រាជធានីភ្នំពេញ ៖ ដើម្បីទប់ស្កាត់ការរាតត្បាតពីដង្កូវហ្វូងប្រភេទថ្មី (Fall Amyworm) ដែលកំពុងបំផ្លាញ់ផលិតផលដំណាំពោតនៅកម្ពុជា ក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទបាននឹងកំពុងដាក់ចេញវិធានការធ្វើការណែនាំដល់អង្គភាពពាក់ព័ន្ធ ក្រោមឳវាទ មន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្ត ព្រមទាំងប្រជាកសិករដែលបានដាំដំណាំពោតទាំងអស់ត្រូវចូលរួមសហការអនុវត្តន៍នូវវិធានការមួយចំនួន ។
យោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៩ ស្ដីពីការបង្ការនិងទប់ស្កាត់ការរាតត្បាតបំផ្លាញពីសំណាក់ដង្កូវហ្វូងប្រភេទ (Fall Amyworm ) លើដំណាំពោតបានឲ្យដឹងថា ថ្មីៗនេះក្រសួងបានចាត់មន្ត្រីជំនាញចុះពិនិត្យ និងតាមដានលើវត្តមាននូវដង្កូវ (Fall Amyworm ) ប្រភេទថ្មីនេះដោយជាលទ្ធផលបានបង្ហាញថា ពិតជាមានការគំរាមកំហែងដល់ធ្ងន់ធ្ងរលើផលិតកម្មដំណាំពោតនៅប្រទេសកម្ពុជាព្រោះ ជាប្រភេទសត្វល្អិតចង្រៃដែលមានកម្រិតនៃការរាតត្បាតបំផ្លាញលឿនបំផុត ហើយស្ថិតក្នុងកាលៈទេសៈ ដែលប្រទេសកម្ពុជាបានទទួលរងនូវបាតុភូតអែលនីណូ បណ្ដាលឲ្យមានរដូវប្រាំងក្ដៅខ្លាំង អូសបន្លាយរយៈពេលវែង ធ្វើឲ្យមានលក្ខខណ្ឌកាន់តែសមប្រកបសម្រាប់ដង្កូវហ្វូងប្រភេទថ្មីនេះ មានលទ្ធភាពបង្កើនការរាលដាលឆ្លង និងបំផ្លាញដំណាំពោតកាន់តែលឿន ។
ប្រភពបានបន្តថា ជាក់ស្ដែងគិតត្រឹមថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៩នេះ មានផ្ទៃដីដំណាំពោតដែលរងការបំផ្លាញដោយដង្កូវហ្វូងប្រភេទថ្មីនេះ សរុបចំនួន១១ ១៤២ ហិកតា ដែលក្នុងនោះ ខេត្តប៉ៃលិនមានចំនួន២៥៤៤ ហិកតា បាត់ដំបងមាន៣០៣៣ហិកតា បន្ទាយមានជ័យមាន ៤ ៧១៥ហិកតា និងខេត្តត្បូងឃ្មុំមានចំនួន៨៥០ហិកតា ។
សេចក្តីប្រកាសបញ្ជាក់ថា«ក្នុ្ងងគោលបំណង ដើម្បីទប់ស្កាត់ការរាតត្បាត និងបំផ្លាញពីដង្កូវហ្វូងប្រភេទថ្មីខាងលើ ព្រមទាំងធានាបាននូវ និរន្តរភាពនៃផលិតកម្ម និងការនាំចេញផលិតផលពោតនោះក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ សូមធ្វើការណែនាំដល់គ្រប់អង្គភាព ពាក់ព័ន្ធក្រោមឳវាទ មន្ទីរកិសកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត និងបងប្អូនប្រជាកសិករ ដែលដាំដុះដំណាំពោតទាំងអស់ត្រូវចូលរួមសហការអនុវត្តន៍នូវវិធានការមួយចំនួន» ៕ កែសម្រួលដោយ ៖ សុឃាក់
ចែករំលែកព័តមាននេះ