ឃើញ​ដឹក​កា​រ៉ុ​ង​គួរ​ឱ្យ​សង្ស័យ លុះ​ពលរដ្ឋ​ស្ទាក់​សួរ​បែកធ្លាយ​ទើប​ដឹង


ខេត្ត​ប៉ៃលិន ៖ កូន​គោមួយ​ក្បាល​មិន​ទាន់​ឈប់​បៅដោះ​មេផង​ ​និង​​មាន​ទម្ងន់​ប្រហែល​៤០​ទៅ​៥០​គីឡូក្រាម ត្រូវ​បានក្រុម​​ជនសង្ស័យ​ធ្វើ​សកម្មភាព​លួច​ដោយ​ចូល​ទៅ​ឆក់​ឱ្យ​ដួល រួច​ចាប់​វះ​ពោះ​ច្រក​ក្នុង​កា​រ៉ុ​ង​បម្រុង​ដឹក​យក​ទៅ​លក់​នៅ​ក្នុង​ខេត្តបាត់ដំបង ខណ​:​ម្ចាស់​ចង​មេគោ​ទុក​ចោល​នៅ​ក្បែរ​គ​ម្ពោ​តព្រៃ លុះ​ប្រជាពលរដ្ឋ​ប្រទះ​ឃើញ​ដឹកការ៉ុង​​លើ​ម៉ូតូ​​គួរ​ឱ្យសង្ស័យ​ក៏​ស្ទាក់​សួរ ស្រាប់តែ​ជនសង្ស័យ​ទាំង​២​នាក់​នោះ​ទម្លាក់​កា​រ៉ុ​ង​នោះ​ចោល រួច​បើក​ម៉ូតូ​យ៉ាង​លឿន​គេចខ្លួន​បាត់​ស្រមោល ។

ហេតុការណ៍​ខាងលើ​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១​និង​៣០​នាទី​ថ្ងៃ​ទី​១៣ មិថុនា ឆ្នាំ​២០១៩ នៅ​ក្នុង​ឃុំ​ស្ទឹង​ត្រង់ ស្រុក​សាលា​ក្រៅ ។

ប្រភព​ព័ត៌មាន​ពី​លោក រី ដា​រា អធិការ​នគរបាល​ស្រុក​សាលា​ក្រៅ​បានឱ្យ​ដឹង​ថា ម្ចាស់​គោ ឈ្មោះ សួន ធា អាយុ​៤០​ឆ្នាំ រស់នៅ ភូមិ​អូរ​ចិត​ប្រាំ ឃុំ​អូរ​អណ្តូង ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន ។ ចំណែក​ជនសង្ស័យ​មាន​គ្នា​២​នាក់ មិន​ស្គាល់​អត្តសញ្ញាណ បាន​បើកបរ​ម៉ូតូ​១​គ្រឿង គេចខ្លួន​បាត់​ស្រមោល ។

លោក​អធិការ​នគរបាល​ស្រុក​សាលា​ក្រៅ​បាន​បន្ត​ថា មុន​ពេល​កើតហេតុ គេ​ឃើញ​ជនសង្ស័យ​ទាំង​២​នាក់​ជិះ​ម៉ូតូ​មួយ​គ្រឿង​ដោយ​មាន​ដឹក​កា​រ៉ុ​ង​មួយ​ធំ​រាង​ទ្រវែង​នៅ​ផ្នែក​ខាង​មុខ​អ្នកបើកបរ​ម៉ូតូ ។ ស្រប​ពេល​នោះ ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​មានការ​សង្ស័យ​ក៏​ស្ទាក់​សួរនាំ ស្រាប់តែ​ជនសង្ស័យ​នោះ​ទម្លាក់​កា​រ៉ុ​ង​ចោល​នៅ​លើ​ផ្លូវ រួច​បន្ថែម​ល្បឿន​ម៉ូតូ​បើក​រត់គេច​ខ្លួន​បាត់​តែ​ម្តង ។

លោក​អធិការ​នគរបាល​ស្រុក​សាលា​ក្រៅ​បាន​បន្ត​ទៀត​ថា ក្រោយ​ពេល​ប្រជាពលរដ្ឋ​ហែក​កា​រ៉ុ​ង​មើល ស្រាប់តែ​ឃើញ​កូន​គោមួយ​ក្បាល​ងាប់​បាត់​ទៅ​ហើយ ដោយសារ​ត្រូវ​ក្រុម​ជនសង្ស័យ​វះ​ពោះ​រួច​ញាត់​កូន​គោ​នោះ​ចូល​ទៅ​ក្នុង​កា​រ៉ុ​ង និង​ដេរ​ភ្ជិត​កា​រ៉ុ​ង​ហើយ​ដាក់​លើ​ម៉ូតូ​ដឹក​យ៉ាង​រំភើយ ។

ក្រោយ​ពេល​កើតហេតុ សមត្ថកិច្ច​ក៏​បាន​ប្រគល់​កូន​គោ​ដែល​ងាប់​នោះ​ទៅ​ឱ្យ​ម្ចាស់​វិញ រីឯ​ជនសង្ស័យ​ទាំង​២​នាក់​ដែល​រត់គេច​ខ្លួន ត្រូវ​បាន​សមត្ថកិច្ច​កំពុងធ្វើការ​ស្រាវជ្រាវ​តាម​ចាប់​ដើម្បី​យក​មក​ផ្តន្ទាទោស​តាម​ផ្លូវច្បាប់ ។

សូម​បញ្ជាក់​ថា កាលពី​ឆ្នាំ​២០១៨​កន្លង​ទៅ ប្រជាពលរដ្ឋ​ជា​ច្រើន​គ្រួ​សារបាន​បាត់​កូន​គោ​របស់ ខ្លួន ខណ​:​ម្ចាស់​ចង​មេ​ឱ្យ​ស៊ី​ស្មៅ​នៅ​ក្បែរ​គុម្ពោត​ព្រៃ​ជាប់​នឹង​ផ្លូវ ព្រោះ​ម្ចាស់​ជាប់រវល់​ការងារ​ផ្ទះ លុះ​ពេល​ម្ចាស់​ទៅ​ដឹកគោ​ឱ្យ​ផឹកទឹក ស្រាប់តែ​បាត់​កូន​គោ​តូច​ៗ​រក​មិនឃើញ ហើយ​ក៏​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​តែ​ម្តង ។ សំណាងល្អ នៅ​ឆ្នាំ​២០១៩​នេះ ពេល​ប្រជាពលរដ្ឋ​ប្រទះ​ឃើញ​ដឹក​កា​រ៉ុ​ង​គួរ​ឱ្យ​សង្ស័យ​ក៏​ស្ទាក់​សួរនាំ ទើប​បែកធ្លាយ​រឿង​ជនសង្ស័យ​ដើរ​លួច​កូន​គោ​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​តែ​ម្តង ៕ (​កែសម្រួល​ដោយ ៖ ធីតា​)

Facebook Google Twitter Email

សន្ដិសុខ​សង្គម

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ