ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាង​​ទឹក​​ទួល​បារាយណ៍​អណ្តែត​ កំពុង​​ត្រូវ​ឈ្មួញ​​ជីក​​យក​អាចម៍​ដី​?

4 ឆ្នាំ មុន
  • ព្រៃវែង

ខេត្តព្រៃវែង ៖ អាង​ស្តុក​ទឹក​ទួល​បារាយណ៍អណ្ដែត ស្ថិត​នៅ​ជាយក្រុង​ព្រៃវែង កំពុង​ត្រូវ​ឈ្មួញ​ដាក់​គ្រឿង​ចក្រ​ចូល​ជីក​យក​អាចម៍ដី​លក់​យ៉ាង​គគ្រឹកគគ្រេង​ជា​ច្រើន​ថ្ងៃ​មក​ហើយ ប៉ុន្តែ​គេ​ពុំ​ឃើញ​មាន​មន្ត្រី​ជំនាញ ឬ​អាជ្ញាធរ​ណា​ម្នាក់​ទៅ​ត្រួតពិនិត្យ​នៅឡើយ​ទេ ។ ប្រភព​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ក្នុង​ក្រុង​ព្រៃវែង បាន​បង្ហើប​ថា…

ខេត្តព្រៃវែង ៖ អាង​ស្តុក​ទឹក​ទួល​បារាយណ៍អណ្ដែត ស្ថិត​នៅ​ជាយក្រុង​ព្រៃវែង កំពុង​ត្រូវ​ឈ្មួញ​ដាក់​គ្រឿង​ចក្រ​ចូល​ជីក​យក​អាចម៍ដី​លក់​យ៉ាង​គគ្រឹកគគ្រេង​ជា​ច្រើន​ថ្ងៃ​មក​ហើយ ប៉ុន្តែ​គេ​ពុំ​ឃើញ​មាន​មន្ត្រី​ជំនាញ ឬ​អាជ្ញាធរ​ណា​ម្នាក់​ទៅ​ត្រួតពិនិត្យ​នៅឡើយ​ទេ ។

ប្រភព​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ក្នុង​ក្រុង​ព្រៃវែង បាន​បង្ហើប​ថា គ្រឿងចក្រ​ដែលកំពុង​ជីក​យក​អាចម៍ដី​នៅ​ក្នុង​អាង​ទឹក​ទួល​បារាយ​ណ៍​អណ្តែត​នោះ ជា​របស់​ឈ្មួញ​ឈ្មោះ អុ​ឹ​ង ម៉េ​ង​ហ៊ា​ង ហៅ ឆ លី​ហៀ​ង ហើយ​គេ​ជីក​យក​អាចម៍ដី​ទៅ​ចាក់​ឱ្យ​កន្លែង​ពុះ​ដី​ឡូត៍​លក់​នៅ​ទីតាំង​ចំនួន​២​កន្លែង គឺ​នៅ​ភូមិ​លេខ​១ សង្កាត់ កំពង់លាវ និង​នៅ​ជាប់​គល់​ស្ពាន​លេខ​១ ផ្លូវកែង​បំបែក​ចូល​ក្រុង​ព្រៃវែង ។

ប្រភព​ដដែល​បន្ត​ថា សកម្មភាព​ជីក​យក​អាចម៍ដី​ក្នុង​អាង​ទឹក​ទួល​បារាយណ៍​អណ្តែត​នេះ មិន​ត្រឹមតែ​ធ្វើ​ឲ្យ​ប៉ះពាល់​និង​ខូច​ទ្រង់ទ្រាយ​អាង​ទឹក​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សោភ័ណ​ភាព​នៅ​ក្នុង​ក្រុង និង​អាច​បង្ក​ឲ្យ​មាន​គ្រោះថ្នាក់​ជាយថាហេតុ​ផង​ដែរ ដោយសារ​តែ​រថយន្ត​ដឹក​ដី​ទាំងនោះ ដាក់​ដី​ហៀរ​ទ្រុង​អត់​មាន​គ្រប ពេល​បើក​មក​ដល់​លើ​ថ្នល់​បាន​ជ្រុះ​ដី​រាយ​ប៉ាយ​ពេញ​ផ្លូវ ដែល​ប្រឈម​នឹង​គ្រោះថ្នាក់​ដល់​អ្នកដំណើរ​ខ្លាំង​ពេល​មាន​ភ្លៀង​ធ្លាក់​រអិល និង​ពេល​កំពុង​ហុយធូលី​ដី ។

ជុំវិញ​បញ្ហា​ខាងលើ​នេះ លោក ជា កក្កដា ប្រធាន​មន្ទីរ​រ៉ែ​និង​ថាមពល​ខេត្ត មាន​ប្រសាសន៍ថា សកម្មភាព​គ្រឿងចក្រ​ខាងលើ​នេះ​មិន​ទាន់​មានច្បាប់​ធ្លាក់​មក​ដល់​ដៃ​លោក​នៅឡើយ​ទេ ហើយ​លោក​បាន​ប្រគល់​ការងារ​នេះ​ទៅ​ឱ្យ​ខាង​អាជ្ញាធរ​ក្រុង​ព្រៃវែង​ជា​អ្នកចាត់ការ​ហើយ ។

ផ្ទុយ​ទៅ​វិញ លោក ម៉​ន នី​បណ្ឌិត អភិបាលក្រុង​ព្រៃវែង មាន​ប្រសាសន៍​ថា លោក​ទទួល​បាន​ព័ត៌មាន​នេះ​ហើយ ប៉ុន្តែ​សំខាន់​ខាង​មន្ទីរ​ជំនាញ​ដែល​ជា​អ្នក​អនុវត្ត ចំណែក​ខាង​លោក​បាន​ត្រឹមតែ​ជួយ​សម្របសម្រួល​ប៉ុណ្ណោះ ។ ពេលនេះ​លោក​កំពុង​ទាក់ទង​ជាមួយ​មន្ទីរ​ពាក់ព័ន្ធ ដើម្បីរក​ពេល​ចុះ​ទៅ​ពិនិត្យ​ទាំងអស់​គ្នា ព្រោះ​មន្ទីរ​ធនធានទឹក​មាន​ម៉ាស៊ីន ជី​ភី​អេស សម្រាប់​ថត​នៅ​តាម​ប្លង់​ដែល​បាន​បោះបង្គោល​រួច​នៅ​តាម​ចំណុច​អ័ក្ស​អស់ទាំង​នោះ ។

ចំណែក​លោក ជុំ សុ​ភី ប្រធាន​មន្ទីរ​ធនធានទឹក​និង​ឧតុនិយម​ខេត្ត បាន​បញ្ជាក់​ថា ដី​របស់​លោក អុ​ឹ​ង ម៉េ​ង​ហ៊ា​ង ហៅ ឆ លី​ហៀ​ង គេ​មាន​ប្លង់​ដី​របស់​គេ ប៉ុន្តែ​លោក​មិន​ច្បាស់​ថា សកម្មភាព​កំពុង​ជីក​យក​អាចម៍ដី​នោះ បាន​រំលោភ​ចូល​ដល់​ដី​អាង​ទឹក​ដែល​គ្រប់គ្រង​ដោយ​មន្ទីរ​ឬ​ក៏​អត់​នោះ​ទេ ព្រោះ​មិន​ទាន់​បាន​ទៅ​ពិនិត្យ​មើល ។ ទោះជា​យ៉ាងណា លោក​បាន​អះអាង​ថា លោក​នឹង​ទៅ​ត្រួតពិនិត្យ​មើល​នៅ​ព្រឹក​ថ្ងៃ​ទី​១១ ខែមិថុនា ៕ (សម្រួលដោយ៖ ស្រីណា​)

អត្ថបទសរសេរ ដោយ