ល្បិច​ម្ល៉េះ​! យក​លេស​ហ៊ាន​ចូល​ដល់​ក្នុង​បន្ទប់​ស្ត្រី​អ្នកជំងឺ​ប្រព្រឹត្តិ​បែប​នេះ


រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​ម្នាក់​ត្រូវ​កម្លាំង​សមត្ថកិច្ច​ប៉ុស្តិ៍​ទំនប់​ធ្វើការ​ឃាត់ខ្លួន​យក​ទៅ​សាកសួរ បន្ទាប់​ពី​ជនសង្ស័យ​រូប​នោះ​ធ្វើ​សកម្មភាព​លួច​យក​ទូរស័ព្ទ​២​គ្រឿង​របស់​អ្នកជំងឺ​ម្នាក់ និង​អ្នក​កំដរ​ម្នាក់​ដែល​កំពុង​​តែ​សំរាក​ព្យាបាល​ជំងឺ​ក្នុង​មន្ទី​ពេទ្យ បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ឡើង​កាលពី​ម៉ោង​៥​និង​៣០​នាទី​ល្ងាច ថ្ងៃ​ទី​១៣ ខែឧសភា ឆ្នាំ​២០១៩ នៅ​ក្នុង​មន្ទី​ពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត ចំណុច​អគារ​មហារីក ហើយ​ឃាត់​ខ្លួន​បាន​នៅ​ហាង​កាហ្វេ ផ្លូវ​១៩៩ ភូមិ​៤ សង្កាត់​ទំនប់​ទឹក ខណ្ឌចំការមន ។

ជនសង្ស័យ​ដែល​ត្រូវ​ឃាត់ខ្លួន​ខាងលើ ឈ្មោះ ជា មេ​សា ភេទ​ប្រុស អាយុ​៣២​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ស្នាក់​នៅ ផ្ទះ​ជួល ក្នុងភូមិ​ភ្នា​ត សង្កាត់​ស្ទឹង​មាន​ជ័យ​២ ខណ្ឌមានជ័យ មានស្រុក​កំណើត​ភូមិ​ជ្រៃ​កោង ឃុំ​ស្លា​កែ​ត ស្រុក​បាត់ដំបង ខេត្តបាត់ដំបង ចំណែក​វត្ថុ​តាង​ដែល​ដកហូត​បាន​មាន​ទូរស័ព្ទ​ដៃ​ចំនួន​២​គ្រឿង ម៉ាក​ហូ​វ៉ៃ មួយ​គ្រឿង និង​មួយ​គ្រឿង​ទៀត​ម៉ាក VIVO មួយ​គ្រឿង​ដែល​ជា​របស់​ជន​រង​គ្រោះ ។ ចំណែក​ជន​រង​គ្រោះ​ឈ្មោះ ហុង មុំ ភេទ​ស្រី អាយុ​៣៨​ឆ្នាំ មុខរបរ​នៅផ្ទះ មានស្រុក​កំណើត​ខេត្តកំពង់ស្ពឺ ជា​អ្នកជំងឺ​សំរាក​នៅ​មន្ទី​ពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត និង​ម្នាក់​ទៀត​ឈ្មោះ កែវ សីហា ភេទ​ប្រុស អាយុ​១៧​ឆ្នាំ មុខរបរ​សិស្ស ស្នាក់​នៅ​ភូមិ​ផ្ល​យ​សណ្តាយ ឃុំ​ពង្រ សង្កាត់​ដង្កោ ខណ្ឌដង្កោ ជា​អ្នក​កំដរ​អ្នកជំងឺ ។

បើ​តាម​សំដី​លោក ផ​ន សំ​អូន នាយ​ប៉ុស្តិ៍​នគរបាល​ទំនប់​ទឹក ឱ្យ​ដឹង​ថា មុន​នឹង​ឈាន​ទៅ​ដល់​ការ​ឃាត់​ខ្លួន​ជនសង្ស័យ​ខាងលើ​នេះ គឺ​មាន​ជន​រង​គ្រោះជា​អ្នកជំងឺ​ម្នាក់ និង​ជា​អ្នក​កំដរ ម្នាក់​បាន​មក​សំរាក​ព្យា​បាល​ជំងឺ​នៅ​មន្ទី​ពេទ្យ​ខាងលើ លុះដល់​ម៉ោង​កើតហេតុ​ស្រាប់តែ​មាន​បុរស​ជា​ជនសង្ស័យ​ម្នាក់​ដើរ​ចូល​ទៅ​ក្នុង​បន្ទប់​អ្នកជំងឺ ដោយ​យក​លេស​ថា យក​អ្នកជំងឺ​ចូល​ដេក​បន្ថែម​ទៀត ហើយ​គាប់​ជួន​ឃើញ​ទូរស័ព្ទ​របស់​ជន​រង​គ្រោះ​២​គ្រឿង​កំពុង​តែ​សាក​ថ្ម​ទុក​ចោល ទើប​ជនសង្ស័យ​រូប​នោះ ក៏​លួច​យក​ទៅ​តែ​ម្តង ។

ប្រភព​ដដែល​បន្ត​ថា ភ្លាម​ៗ​នោះ​ដែរ ស្ត្រី​រង​គ្រោះ​ឃើញ​ក៏​ស្រែក​ផ្អើល​ឆោឡោ​ថា «​ចោរ​ៗ» ផ្អើល​ដល់​សន្តិ​សុខ​យាម​នៅ​មន្ទី​ពេទ្យ រត់​ដេញ​តាម​ចាប់​រហូត​ដល់​ហាង​កាហ្វេ​មួយ​កន្លែង ស្ថិត​នៅ​ផ្លូវ​១៩៩ សង្កាត់​ទំនប់​ទឹក គាប់​ជួន​ជួបនឹង​កម្លាំង​ល្បាត​របស់​ប៉ុស្តិ៍​នគរបាល​ទំនប់ ក៏​សហការ​គ្នា​ឃាត់ខ្លួន​ជនសង្ស័យ​បាន ព្រម​ឆែកឆេរ​រក​ឃើញ​ទូរស័ព្ទ​ដៃ​២​គ្រឿង ជា​របស់​ជន​រង​គ្រោះ ទើប​នាំ​ខ្លួន​ទៅ​សាកសួរ​នៅ​ប៉ុស្តិ៍​នគរបាល​ទំនប់​ទឹកតែ​ម្តង ។

នៅ​ចំពោះ​មុខ​សមត្ថកិច្ច ជនសង្ស័យ បាន​សារភាព​ថា រូបគេ​ពិតជា​បាន​ធ្វើ​សកម្មភាព លួច​យក​ទូរ​សព្ទ័​ចំនួន​២​គ្រឿង​របស់​ជន​រង​គ្រោះ ដែល​សំរាក​ព្យាបាល​ជំងឺ​នៅ​មន្ទី​ពេទ្យ​ពិតប្រាកដ​មែន ។ ក្រោយ​កើត​ហេតុ បន្ទាប់​ពី​សាកសួរ​រួច ជន​រង​គ្រោះ​បាន​ដាក់​ពាក្យបណ្តឹង​ឱ្យ​សមត្ថកិច្ច​ចាត់ការ​តាម​ផ្លូវច្បាប់ ចំណែក​ជនសង្ស័យ​ត្រូវ​សមត្ថកិច្ច​កសាង​សំណុំរឿង​បញ្ជូន​ទៅ​អធិការដ្ឋាន​ខណ្ឌចំការមន ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

Facebook Google Twitter Email

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ