រាជធានីភ្នំពេញ ៖ យុវជនម្នាក់សង្ស័យប្រើប្រាស់គ្រឿងញៀនរហូតដល់កម្រិតបែកថ្នាំ ខណៈពេលដើរជួបបុរសអ្នកលក់ធ្យូងម្នាក់ ស្រាប់តែយុវជននេះក៏ចាប់បោកអ្នកលក់ធ្យូងដូចកង្កែប កុំតែបានអ្នកជិតខាងឃើញរត់ទៅជួយទាន់ កុំអីប្រហែលបុរសជាអ្នកលក់ធ្យូងនោះរងរបួសធ្ងន់ធ្ងរបាត់ទៅហើយ។
បន្ទាប់មកយុវជនខាងលើបានរត់ឆ្លេឆ្លារចុះឡើងៗ ហើយទាញបានកាំបិត១រត់ដេញកាប់ប្រជាពលរដ្ឋធ្វើឲ្យម្នាក់ៗមានការភ័យខ្លាចយ៉ាងខ្លាំង ប៉ុន្តែកាប់មិនបាន ទើបយុវជននេះបោកក្បាលខ្លួនឯងផ្ទប់នឹងជញ្ជាំងផ្ទះ បណ្ដាលឲ្យបែកហូរឈាមកក្លាក់ ។ ចំណែកកម្លាំងនគរបាលប៉ុស្តិ៍ចោមចៅ១បានចុះទៅអន្តរាគមន៍ ប៉ុន្តែប្រើពេលយ៉ាងយូរទម្រាំតែចាប់យុវជននោះបាន រួចវាយខ្នោះដៃខ្នោះជើងតែម្ដង ព្រោះបើមិនធ្វើដូច្នេះទេ គឺយុវជនខាងលើនេះនឹងរត់ទាំងដៃជាប់ខ្នោះបង្កការលំបាកថែមទៀតជាមិនខានឡើយ។
ហេតុការណ៍ខាងលើនេះបានបង្កការភ្ញាក់ផ្អើលកើតឡើងកាលពីវេលាម៉ោង១១និង៣០នាទីព្រឹកថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៩ នៅតាមផ្លូវវ៉េងស្រេង ស្ថិតនៅក្នុងភូមិត្រពាំងថ្លឹង១ សង្កាត់ចោមចៅ១ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ ។
យុវជនដែលគេសង្ស័យបែកថ្នាំខាងលើនេះ មិនត្រូវបានស្គាល់អត្តសញ្ញាណ និងមិនដឹងមានទីលំនៅ ឯណានោះទេ បានរងរបួសបែកក្បាលយ៉ាងដំណំ ដោយសារតែរូបគេបោកក្បាលផ្ទប់ជញ្ជាំងផ្ទះដោយខ្លួនឯង។
តាមប្រភពពីអ្នកភូមិបាននិយាយឲ្យដឹងថា មុនពេលកើតហេតុខាងលើ ពួកគាត់មិនបានចាប់អារម្មណ៍ថា យុវជនបែកថ្នាំម្នាក់នេះដើរចេញពីកន្លែងណាមួយនោះទេ លុះពេលទៅដល់ត្រង់ចំណុចកើតហេតុខាងលើ ក៏បានស្ទុះចូលទៅចាប់បុរសអ្នកលក់ធ្យូងម្នាក់បោកដូចកង្កែប។ លុះពេលឃើញបែបនេះ អ្នកជិតខាងបាននាំគ្នារត់ទៅជួយ ទើបបុរសអ្នកលក់ធ្យូងបានរួចផុតពីគ្រោះថ្នាក់ ចំណែកយុវជននោះក៏បានរត់ឆ្លេឆ្លា ហើយទាញបានកាំបិត១ពីផ្ទះក្បែរនោះរួចបានដេញកាប់ប្រជាពលរដ្ឋតាមផ្លូវ និងផ្ទះជួល បណ្ដាលឲ្យម្នាក់ៗភ័យព្រលឹងចុងសក់គ្រប់ៗ ប៉ុន្តែកាប់មិនបានឡើយ បន្ទាប់មកយុវជននេះបានស្រែកឡូឡា រួចបោកក្បាលខ្លួនឯងផ្ទប់នឹងជញ្ជាំងផ្ទះ បណ្ដាលឲ្យរងរបួសបែកហូរឈាមកក្លាក់តែម្ដង។
តាមប្រភពដដែលបានបន្តថា ពេលនោះបានបង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ចំណែកកម្លាំងនគរបាលប៉ុស្តិ៍ចោមចៅ១ក៏បានចេញទៅអន្តរាគមន៍ ដើម្បីចាប់ខ្លួនយុវជនជននេះ ប៉ុន្តែពេលទៅដល់បានប្រើពេលយ៉ាងយូរទម្រាំតែចាប់បាន មិនតែប៉ុណ្ណោះក្រោយពេលចាប់បានហើយ យុវជននេះបានរើបំរះយ៉ាងខ្លាំង ទើបនគរបាលសម្រេចដាក់ទាំងខ្នោះដៃ និងខ្នោះជើង រួចនាំទៅប៉ុស្តិ៍នគរបាល បន្ទាប់មកទើបបញ្ជូនបន្តទៅកាន់មណ្ឌលសង្គមកិច្ចរាជធានីភ្នំពេញ៕ (កែសម្រួលដោយ ៖ ធីតា)
ចែករំលែកព័តមាននេះ