ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកជំនាញ​៖ ធ្វើ​កសិកម្ម​ចង់​ទទួល​បាន​ប្រាក់​ចំណេញ​កសិករ​ទាល់តែ​ក្លាយ​ខ្លួន​ជា Smart Farmer

4 ឆ្នាំ មុន
  • ភ្នំពេញ

​រាជធានី​ភ្នំពេញ​៖ ដោយសារ​តែ​មើលឃើញ​ថា ប្រជា​កសិករ​ខ្មែរ​ដែល​ប្រកប​របរ​កសិកម្ម តែងតែ​ប្រឈម​មុខជា​ខ្លាំង​នៅ​រដូវ​ប្រមូល​ផល​ម្តង​ៗ ព្រោះ​តម្លៃ​ស្រូវ​និង​កសិផល​ផ្សេង​ទៀត​តែងតែ​ធ្លាក់​ថ្លៃ ជា​ហេតុ​ធ្វើ​ឱ្យ​កសិករ​មិនសូវ​ទទួល​បាន​ប្រាក់​ចំណេញ​ដូច​ការ​ចង់បាន​នោះឡើយ​។ ប៉ុន្តែ​មក​ដល់​បច្ចុប្បន្ន​នេះ​អ្នកជំនាញ​ក្នុង​វិស័យ​កសិកម្ម បាន​និយាយ​ថាបើ​កសិករ​មាន​ផ្ទៃដី​៣​ហិ​កតា​ឡើង​ចង់​ធ្វើ​កសិកម្ម​ឱ្យ​ទទួល​បាន​ប្រាក់​ចំណេញ ឬ​មិន​ខាតបង់​ដូច​គ្រា​មុន​ៗ​នោះ​ទេ ទាល់តែ…

​រាជធានី​ភ្នំពេញ​៖ ដោយសារ​តែ​មើលឃើញ​ថា ប្រជា​កសិករ​ខ្មែរ​ដែល​ប្រកប​របរ​កសិកម្ម តែងតែ​ប្រឈម​មុខជា​ខ្លាំង​នៅ​រដូវ​ប្រមូល​ផល​ម្តង​ៗ ព្រោះ​តម្លៃ​ស្រូវ​និង​កសិផល​ផ្សេង​ទៀត​តែងតែ​ធ្លាក់​ថ្លៃ ជា​ហេតុ​ធ្វើ​ឱ្យ​កសិករ​មិនសូវ​ទទួល​បាន​ប្រាក់​ចំណេញ​ដូច​ការ​ចង់បាន​នោះឡើយ​។ ប៉ុន្តែ​មក​ដល់​បច្ចុប្បន្ន​នេះ​អ្នកជំនាញ​ក្នុង​វិស័យ​កសិកម្ម បាន​និយាយ​ថាបើ​កសិករ​មាន​ផ្ទៃដី​៣​ហិ​កតា​ឡើង​ចង់​ធ្វើ​កសិកម្ម​ឱ្យ​ទទួល​បាន​ប្រាក់​ចំណេញ ឬ​មិន​ខាតបង់​ដូច​គ្រា​មុន​ៗ​នោះ​ទេ ទាល់តែ កសិករ​ប្រែក្លាយ​ខ្លួនឯង​ទៅ​ជា​កសិករ​បែប​ពាណិជ្ជកម្ម (E-farmer) ឬ កសិករ​វ័យឆ្លាត (Smart Farmer) ។

​លោក​ឧក​ញ្ញ៉ា សុង សា​រ៉​ន អគ្គនាយក​ក្រុមហ៊ុន អេ​ម​រុ រាយ​ស៍ មាន​ប្រសាសន៍​ថា «​ការ​ធ្វើ​កសិកម្ម​បែប​ពាណិជ្ជកម្ម​ដើម្បី​បាន​ចេញ​បាន ទាល់តែ​យើង​ពាំនាំ​មក​នៅ​បច្ចេកវិទ្យា​ថ្មី​ដល់​កសិករ គឺ​យើង​ចង់ឱ្យ​គាត់​ក្លាយជា E-farmer ឬ Smart Farmer ។ បាន​ន័យ​ថា​នៅ​ពេល​គាត់​ចាប់ផ្តើម​ធ្វើ​កសិកម្ម​ភ្លាម គាត់​ដឹង​ថា​គាត់​ត្រូវ​ចំណេញ​ប៉ុន្មាន​រួច​ហើយ​។ ចង់ឱ្យ​គាត់​ក្លាយជាសហគ្រិន​កសិកម្ម គាត់​អាច​ធ្វើ​អ្វី​ផ្សេង​ទៀត​បាន​ដោយ​ខ្លួនឯង ហើយ​កសិផល​នីមួយ​ៗ​របស់​គាត់​ត្រូវ​គិត​ពី​ប្រាក់​ចំណេញ​រួច​ហើយ​»​។

លោក​ឧក​ញ្ញ៉ា​បន្ត​ថា កសិករ​អាច​ធ្វើ​កសិកម្ម​អាច​ចំណេញ​បាន​ទាល់តែ​កសិករ​នោះ​គាត់​មាន​ផ្ទៃដី​ដាំ​ដុះ​៣​ហិ​កតា​ឡើង​។​ផ្អែក​លើ​ទំហំ​ផ្ទៃដី​នេះ បើ​តាម​បទ​ពិសោធន៍​ធ្វើការ​ជាមួយ អេ​ម​រុ រា​យស៍​កន្លង​មក គាត់​(​កសិករ​) អាច​រក​ប្រាក់​ចំណេញ​បាន​មិន​ក្រោម​៨០០​ទៅ​១​ពាន់​ដុល្លារ​អា​មេ​រិ​ក ក្នុង​រយៈពេល​៣​ទៅ​៤​ខែ​ដែល​គាត់​ដាំ​ដុះ​ស្រូវ​នេះ​។

​អគ្គនាយក​ក្រុមហ៊ុន អេ​ម​រុ រាយ​ស៍ បាន​លើក​ឡើង​ថា «​បើ​យើង​វិភាគ​ដល់​ប្រាក់​ចំណេញ​សរុប​ខាងលើ​ដែល​កសិករ​ទទួល​បាន ផ្ទៃដី​ស្រែ​ពី​មុន​មួយ​ហិ​កតា កសិករ​លក់​ថ្លៃ២០០០ ដុល្លារ​អា​មេ​រិ​ក តែ​មក​ដល់​សព្វ​ថ្ងៃនេះ​គាត់​អាច​ធ្វើស្រែ​តែ​២​ឆ្នាំ គឺ​រួច​ថ្លៃ​ដីស្រែ​។ លើស​ពី​នេះ បើ​យើង​វិភាគ​ទៅ​ការ​ធ្វើ​អាជីវកម្ម​វិញ គាត់​ធ្វើស្រែ​បាន​ចំណេញ​ច្រើន ហើយ​គាត់​អាច​ហ៊ាន​ទិញ​ដី​ក្នុង​មួយ​ហិ​កតា​ថ្លៃ​១​ម៉ឺន​ដុល្លារ​អា​មេ​រិ​ក ក៏​គាត់​ហ៊ាន​ទិញ​ដី​ធ្វើស្រែ​ដែរ ព្រោះ​នៅ​ពេល​គាត់​មាន​ទឹកចិត្ត​បែប​នេះ គាត់​អាច​ខ្ចី​ឥណទាន​ពី​ក្រុមហ៊ុន​សម្រាប់​ធ្វើស្រែ​នេះ​បាន​»​។

បើ​តាម​ការ​សង្កេត​របស់​អ្នកជំនាញ​ខាងលើ​មើលឃើញ​ថា​កសិករ​បាន​ពង្រីក​ដី​ធ្វើស្រែ​ពី​៣​ទៅ​៤​ហិ​កតា​មាន​ចំនួន​ច្រើន​ជាង​ពី​ពេល​មុន​ៗ ផ្អែក​តាម​រយៈ​ការ​ប្រើប្រាស់​ត្រាក់ទ័រ​, ម៉ាស៊ីន​ច្រូតកាត់​, ម៉ាស៊ីន​ដាំ​ដុះ​និង​ម៉ាស៊ីន​ពង្រៀប​ដីស្រែ ហើយ​ទិន្នផល​និង​តម្លៃ​លក់​បាន​ជូន​ក្រុមហ៊ុន​ថ្លៃ​ជាង​ពេល​កន្លង​មក ។ ដោយឡែក​សម្រាប់​ម្ចាស់​រោង​ម៉ាស៊ីន​ក៏​ទទួល​បាន​ប្រាក់​ចំណេញ ដោយសារ​គុណភាព​ស្រូវ​កើនឡើង​ធ្វើ ឱ្យ​ការ​កិនស្រូវ​ទទួល​បាន​បរិមាណ​ច្រើន​។

សម្រាប់​កសិករ​ដែល​មាន​ផ្ទៃដី​ក្រោម​៣​ហិ​កតា​ដើម្បី​ទទួល​បាន​ប្រាក់​ចំណេញ ឬ​មិន​ខាតបង់ តាម​រយៈ​ការ​ធ្វើ​កសិកម្ម​នៅ​ពេល​បច្ចុប្បន្ន​នេះ បើ​តាម​លោក​ឧក​ញ្ញ៉ា សុង សា​រ៉​ន មាន​ប្រសាសន៍​ថា កសិករ​ត្រូវ​ចេះ​ធ្វើ​ពិពិធ​កម្ម នៅ​ពេល​មាន​ប្រភព​ទឹក​គ្រប់គ្រាន់ កសិករ​អាច​ដាំ​បន្លែបង្កា​ផ្សេង​ៗ​ដើម្បី​ទទួល​បាន​ប្រាក់​ចំណូល​បន្ថែម​ពី​ការ​ដាំ​ដុះ​ស្រូវលោក​ឧកញ៉ា​បាន​បន្ត​ថា «​បើសិន​គាត់​មាន​ដី​ត្រឹម​ជាង​១,៥​ហិ​កតា ។ ដូចនេះ​គាត់​ត្រូវធ្វើ​ស្រូវ​សម្រាប់​ហូប​កន្លះ​ហិ​កតា និង​មួយ​ហិ​កតា​ផ្សេង​ទៀត​សម្រាប់​នាំ​ចេញ​។ ការ​ធ្វើ​បែប​នេះ​ទើប​អាច​ឱ្យ​មាន​ប្រាក់​ចំណេញ​បាន តែបើ​គាត់​ធ្វើ​សម្រាប់​តែ​ហូប​នោះ​ទេ ប្រហែលជា​លំបាក​ហើយ ក្នុង​ការ​ប្រកួតប្រជែង​នៅ​ក្នុង​ទីផ្សារ​សព្វថ្ងៃ​នេះ ព្រោះ​គេ​ត្រូវការ​គុណភាព​សម្រាប​នាំចេញ​។​ដូចនេះ​យើង​ត្រូវ​រៀបចំ​ផែនការ បើ​យើង​មាន​ដីស្រែ​១,៥​ហិ​កតា យើង​ធ្វើ​ស្រូវ​សម្រាប់​ហូប​លើ​ផ្ទៃដី​កន្លះ​ហិ​កតា និង​មួយ​ហិ​កតា​ផ្សេង​ទៀត​ធ្វើ​សម្រាប់​នាំ​ចេញ​» ។

យោង​តាម​របាយការណ៍​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់​និង​នេសាទ​ប្រចាំត្រីមាស​ទី​១​ឆ្នាំ​២០១៩​កន្លង​ទៅ​បង្ហាញ​ថា ក្នុង​ត្រីមាស​ទី​១​នេះ តាម​ការ​កត់សម្គាល់​ឃើញ​ថា កា​រប​ង្កើ​បង្កើន​ផល​ស្រូវប្រាំង នៅ​ទូ​ទាំង​ប្រទេស​សម្រេច​បាន ជាង​៥៩​ម៉ឺន​ហិ​កតា ស្មើនឹង​១៣៣% នៃ​ផែនការ​ជាង​៤៤​ម៉ឺន​ហិ​កតា​។ ល្បឿន​ការ​បង្កបង្កើន​ផលដំណាំ​ស្រូវប្រាំង គិត​ត្រឹម​ថ្ងៃ​ទី​៦ មីនា ឆ្នាំ​២០១៩៖​ផ្ទៃដី​ភ្ជួ​រាស់​សម្រេច​បាន​ចំនួន​៦៣​ម៉ឺន​ហិ​កតា​ក្នុង​នោះ​ភ្ជួរ​រាស់​ដោយ​គោ ក្របី​បាន​ជាង​៦​ពាន់​ហិ​កតា​និង​ដោយ​គ្រឿងយន្ត​បាន​ជាង​៦២​ម៉ឺន​ហិ​កតា​លើស​ឆ្នាំ​មុន​ជាង​៧​ម៉ឺន​ហិ​កតា​៕ កែសម្រួលដោយ ៖សុឃាក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ