ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទីតាំងណាត់ប្រគល់​ទិញ-លក់ គឺធ្វើនៅ​​​តាម​ចំណត​ឡាន​មុខ​ពេទ្យ​កាល់​ម៉ែ​ត​…

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បើតាម​ស្ត្រី​ឈ្មោះ វង្ស សុ​ខន ជា​អ្នក​ទទួល​គ្រឿងញៀន​​ពី​មេខ្លោង​ធំ​ម្នាក់​នៅ​ខេត្តស្ទឹង​ត្រែង​ ហើយ​ដឹក​យក​មក​លក់​ឱ្យ​ឈ្មោះ សៅ សំណាង ជា​មេខ្លោង​នៅ​រាជធានី​ភ្នំពេញ…

រាជធានី​ភ្នំពេញ ៖ បើតាម​ស្ត្រី​ឈ្មោះ វង្ស សុ​ខន ជា​អ្នក​ទទួល​គ្រឿងញៀន​​ពី​មេខ្លោង​ធំ​ម្នាក់​នៅ​ខេត្តស្ទឹង​ត្រែង​ ហើយ​ដឹក​យក​មក​លក់​ឱ្យ​ឈ្មោះ សៅ សំណាង ជា​មេខ្លោង​នៅ​រាជធានី​ភ្នំពេញ ដែល​ភាគច្រើន​​ណាត់​ ប្រគល់​ ឬ​ទិញ​-​លក់​នៅ​តាម​ចំណតរថយន្ត​មុខ​មន្ទីរពេទ្យ​កាល់​ម៉ែ​ត ក្នុង​ទឹកដី​ខណ្ឌដូនពេញ ។

ក្រោយ​តាម​ការ​ណែនាំ​របស់​នាយ​ឧត្តមសេនីយ៍ នេ​ត សា​វឿ​ន អគ្គស្នងការ​នគរបាល​ជាតិ និង​នាយ​ឧត្តម​សេនីយ៍ ម៉ក់ ជី​តូ អគ្គស្នងការ​រងទទួល​ការងារ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន នៅ​អំឡុងចុង​ខែឧសភា និង​ដើមខែ​មិថុនា​នេះ កម្លាំងនគរបាល​នៃ​មន្ទីរ​ប្រឆាំង​គ្រឿងញៀន ក្រសួងមហាផ្ទៃ បាន​បើក​ប្រតិបត្តិការ​បង្ក្រាប​និង​កាត់ផ្តាច់​បណ្តាញ​សកម្មភាព​ពាក់ព័ន្ធ​នឹង​ករណី​ជួញដូរ​គ្រឿងញៀន​ឆ្លង​ដែន និង​ឈាន​ដល់​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​៧​នាក់ ក្នុង​នោះ​ប្រុស​៣​នាក់ និង​ចាប់​យក​វត្ថុ​តាង​ថ្នាំ​ញៀន​ជាង​១០​គីឡូក្រាម ​។ មនុស្ស​៣​នាក់​ថ្មី​ទៀត ​ដែល​ជា​ខ្សែបណ្តាញក្រុម​ជួញដូរ​គ្រឿងញៀន បាន​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន កាលពី​វេលា​ម៉ោង​ប្រមាណ​៦​និង​៤០​នាទី​រសៀល​ថ្ងៃ​ទី​៤ ខែមិថុនា នៅ​ខាង​មុខ​ការិយាល័យ​ប្រៃសណីយ៍ ក្នុង​សង្កាត់​​​​វត្ត​ភ្នំ ខណ្ឌដូនពេញ ដោយ​សមត្ថកិច្ច​ដកហូត​បាន​ថ្នាំ​ញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន​(ICE) ឬ​ម៉ា​ទឹក
កក​ទម្ងន់​ជាង​២​គីឡូក្រាម ។

ការ​ចាប់​ឃាត់ខ្លួន​ក្រុម​ជួញដូរ​គ្រឿងញៀន​៣​នាក់​នេះ សមត្ថកិច្ច​អះអាង​ថា ពួក​គេ​សុទ្ធតែ​ជា​បណ្តាញ​ឲ្យ​មេ​ខ្លោង​ធំ​ម្នាក់ដែល​នាំ​ចេញពី​ប្រទេស​ឡាវ ចូល​មក​លក់​និង​ចែកចាយ​ក្នុង​ប្រទេស​កម្ពុជា ។ ជន​ទាំង​៣​នាក់​នេះ​មាន ១-​ឈ្មោះ វង្ស សុ​ខន ភេទ​ស្រី អាយុ​៥០​ឆ្នាំ ២-​ឈ្មោះ សៅ សំណាង ភេទ​ប្រុស អាយុ​៣២​ឆ្នាំ និង​៣-​ឈ្មោះ សោម សា​រ៉ា​វ័​ន្ត ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ ។ ​

ជនសង្ស័យ​បាន​សារភាព​ប្រាប់​សមត្ថកិច្ច​ថា ក្រុម​ខ្លួន ឬ​ហៅ​ថា​បណ្តាញ​របស់​ពួក​គេ បាន​នាំ​គ្រឿងញៀន​មក​លក់​ក្នុង​១​លើក​ៗ មិន​ក្រោម២​គី​ឡ​ក្រាម​ទៅ​១០​គីឡូក្រាម​ទេ ។ គ្រឿងញៀន​ទាំង​អស់នោះ​ត្រូវ​បាន​ឈ្មោះ សៅ សំណា​ង យក​ទៅ​បែងចែក​លក់​ទៅ​ឲ្យ​បណ្តាញ​របស់​ពួក​គេ​ទៀត ដូច​ជា​នៅ​ម្តុំ​ផ្លូវ​រថភ្លើង ម្តុំ​រោងចក្រ​ឆ្នាំង ម្តុំ​ត្រឡោក​បែក ម្តុំ​ទំនប់​ទួល​គោក ទំនប់​កប់​ស្រូវ ផ្លូវ​៦០​ម៉ែត្រ ម្តុំ​បឹង​ត្របែក និង​ជា​ច្រើន​ទីតាំង​ទៀត​មាន​តាម ក្លិប ខារ៉ាអូខេ និង​ផ្ទះសំណាក់​ក្នុង​រាជធានី​ភ្នំពេញ ។ ក្នុង​នោះ​ដែរ ឈ្មោះ សៅ សំណាង និង​បក្សពួក​ឈ្មោះ សោម សា​រ៉ា​វ័​ន្ត បាន​លក់​និង​ចែកចាយ​បន្ត​ទៅ​តាម​បណ្តា​ខេត្ត មាន​ដូច​ជា​ខេត្តកំពង់ស្ពឺ ខេត្តតាកែវ ខេត្តកណ្តាល តាម​រយៈ​បណ្តាញ​តូច​ៗ​របស់​ខ្លួន ។

លោក​ឧត្តមសេនីយ៍ឯក ឡឹ​ក វណ្ណៈ នាយក​មន្ទីរ​ប្រឆាំង​គ្រឿងញៀន បាន​ថ្លែង​ថា យើង​ពិតជា​បាន​កាត់​ផ្តាច់​បណ្តាញ​ជួញដូរ​គ្រឿងញៀន​មួយ​ក្រុម​នេះ​មែន ដោយ​បាន​ឃាត់ខ្លួន​មេខ្លោង និង​សមាជិក​ចែកចាយ​ចំនួន​៧​នាក់ ដកហូត​ថ្នាំ​ញៀន​បាន​ជាង​១០​គីឡូក្រាម និង​បាន​បញ្ជូន​ទៅ​តុលាការ​រួច​ហើយ ។

ជាក់ស្តែង ​ដូច​ជា​ការ​ចាប់ខ្លួន​ជនសង្ស័យ​៣​នាក់​ខាងលើ និង​ក្រៅពីនេះ​ មានឈ្មោះ ផ​ន ពិសី ជា​ប្រពន្ធ​របស់​ឈ្មោះ សៅ សំណាង ក៏​ត្រូវ​បាន​ចាប់ខ្លួន​និង​ដកហូត​ថ្នាំ​ញៀន​បាន​ជាង​១​គីឡូក្រាម កាលពី​ថ្ងៃ​ទី​១៣ ខែ​កក្កដា ឆ្នាំ​២០១៨​កន្លង​មក ។ ចំណែក​ស្ត្រី​ខ្មែរ​អ៊ិ​ស្លា​ម​២​នាក់​បងប្អូន​ឈ្មោះ ហ៊ី​ម ពៅ និង​ឈ្មោះ ហ៊ី​ម ជុ ត្រូវ​បាន​ចាប់ខ្លួន​កាលពី​ថ្ងៃ​ទី​២៦ ខែឧសភា ឆ្នាំ​២០១៩ នៅ​សង្កាត់​ទួល​សង្កែ ខណ្ឌឫស្សីកែវ ដកហូត​ថ្នាំ​ញៀន​ជាង​៧​គីឡូក្រាម ក៏​ជាបណ្តាញ​របស់​ពួក​គេ​ដែរ ៕ (សម្រួលដោយ៖ ស្រីណា)

អត្ថបទសរសេរ ដោយ