រាជធានីភ្នំពេញ៖ នៅពេលសេដ្ឋកិច្ចប្រទេសកម្ពុជាមិនទាន់មានការរីកចម្រើនកាលពី១០ទៅ២០ឆ្នាំមុន គេចាំបានថាការធ្វើកសិកម្មរបស់ប្រជាពលរដ្ឋទូទាំងប្រទេសដាំដុះតាមបែបប្រពៃណី ពោលគឺប្រើប្រាស់ថ្នាំ ឬជីគីមីមានកម្រិតតិចតួចបំផុត។ ប៉ុន្តែបច្ចុប្បន្ននេះនៅពេលសេដ្ឋកិច្ចមានការីកចម្រើនលើគ្រប់វិស័យ ការប្រើប្រាស់ថ្នាំគីមីក្នុងវិស័យកសិកម្មមានច្រើន ហើយនៅតំបន់ខ្លះប្រើប្រាស់លើសកម្រិតកំណត់ ឬប្រើមិនត្រូវបច្ចេកទេស ជាហេតុអាចឱ្យអ្នកប្រើប្រាស់រងផលប៉ះពាល់សុខភាព។
ហេតុដូច្នេះហើយ អ្នកជំនាញបានលើកឡើងថា ទន្ទឹមការប្រើប្រាស់ថ្នាំ ឬជីគីមីស្ទើរមានគ្រប់ច្រកល្ហកក្នុងវិស័យកសិកម្មដូចសព្វថ្ងៃនេះ ប្រជាពលរដ្ឋដែលកំពុងដាំដុះកសិផលនានានៅក្នុងប្រទេស គួរគម្បីងាកមកធ្វើកសិកម្មបៃតង ឬកសិកម្មប្រកបដោយចីរភាពដែលមិនប៉ះពាល់ដល់អ្នកប្រើប្រាស់ឱ្យបានច្រើន ដើម្បីឱ្យកម្ពុជានៅថ្ងៃអនាគតអាចក្លាយជាប្រទេសមួយដែលអាចផ្គង់ផ្គង់ចំណីអាហារគ្មានជាតិគីមី។
លោកឧកញ្ញ៉ា សុង សារ៉ន អគ្គនាយកក្រុមហ៊ុនអេមរុ រាយស៍បានឱ្យដឹងថា ការធ្វើកសិកម្មមិនប្រើប្រាស់ជាតិគីមី អេមរុរាយស៍គាំទ្រហើយកម្ពុជាត្រូវដើរលើទិសដៅនេះ។ ជាក់ស្តែងស្ថាប័នរបស់លោក បានធ្វើលើកិច្ចការនេះអស់រយៈពេល៤ឆ្នាំហើយដែលបានគាំំទ្រកសិកម្មបែបបៃតងឬបែបចីរភាព តាមរយៈការធ្វើការជាមួយសហគមន៍កសិករចំនួន៦០ មានកសិករនឹងកើនដល់១ម៉ឺននាក់មកដល់ឆ្នាំ២០១៩នេះ។ សហគមន៍នេះមាននៅខេត្តព្រះវិហារ បាត់ដំបង,កំពង់ឆ្នាំង, កំពង់ស្ពឺ,តាកែវ,កំពង់ចាមនិងព្រៃវែង ដែលមានផ្ទៃដីធ្វើកសិកម្មតាមបែបកិច្ចសន្យានេះជាង២ម៉ឺនហិកតា ដែលប្រមូលផលបានប្រមាណ១០ម៉ឺនតោនក្នុងឆ្នាំ លោកឧកញ៉ាមានប្រសាសន៍ថា « ក្នុងទិសដៅនេះ បើសិនយើងធ្វើកសិកម្មបែបបៃតងនេះបានយើងនឹងក្លាយជាប្រទេសមួយផ្គត់ផ្គង់នូវចំណីអាហារមានសុវត្ថិភាពហើយប្រទេសណាដែលគេចង់ហូបអាហារបែបនេះគេនឹងមកទិញរបស់យើង។ មកដល់ម៉ោងនេះយើងមិនអាចដើរទេ យើងត្រូវស្វែងរកអ្វីដែលថ្មី ហើយត្រូវរត់ដើម្បីរួចផុតពីយុគ្គសម័យប្រកួតប្រជែងដែលពោរពេញទៅដល់ការឧបត្ថម្ភធនទៅលើការដាំដុះក្នុងវិស័យកសិកម្មនេះ»។
លោកឧកញ្ញ៉ាលើកឡើងថា «ដើម្បីធ្វើកសិកម្មបែបបៃតងនេះបានដល់គោលដៅទាមទារឱ្យប្រជាពលរដ្ឋនិងរដ្ឋត្រូវដើរឱ្យស្របគ្នាគ្រប់ជ្រុងជ្រោយទើបដើរទៅដល់ទិសដៅ។ បើមិនធ្វើបែបនេះទេយើងដើរមិនងាយទៅដល់គោលដៅឡើយ។កិច្ចសាហការគ្នានេះអាចឱ្យយើងឃើញលទ្ធផលក្នុងរយៈពេលខ្លីបានថាអាចដើរទៅមុខរួច» ។ តាមអនុប្រធានសហព័ន្ធស្រូវអង្ករកម្ពុជារូបនេះ បានឱ្យដឹងថាការជំរុញ ការលើកទឹកចិត្តធ្វើកសិកម្មតាមបែបធម្មជាតិនេះ វាជារឿងមួយដ៏ល្អ ប៉ុន្តែវានៅមានកម្រិតនៅឡើយ។
លោកឧកញ្ញ៉ា លោក ឧកញ្ញ៉ា ហ៊ុន ឡាក់ អនុប្រធានសហព័ន្ធស្រូវអង្ករកម្ពុជាមានប្រសាសន៍ថា «ការធ្វើកសិកម្ម ជាទូទៅគេត្រូវការទាំងពីការធ្វើបែបតាមរយៈការប្រើប្រាស់ថ្នាំគីមី និងការធ្វើកសិកម្មបៃតង កសិកម្មតាមលក្ខណៈធម្មជាតិ។ កសិផលបែបបៃតងនេះវាលក់បានថ្លៃ ហើយមានទីផ្សារសម្រាប់អ្នកដែលមានជីវភាពធូរធាពួកកាត់ចូលចិត្ត តែការផលិតបែបនេះប្រើប្រាស់បានតែក្នុងកម្រិតតូចណាមួយនោះទេវាមិនអាចធានាដល់ការផ្គត់ផ្គង់ក្នុងបរិមាណធំ បានទេ។ដើម្បីឱ្យបានបរិមាណច្រើន ធ្វើការនាំចេញឱ្យបានច្រើនទាល់តែទាល់តែប្រើថ្នាំគីមី ប្រើតាមលក្ខណៈបច្ចេកទេសណែនាំ, ត្រូវយល់ដឹងឱ្យច្បាស់លាស់និងត្រឹមត្រូវ ដើម្បីធានាដល់សុខភាពអ្នកប្រើប្រាស់»។
បើតាមលោកឧកញ្ញ៉ា ហ៊ុនឡាក់« ការប្រើប្រាស់ថ្នាំគីមីក្នុងវិស័យកសិកម្មនេះមិនទាន់មានឧបករណ៍អ្វីមួយយកទៅវាស់វែងពីកម្រិតប្រើប្រាស់បាននូវឡើយនោះទេថា ការប្រើប្រាស់ថ្នាំគីមីមានចំនួនកម្រិតណា ស្ថិតក្នុងតំបន់ណាខ្លះ តែគ្រាន់ថាលឺតគ្នាៗទេថាការប្រើប្រាស់ថ្នាំគីមីមានច្រើន ។បើតាមខ្ញុំយល់វាមិនទាន់មានច្រើនប៉ុន្មាននោះទេ តែដោយឡែកនៅប្រទេសផ្សេងទៀត គេប្រើប្រាស់ថ្នាំគីមីច្រើនណាស់ ពិសេសប្រទេសណាដែលមានផលិតកម្មច្រើននិងបាននាំចេញកសិផលច្រើន»៕ កែសម្រួលដោយ ៖សុឃាក់
ចែករំលែកព័តមាននេះ