រាជធានីភ្នំពេញ ៖ ឧប្បត្តិហេតុបាក់វ៉េរ៉ង់ដាសំណង់ផ្ទះល្វែងនេះ គឺជាមេរៀនមួយសម្រាប់ជាងសំណង់នានា គប្បីគោរពទៅតាមស្តង់ដារបច្ចេកទេសនៃសំណង់ ដែលនេះមិនមែនជាលើកទី១ទេ សម្រាប់ការបាក់ធ្លាក់វ៉េរ៉ង់ដា និងតែងបណ្តាលឱ្យស្លាប់កម្មករជាបន្តបន្ទាប់ ។
គួររំលឹកថា ប្លង់សេវ៉េរ៉ង់ដាសំណង់ផ្ទះល្វែងទើបតែជួសជុលមួយកន្លែង បន្ទាប់ពីដោះក្តារពុម្ពបានមួយថ្ងៃ ស្រាប់តែបាក់ធ្លាក់ពីជាន់ទី២មកឡៅតឿជាន់ទី១ បណ្តាលឱ្យសង្កត់មេជាងម្នាក់ស្លាប់នៅកន្លែង និងជាងម្នាក់រងរបួសស្រាល ។ ហេតុការណ៍បានបង្កការភ្ញាក់ផ្អើលដល់ផ្ទះលក់គុយទាវ ដែលនៅជាប់ខាងក្រោយនោះ រត់ចែកជើងគ្នាដែរដោយសារដុំឥដ្ឋបានធ្លាក់លើដំបូលលាន់សូរខ្លាំង ។
គ្រោះអកុសលនេះ កើតឡើងកាលពីវេលាម៉ោងប្រមាណ៨និង១៥នាទីព្រឹកថ្ងៃទី១០ ខែមិថុនា នៅផ្ទះ២ល្វែងលេខ០១និងលេខ០២ ដែលកំពុងធ្វើការជួសជុលនៅតាមផ្លូវជាតិលេខ៥ កែងផ្លូវចូលសាកលវិទ្យា ល័យការពារជាតិ ក្នុងភូមិមិត្តភាព សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ ។
ជនរងគ្រោះដែលស្លាប់ក្នុងគ្រោះថ្នាក់នេះ ឈ្មោះ រ៉ន ខុម ភេទប្រុស អាយុ២៩ឆ្នាំ មានទីលំនៅក្នុងភូមិសំរោង ឃុំចុងដូង ស្រុកបារាយណ៍ ខេត្ត កំពង់ធំ ។ ចំណែកអ្នករងរបួសឈ្មោះ វ៉ាន់ តូ ភេទប្រុស អាយុ៣០ឆ្នាំ ជាជាងសំណង់ មានទីលំនៅក្នុងភូមិស្អាង ឃុំជីខ្មៅ ស្រុកកោះធំ ខេត្តកណ្តាល ។
តាមមន្ត្រីនគរបាលឱ្យដឹងថា វ៉េរ៉ង់ដាដែលបាក់នោះមានប្រវែងប្រមាណ៨មែ៉ត្រ និងទទឹងប្រមាណ១ម៉ែត្រ ទើបតែដោះក្តារពុម្ពបាន១ថ្ងៃក៏បាក់ធ្លាក់តែម្តង ។ តាមព័ត៌មានឱ្យដឹងថា ផ្ទះដែលបាក់វ៉េរ៉ង់ដា នេះកំពុងតែជួសជុលកែលម្អថ្មី ព្រមទាំងមានការស្វានធ្នឹមជាន់ទី២ដាក់ដែកបណ្តុះធ្វើវេរ៉ងដាលយចេញទៅក្រោយប្រមាណ១ម៉ែត្រផង ។
តាមជាងដែលរងរបួសបានឱ្យដឹងថា ប្លង់សេនោះបានចាក់នៅថ្ងៃទី២៨ ខែឧសភាកន្លងមកនេះ និងបានដោះក្តារពុម្ពនៅថ្ងៃទី៩ ខែមិថុនា ។ បន្ទាប់ពីដោះក្តារពុម្ពរួច ជាងក៏បាននាំគ្នារៀបឥដ្ឋពីលើវេរ៉ង់ដាធ្វើជាបន្ទប់ ។ នៅព្រឹកថ្ងៃកើតហេតុ នៅពេលដែលខ្លួននិងមេជាង(អ្នកស្លាប់)កំពុងធ្វើការនៅជាន់ឡៅតឿ ស្រាប់តែប្លង់សេវេរ៉ង់ដានោះបានបាក់ធ្លាក់សង្កត់បណ្តាលឱ្យស្លាប់និងរបួសតែម្តង ។
តាមព័ត៌មានឱ្យដឹងទៀតថា ដោយសារតែប្លង់សេវេរ៉ង់ដាស្វានបុកដែកចាក់ថ្មី ភ្ជាប់នឹងធ្នឹមសំណង់ចាស់ គ្មានបច្ចេកទេសត្រឹមត្រូវ រួមនឹងការរៀបឥដ្ឋពីលើធ្ងន់ ទើបជាហេតុធ្វើឱ្យបាក់ធ្លាក់បែបនេះ ។ (សម្រួលដោយ៖ ស្រីណា)
ចែករំលែកព័តមាននេះ