ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភាគ​ថ្មី ! លោក ដូ​ណា​ល់ ត្រាំ គំរាម​ចិន​ខ្លាំង​ៗ​ថា​…​បើ​មិន​ត្រូវ​គ្នា

4 ឆ្នាំ មុន

រដ្ឋធានី​វ៉ា​ស៊ី​ន​តោន ៖ ភ្នាក់ងារ​សារព័ត៌មាន Reuters បាន​រាយការណ៍​មក​កាលពី​ថ្ងៃ​ចន្ទ កន្លង​មក​ថា លោក​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ បាន​និយាយ​ថា…

រដ្ឋធានី​វ៉ា​ស៊ី​ន​តោន ៖ ភ្នាក់ងារ​សារព័ត៌មាន Reuters បាន​រាយការណ៍​មក​កាលពី​ថ្ងៃ​ចន្ទ កន្លង​មក​ថា លោក​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ បាន​និយាយ​ថា លោក​ត្រៀមខ្លួន​រួច​ជា​ស្រេច​ក្នុង​ការ​ដាក់​ពន្ធ​បន្ថែម​លើ​ផលិតផល​ដែល​នាំ​ចូល​ពី​ប្រទេស​ចិន​ប្រសិនបើ​ការ​ចរចា​ពាណិជ្ជកម្ម​ជាមួយនឹង​លោក​ប្រធានាធិបតី ស៊ី ជិន​ពីង នៅ​កិច្ចប្រជុំ G20 មិន​អាច​ដំណើរការ​ទៅ​មុខ​បាន ។

តាំងពី​ការ​ចរចា​ពីរ​ថ្ងៃ​កាលពី​ខែ​មុន​ក្នុង​រដ្ឋធានី​វ៉ា​ស៊ី​ន​តោន​ជួបនឹង​ឧបសគ្គ​មិន​អាច​ឆ្លង​ផុត​បាន​មក លោក​ប្រធានាធិបតី ត្រាំ បាន​និយាយ​ម្តង​ហើយ​ម្តងទៀត​ថា លោក​នឹង​ជួប​ជាមួយនឹង​លោក​ប្រធានាធិបតី ស៊ី នៅ​ប្រទេស​ជប៉ុន​នា​ថ្ងៃ​ទី ២៨​និង​២៩ ខែមិថុនា ខាង​មុខ​នេះ ប៉ុន្តែ​ប្រទេស​ចិន​មិន​ទាន់​បញ្ជាក់​ថា ពិតជា​មាន​កិច្ចប្រជុំ​នេះ​ពិតមែន​ទេ ។

គួរ​បញ្ជាក់​ផង​ដែរ​ថា សហរដ្ឋអាមេរិក​បាន​ដាក់​ពន្ធ ២៥% លើ​ផលិតផល​ចិន​ប្រមាណ ២៥០​ប៊ី​លាន​ដុល្លារ​ទៅ​ហើយ ។ ក្រសួងការបរទេស​របស់​ប្រទេស​ចិន​បាន​ឲ្យ​ដឹង​កាលពី​ថ្ងៃ​ចន្ទ ដែរ​ថា​ប្រទេស​ចិន​បើក​ទូលាយ​ក្នុង​ការ​ចរចា​លើ​ការ​ធ្វើ​ពាណិជ្ជកម្ម​ជាមួយនឹង​សហរដ្ឋអាមេរិក​បន្ត ប៉ុន្តែ​មិន​និយាយ​អ្វី​ទាក់ទិន​នឹង​កិច្ចប្រជុំ​ទេ ។ ភាព​តានតឹង​រវាង​ប្រទេស​ទាំង​ពីរ​បាន​កើនឡើង​យ៉ាង​ខ្លាំង​កាលពី​ខែឧសភា​បន្ទាប់​ពី​រដ្ឋាភិបាល​លោក​ត្រាំ​ចោទប្រកាន់​ថា​ប្រទេស​ចិន​បាន​លេខ​ពាក្យ​ស​ម្តី្ក​ក្នុង​ការ​ធ្វើ​កំណែទម្រង់សេដ្ឋកិច្ច ។

សហរដ្ឋអាមេរិក​ទាមទារ​ឲ្យ​មានការ​ធ្វើ​កំណែទម្រង់​ជា​ច្រើន​ពី​ប្រទេស​ចិន​ដូច​ជា​បញ្ឈប់​ការ​បង្ខំ​ឲ្យ​ផ្ទេរ​បច្ចេកវិទ្យា និង​ការ​លួច​រឿង​សម្ងាត់​ពាណិជ្ជកម្ម​អា​មេ​រិ​ក​ជាដើម ។ ពួក​គេ​ក៏​ចង់​ឲ្យ​ប្រទេស​ចិន​កាត់​បន្ថយ​ការ​ផ្តល់​ឧបត្ថម្ភ​ធន​ដល់​ក្រុមហ៊ុន​រដ្ឋ និង​បើក​ទូលាយ​ទីផ្សារ​បន្ថែម​សម្រាប់​ក្រុមហ៊ុន​អា​មេ​រិ​ក​ដែរ ។

ប្រទេស​ចិន​បាន​ប្រកាស​កាលពី​ថ្ងៃ​ច័ន្ទ​ថា​ការ​នាំ​ចេញ​របស់​ពួក​គេ​កើនឡើង​បាន​១.១%​កាលពី​ខែឧសភា​បើ​ទោះជា​សហរដ្ឋអាមេរិក​បង្កើន​ពន្ធ​ពិតមែន ប៉ុន្តែ​ការ​នាំ​ចូល​បាន​ធ្លាក់​ចុះ​ច្រើន​ជាងគេ​ក្នុង​រយៈពេល​ជិត​៣​ឆ្នាំ​មកនេះ​។

អ្នកវិភាគ​មួយ​ចំនួន​គិត​ថា​អ្នក​នាំ​ចេញ​ក្នុង​ប្រទេស​ចិន​ប្រហែលជា​ប្រញាប់​នាំ​ចេញ​ផលិតផល​ទៅ​កាន់​សហរដ្ឋអាមេរិក​ដើម្បី​ជៀសវាង​ត្រូវ​បង់ពន្ធ​ថ្មី ។ ក្រុម​អាជីវកម្ម​អា​មេ​រិ​ក​ជា​ច្រើន​ប្រឆាំង​នឹង​ការ​ដាក់​ពន្ធ ដោយ​មាន​ក្រុមហ៊ុន​ព្រួយបារម្ភ​ពី​ការ​ធ្លាក់​ចុះ​នៃ​តម្រូវការ​ព្រោះ​តម្លៃ​ផលិតផល​នឹង​កើនឡើង ៕

កែសម្រួល​ដោយ ៖ សំណាង

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ