ពិភាក្សា​និង​ផ្លាស់​ប្តូរ​យោបល់​លើ​បញ្ហា​ប្រឈម​និង​វិស័យ​អាទិភាព​របស់​កម្ពុជា​សម្រាប់​រយៈពេល​មធ្យម​៧​ទៅ​១០​ឆ្នាំ ពិសេស​ក្នុង​បរិបទ​នៃ​ការ​អនុវត្ត​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​កម្ពុជា​នឹង​ការ​ចាក​ចេញពី​ក្រុម​ប្រទេស​អភិវឌ្ឍន៍​តិចតួច​។ នេះ​បើ​យោង​តាម​សេចក្តីជូនដំណឹង​របស់​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​។ ​ ក្នុង​ជំនួប​ពិភាក្សា​ការងារ​រវាង លោក George Edgar ឯកអគ្គរដ្ឋទូត​សហភាព​អឺរ៉ុប​ប្រចាំ​កម្ពុជា…

​រាជធានី​ភ្នំពេញ​៖ សហភាព​អឺរ៉ុប​ត្រៀម​រៀបចំ​យុទ្ធសាស្ត្រ​រួម​ថ្មី​ស្តី​ពី​កិច្ច​សហប្រតិបត្តិការ​អភិវឌ្ឍន៍​កម្ពុជា​ក៏​ដូច​ជា​ពិភាក្សា​និង​ផ្លាស់​ប្តូរ​យោបល់​លើ​បញ្ហា​ប្រឈម​និង​វិស័យ​អាទិភាព​របស់​កម្ពុជា​សម្រាប់​រយៈពេល​មធ្យម​៧​ទៅ​១០​ឆ្នាំ ពិសេស​ក្នុង​បរិបទ​នៃ​ការ​អនុវត្ត​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​កម្ពុជា​នឹង​ការ​ចាក​ចេញពី​ក្រុម​ប្រទេស​អភិវឌ្ឍន៍​តិចតួច​។ នេះ​បើ​យោង​តាម​សេចក្តីជូនដំណឹង​របស់​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​។ ​

ក្នុង​ជំនួប​ពិភាក្សា​ការងារ​រវាង លោក George Edgar ឯកអគ្គរដ្ឋទូត​សហភាព​អឺរ៉ុប​ប្រចាំ​កម្ពុជា និង​លោក ឈៀង យ៉ា​ណា​រ៉ា រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយក​រដ្ឋមន្ត្រី អគ្គលេខាធិការ​គណៈក​ម្មា​ធិ​ការ​នីតិសម្បទា​និង​អភិវឌ្ឍន៍​ក​ម្ព​ជា​នៃ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា កាលពី​ថ្ងៃ​ទី​១២ ខែ មិថុនា បើ​តាម​សេចក្តីជូនដំណឹង​របស់ ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា បញ្ជាក់​ថា «​ជំនួប​នេះ​មាន​គោលដៅ​ចម្បង​គឺ​ដើម្បី​ពិភាក្សា​អំពី​ការ​ត្រៀម​រៀបចំ​យុទ្ធសាស្ត្រ​រួម​ថ្មី​របស់​សហភាព​អឺរ៉ុប​ស្តី​ពី​កិច្ច​សហប្រតិបត្តិការ​អភិវឌ្ឍន៍​ក​ម្ព​ជា​»​។

ប្រភព​ដដែល​បាន​បញ្ជាក់​ថា «​យុទ្ធសាស្ត្រ​ថ្មី​របស់​អឺរ៉ុប ស្តី​ពី​កិច្ច​សហប្រតិបត្តិការ​អភិវឌ្ឍន៍​សម្រាប់​កម្ពុជា​នឹង​បន្ត​អនុវត្ត​និង​ពង្រឹង​បន្ថែម​ទៅ​លើ​ភាព​ជោគជ័យ​ដែល​សម្រេច​បាន​ដោយ​យុទ្ធសាស្ត្រ​អឺរ៉ុប​២០១៤-២០១៩​។ យុទ្ធសាស្ត្រ​នេះ​នឹង​ត្រូវ​រៀបចំ​ឡើង​ដោយ​មាន​សង្ក​តិ​ភាព​ជាមួយនឹង​ផែនការ​និង​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​មាន ៖​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​៤, ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ​ឆ្នាំ​២០១៩​ដល់​២០២៣, ក្រប​ខណ្ឌ​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​កម្ពុជា​ឆ្នាំ​២០១៦-២០៣០​និង​យុទ្ធសាស្ត្រ​តាម​វិស័យ​ដទៃ​ទៀត​។ យុទ្ធសាស្ត្រ​ថ្មី​នេះ នឹង​ចូលរួម​ចំណែក​ក្នុង​ការ​អនុវត្ត​យុទ្ធសាស្ត្រ​ស្តី​ពី​កិច្ច​សហប្រតិបត្តិការ​អភិវឌ្ឍន៍​និង​ភាព​ជា​ដៃគូ​ឆ្នាំ​២០១៩​ដល់ ២០២៣ ដែល​ផ្តោត​សំខាន់​លើ​ការ​ពង្រឹង​ភាព​ជា​ម្ចាស់​ការ​របស់​រាជរដ្ឋាភិបាល​និង​ការ​ជំរុញ​ភាព​ជា​ដៃគូ​ប្រកបដោយ​បរិ​យា​ប័ន្ន​និង​លទ្ធផល​ក្នុង​កិច្ច​អភិវឌ្ឍន៍​នៅ​កម្ពុជា​។​ការ​រៀបចំ​យុទ្ធសាស្ត្រ​ថ្មី​របស់​សហភាព​អឺរ៉ុប​នេះ​គឺជា​សក្ខីភាព​នៃ​ការ​ប្តេជ្ញា​បន្ត​គាំទ្រ​របស់​ដៃគូ អឺរ៉ុប​សម្រាប់​គាំំ​ទ្រ​ដំណើរការ​នៃ​កិច្ច​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​នៅ​កម្ពុជា​»​។

បើ​តាម​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា យុទ្ធសាស្ត្រ​រួម​របស់​អឺរ៉ុប​ស្តី​ពី​កិច្ច​សហប្រតិបត្តិការ​អភិវឌ្ឍ​សម្រាប់​កម្ពុជា ឆ្នាំ​២០១៤​ដល់ ២០១៩ បាន​ដាក់​ឱ្យ​អនុវត្ត​ជា​ផ្លូវការ​កាលពី​ខែវិច្ឆិកា​២០១៤ ដោយ​ផ្តោត​លើ​អាទិភាព​ចំនួន​៥៖១) – វិស័យ​អភិបាលកិច្ច​, ២) – ការ​ជំរុញ​ដំណើរការ​សេដ្ឋកិច្ច​ប្រកបដោយ​សមធម៌ និង​ចីរភាព​, ៣) – ការ​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​រូប​វ័​ន្ត​, ៤) – ការ​បណ្តុះបណ្តាល​វិជ្ជាជីវៈ​និង​បង្កើត​ការងារ​និង ៥) – ការ​អភិវឌ្ឍ​ធន ធាន​មនុស្ស​។ ក្នុងអំឡុងពេល​នៃ​ការ​អនុវត្ត​យុទ្ធសាស្ត្រ​នេះ​ដៃគូ​អឺរ៉ុប បាន​បើក​ផ្តល់​ហិរញ្ញប្បទាន​សរុប ប្រមាណ​១.១៣០​លាន​ដុល្លារ​អា​មេ​រិ​ក ក្នុង​នោះ​ហិរញ្ញប្បទាន​ឥត​សំណង​ប្រមាណ​៨១៨​លាន​ដុល្លារ​អា​មេ​រិ​ក និង​ឥណទាន​សម្បទាន​ប្រមាណ​៣១១​លាន​ដុល្លារ​អា​មេ​រិ​ក​៕ កែសម្រួលដោយ ៖ សុឃាក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ