ប្រទេសថៃ៖ ភ្នាក់ងារថាមពលអន្តរជាតិ (IEA) បានឲ្យដឹងថា តម្រូវការហ្គាសជុំវិញពិភពលោកនាពេលបច្ចុប្បន្ននិងអនាគត នឹងលូតលាស់បាន ១.៦% ក្នុងមួយឆ្នាំរហូតដល់ឆ្នាំ ២០២៤ ព្រោះតែកំណើនតម្រូវការក្នុងប្រទេសចិនដែលនឹងស្មើលើស១/៣នៃតម្រូវការពិភពលោក។ នេះបើតាមការចុះផ្សាយរបស់ភ្នាក់ងារសារពត៌មាន Bangkok Post កាលពីថ្ងៃសៅរ៍ ខែមិថុនាកន្លងមកនេះ ។
ភ្នាក់ងារថាមពលអន្តរជាតិ បានឲ្យដឹងថា «ការខិតខំប្រឹងប្រែងរបស់ប្រទេសចិនក្នុងការប្តូរពីការប្រើប្រាស់ធ្យូងថ្មទៅហ្គាសវិញសម្រាប់ផលិតកម្មថាមពល និងហ្គាសធម្មជាតិសម្រាប់ការប្រើប្រាស់តាមផ្ទះដើម្បីបង្កើនគុណភាពខ្យល់អាកាសក្រោមការផ្តួចផ្តើមមេឃខៀវរបស់ពួកគេនឹងដើរតួយ៉ាងសំខាន់ក្នុងការជំរុញដល់តម្រូវការ» ។
លោក Keisuke Sadamori ដែលជាប្រធានផ្នែកទីផ្សារនិងសន្តិសុខថាមពលក្រោម IEA បាននិយាយថា “តម្រូវការហ្គាសរបស់ប្រទេសចិនលូតលាស់ជាមធ្យមបាន ៨% ឬទាបជាងការលូតលាស់បានពីរខ្ទង់ក្នុងកំឡុងពេលប៉ុន្មានឆ្នាំកន្លងមកនេះ ប៉ុន្តែនៅតែស្មើប្រមាណ៤០%នៃតម្រូវការពិភពលោកដដែលក្នុងកំឡុងពេលប៉ុន្មានឆ្នាំខាងមុខ» ។ លោកបានបន្តថា តំបន់អាស៊ីប៉ាស៊ីហ្វិកនឹងបន្តជាប្រភពធំជាងគេនៃតម្រូវការហ្គលាសក្នុងរយៈពេលមធ្យម ដែលមានអត្រាលូតលាស់ជាមធ្យមប្រមាណ៤%ក្នុងមួយឆ្នាំ ហើយតំបន់នេះនឹងស្មើប្រមាណ៦០%នៃកំណើនប្រើប្រាស់សរុបរហូតដល់ឆ្នាំ ២០២៤។
បន្ថែមពីនេះ IEA បាននិយាយក្នុងរបាយការណ៍ទីផ្សារហ្គាសប្រចាំឆ្នាំពួកគេថា តម្រូវការក្នុងស្រុករបស់សហរដ្ឋអាមេរិក មជ្ឈឹមបូព៌ា និងអាហ្វ្រិកខាងជើងនឹងចូលរួមដល់កំណើនតម្រូវការដែរ។
នៅក្នុងរបាយការណ៍ដដែលនោះ ពួកគេបាននិយាយថា «តម្រូវការហ្គាសក្នុងទ្វីបអឺរ៉ុបនឹងត្រូវបានជំរុញដោយការបិទដំណើរការកន្លែងផលិតអគ្គិសនីពីធ្យូងថ្ម និងថាមពលនុយក្លេអ៊ែរ ប៉ុន្តែការលូតលាស់នឹងនៅមានគម្លាត ព្រោះតែការលូតលាស់នៃការប្រើប្រាស់ប្រភពបៃតង និងការធ្លាក់ចុះនៃតម្រូវការប្រើហ្គាសសម្រាប់កម្តៅ» ។
វិស័យឧស្សាហកម្មត្រូវបានគិតថានឹងជាកត្តាជំរុញដល់ការលូតលាស់ដ៏សំខាន់មួយដែលស្មើជិតពាក់កណ្តាលនៃការលូតលាស់សរុបហើយ។ កាលពីឆ្នាំ ២០១៨ តម្រូវការហ្គាសពិភពលោកលូតលាស់បានខ្ពស់ជាងគេតាំងពីឆ្នាំ ២០១០ មក ក្នុងអត្រាប្រមាណ៤.៦%ព្រោះតែសហរដ្ឋអាមេរិក និងប្រទេសចិនដែលស្មើ ៧០%នៃកំណើនតម្រូវការសរុប ៕ (កែសម្រួលដោយ ៖ បុប្ផា)
ចែករំលែកព័តមាននេះ