ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្សាន្ត​តាម​ដង​ទន្លេសាប​ទស្សនា​សត្វ​ស្លាប​ច្រើន​ប្រភេទ

4 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ៖ «​ព្រែក​ទាល់​» ជា​តំបន់ជីវៈ​ចម្រុះ​មួយ​ក្នុង​ចំណោម​បី​របស់​បឹង​ទន្លេសាប ស្ថិត​នៅ​ឃុំ​កោះ​ជី​វាំង ស្រុក​ឯក​ភ្នំ ខេត្តបាត់ដំបង ។ ទៅ​ព្រែក​ទាល់​ត្រូវធ្វើ​ដំណើរ​តាម​កាណូត​ចេញពី​ស្ទឹង​សង្កែ ក្រុង​បាត់ដំបង…

ខេត្តបាត់ដំបង ៖ «​ព្រែក​ទាល់​» ជា​តំបន់ជីវៈ​ចម្រុះ​មួយ​ក្នុង​ចំណោម​បី​របស់​បឹង​ទន្លេសាប ស្ថិត​នៅ​ឃុំ​កោះ​ជី​វាំង ស្រុក​ឯក​ភ្នំ ខេត្តបាត់ដំបង ។ ទៅ​ព្រែក​ទាល់​ត្រូវធ្វើ​ដំណើរ​តាម​កាណូត​ចេញពី​ស្ទឹង​សង្កែ ក្រុង​បាត់ដំបង ចំណាយពេល​ជិត​៤​ម៉ោង ក្នុង​ចម្ងាយ​ផ្លូវទឹក​ជាង​៥០​គីឡូម៉ែត្រ ឆ្លងកាត់​តំបន់​ប្រវត្តិសាស្ត្រ​ជា​ច្រើន​តាម​ផ្ទៃ​ទឹក ដូច​ជា​វត្ត​ឈើខ្មៅ​ជាដើម ។ វត្ត​នេះ​ប្រជាជន​មាន​ជំនឿ​ថា តួ​វិហារ​មិន​ចេះ​លិច​ទឹក​ឡើយ គឺ​អណ្តែត​តាម​ទឹក​ឡើង ទោះបី​មានទឹក​ឡើង​ខ្លាំង​លិច​តំបន់​ផ្សេង​ៗ​អស់​ក៏​ដោយ ហើយ​ក៏​ជា​ព្រំប្រទល់​ក្នុង​បឹង​ទន្លេសាប​ជាមួយ​ខេត្តសៀមរាប និង​ពោធិ៍សាត់ ។

បើ​ទៅ​ដល់​ព្រែក​ទាល់​ហើយ ចង់ទៅ​សៀមរាប​ជា​ការ​ងាយ​បំផុត ដោយ​ត្រូវ​ប្រើ​ពេល​ជិត​២​ម៉ោង អាច​ទៅ​ឡើង​នៅ​ចំណុច​ភ្នំ​ក្រោម​ក្នុង​ខេត្តសៀមរាប ។

តាម​ឯកសារ​របស់​មន្ទីរ​ទេសចរណ៍​ខេត្តបាត់ដំបង​បញ្ជាក់​ថា ជាមួយនឹង​ជម្រក​សត្វ​ស្លាប​ដ៏​ធំ និង​គួរ​ឲ្យ​ទាក់ទាញ ព្រែក​ទាល់​បាន​ក្លាយទៅជា​តំបន់​មួយ​ដែល​ទទួល​បាន​ភ្ងៀ​វ​ទេសចរ​ជា​ច្រើន​រៀង​រាល់​ឆ្នាំ ។ វា​ជា​កន្លែង​មួយ​ប្រមូលផ្ដុំ​សត្វ​ស្លាប​ដ៏​កម្រ​ជា​ច្រើន​ប្រភេទ​មក​រស់នៅ​ច្រើន​ច្រើន និង​បង្កើត​ជា​សំបុក​រស់នៅ​គួរ​ឲ្យ​ចង់​ទស្សនា ។ សត្វ​ស្លាប​ទាំងនោះ​មាន​ច្រើន​នៅ​ក្នុង​ចន្លោះ​ខែធ្នូ ដល់​ខែកុម្ភៈ ។ ភ្ញៀវ​ទេសចរ​នឹង​បាន​ឃើញ​ការ​ប្រមូលផ្ដុំ​ដ៏​អស្ចារ្យ​របស់​សត្វ​បក្សី​នានា ដូចដែល​អ្នក​តែងតែ​ឃើញ​នៅ​ក្នុង​រូបភាព​វី​ឌី​អូ​ឯកសារ​សត្វ​នោះ​ផង​ដែរ ។

នៅ​ពេល​ដែល​ទឹក​នា​តំបន់​ផ្សេង​ចាប់ផ្ដើម​ស្រក សត្វ​បក្សី​ពី​គ្រប់​ទិស​ទី​បាន​ទៅ​ជួបជុំ​គ្នា​នៅ​ទីនោះ ហើយ​បក្សី​ទាំងនោះ​នៅ​តែ​បន្ត​រស់នៅ​ក្នុង​តំបន់​នេះ​រហូត​ដល់​ចុងខែ​កុម្ភៈ ប៉ុន្តែ​ទឹក​មិនសូវ​ជា​ច្រើន​ដូច​ពេល​មុន​ប៉ុន្មាន​ទេ ។ លោក​អ្នក​ក៏​អាច​ឃើញ​សត្វ​ស្លាប​ទាំងនោះ​ផង​ដែរ​នៅ​ក្នុង​អំឡុង​ខែកញ្ញា ប៉ុន្តែ​វា​មិនសូវ​មាន​ចំនួន​ច្រើន​ប៉ុន្មាន​ដូច​ខែ​ទឹក​ស្រក​ទេ ។

អ្នកជំនាញ​បញ្ជាក់​ថា ពេលវេលា​ដែល​ល្អ​បំផុត​សម្រាប់​ការ​ទស្សនា​សត្វ​នៅ​ព្រែក​ទាល់​គឺ​ពេល​ព្រឹក​ព្រលឹម និង​ពេល​រសៀល ដូច្នេះ​បើ​អស់លោក​អ្នក​ចង់​ទស្សនា​ទិដ្ឋភាព​ដ៏​អស្ចារ្យ​របស់​សត្វ​ស្លាប​ទាំងនេះ ត្រូវ​តែ​ចំណាយពេល​មួយ​យប់​ក្នុង​ការ​ស្នាក់​នៅ​ក្នុង​តំបន់​ព្រែក​ទាល់ ដែល​លោក​អ្នក​អាច​ស្នាក់​អាស្រ័យ​នៅ​ក្នុង​ការិយាល័យ​បរិស្ថាន​ព្រែក​ទាល់​បាន ជាមួយនឹង​ការ​រៀប​ចំការ​ស្នាក់​នៅ​បែប​សាមញ្ញ ប៉ុន្តែ​អាច​ទទួលយក​បានជា​មួយ​តម្លៃ​ចន្លោះ​១៥​ទៅ​២០​ដុល្លារ​ប៉ុណ្ណោះ ។

សម្រាប់​ការ​ទស្សនា​នៅ​ទីនោះ​អ្នក​អាច​នឹង​ចំណាយពេល​ច្រើន​បន្តិច ព្រោះ​អ្នក​ត្រូវធ្វើ​ដំណើរ​តាម​ទូក​លើ​ផ្លូវទឹក មិន​បាន​លឿន​ដូច​ផ្លូវគោក​បាន​ឡើយ ហើយ​វា​ក៏​ត្រូវការ​ចំណាយ​ផ្សេង​ៗ​ជា​ច្រើន​ទៀត ព្រោះ​មុន​នឹង​ទៅ​ដល់ទី​នោះ​អ្នក​ត្រូវធ្វើ​ដំណើរ​ទៅ​កាន់​កំពង់​ផែ​ចុង​ឃ្នាស ឬ​កំពង់​ផែ​មេ​ជ្រៃ (​អាស្រ័យ​ទៅ​លើ​កម្ពស់​ទឹក​) ហើយ​អ្នក​ត្រូវ​ជួល​ទូក​ទៅ​កាន់​ព្រែក​ទាល់​ដោយ​ចំណាយ​ពី​៤៥​ទៅ​៥០​ដុល្លារ​សម្រាប់​ទូក​មួយ (​អាច​ជិះ​បាន​ពី​៣​ទៅ​៤​នាក់​) ។ ពេល​ទៅ​ដល់ទី​នោះ​អ្នក​ត្រូវ​ចំណាយ​ថ្លៃ​ទូក​តូច​មួយទៀត​សម្រាប់​ចល័ត​ដែល​មាន​តម្លៃ​ចន្លោះ​ពី​៣៥ ទៅ​៤៥​ដុល្លារ សម្រាប់​ការ​ទស្សនា​ព្រៃ និង​សត្វ​ស្លាប (​រយៈពេល​ប្រហែល​មួយ​ម៉ោង​)​។

សម្រាប់​ការ​ចំណាយ​របស់​អ្នក​នៅ​តំបន់​ទេសចរណ៍​ព្រែក​ទាល់ គឺ​មាន​ន័យ​ថា លោក​អ្នក​បាន​ចូលរួម​ចំណែក​នៅ​ក្នុង​ការ​ជួយ​លើ​វិស័យ​អប់រំ និង​អភិរក្ស​ស្រឡាញ់​ទីនោះ​សប្បាយ​ជាមួយ​សត្វ​បក្សី​នៅ​តំបន់​នោះ​យ៉ាង​ប្លែក​ភ្នែក ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ