សហរដ្ឋអាមេរិក ៖ ឧទ្ធម្ភាគចក្រ១គ្រឿងកាលពីថ្ងៃទី១០មិថុនា បានធ្លាក់លើដំបូលអគារមួយនៅម៉ាន់ហាតាន់ក្រុងញូវយ៉ក ហើយមនុស្សម្នាក់បានត្រូវស្លាប់។
ក្រុមអ្នកពន្លត់ភ្លើងក្រុងញូវយ៉កគូសបញ្ជាក់ថា ឧទ្ធម្ភាគចក្រនេះបានធ្លាក់លើអគារមួយនៅMIDTOWN ជាតំបន់មួយនៃសង្កាត់ម៉ាន់ហាតាន់ ដែលមានអគារខ្ពស់កប់ពពកច្រើនស្ថិតនៅមិនឆ្ងាយប៉ុន្មានពីមជ្ឈមណ្ឌលROCFELLER CENTER និងTIMES SQUARE។ តាមសារព័ត៌មានថាជនរងគ្រោះជាអ្នកបើកឧទ្ធម្ភាគចក្រ។
អភិបាលក្រុងញូវយ៉កលោកANDREW CUOMOថ្លែងថា អគ្គិភ័យមួយបានកើតឡើង ពេលឧទ្ធម្ភាគចក្រធ្លាក់បុកអគារតែត្រូវបានពន្លត់។ លោកក៏បដិសេធដែរសេណារីយ៉ូនៃការវាយប្រហារភេរវកម្មមួយ។ លោកថាតាមខ្ញុំយល់ នោះវាជាគ្រោះថ្នាក់មួយ។ លោកបន្តថាតើនោះជាចេតនាមួយឬ? ក្នុងឋានៈជាអ្នកក្រុងញូវយ៉កម្នាក់ ក្រោយការវាយប្រហារភេរវកម្មថ្ងៃទី១១កញ្ញា គេនៅតែមានការបារម្ភជាប់ជានិច្ច។
ទីភ្នាក់ងារសហព័ន្ធអាកាសចរណ៍អាមេរិកFAAគូសបញ្ជាក់តាមTWITTERថា ឧទ្ធម្ភាគចក្រជួបគ្រោះថ្នាក់នោះធុន AGUSTA A109Eនិងថា តាមលទ្ធផលដំបូងនៃការសើុបអង្កេត មានតែអ្នកបើកម្នាក់គត់ក្នុងឧទ្ធម្ភាគចក្រនេះ។
គ្រោះថ្នាក់នោះកើតមាននៅកន្លែងមួយស្ថិតនៅចន្លោះTIMES SQUAREនិងTRUMP TOWER លើដំបូលអគារកម្ពស់៥០ជាន់មួយ ដែលមានជាពិសេសទីស្នាក់ការធនាគារបារាំងនៅអាមេរិកBNP PARUBAS ដែលបានជម្លៀសមនុស្សចេញក្រោយគ្រោះថ្នាក់នោះ៕ (កែសម្រួលដោយ ៖ បុប្ផា)
ចែករំលែកព័តមាននេះ