ខេត្តកំពង់ឆ្នាំង ៖ បើតាមលោកមេឃុំឆ្នុកទ្រូបានប្រាប់ថា លោកបានសុំទីធ្លាវត្តយុគន្ធរពីចៅអធិការហើយ ដើម្បីឲ្យសិស្សបានទៅរៀន ជាបណ្ដោះអាសន្នសិន ។ គួរបញ្ជាក់ថា អគារ៣ខ្នងនៃសាលាបឋមសិក្សាយុ គន្ធរ ស្ថិតក្នុងភូមិឆ្នុកទ្រូ ឃុំឆ្នុកទ្រូ ស្រុកបរិបូណ៌ បានត្រូវភ្លើងឆេះខ្ទេចទាំងស្រុង កាលពីវេលាម៉ោងប្រមាណ១០ និង៣០នាទីព្រឹកថ្ងៃទី៩ ខែមិថុនា ដែលគេសង្ស័យថា បណ្តាលមកពីផ្ទុះអាគុយរបស់ផ្ទាំងសូឡា ។
លោក សាំង ស៊ន មេឃុំឆ្នុកទ្រូ បានឱ្យដឹងថា សាលាបឋមសិក្សាយុគន្ធរ ត្រូវបានអគ្គិភ័យលេបត្របាក់អស់ទាំងស្រុង ដោយមិនអាចជួយអ្វីបានទេ ហើយការឆេះនេះ ក៏មិនដឹងមូលហេតុអ្វីឱ្យបានច្បាស់លាស់ដែរតែសង្ស័យថា បណ្តាលមកពីអគ្គិសនីរបស់ផ្ទាំងសូឡា ។
លោកមេឃុំថ្លែងថា នៅពេលកើតហេតុ គ្មានអ្វីជួយសង្គ្រោះបានទេ សូម្បីតែរថយន្តពន្លត់អគ្គិភ័យរបស់នគរបាល ក៏មិនអាចទៅជួយបានដែរ ព្រោះនៅត្រើយម្ខាងនៃទន្លេ ។ ដោយឡែក លោក ជាង សុវណ្ណារិទ្ធ អធិការនគរបាលស្រុកបរិបូណ៌ បានឲ្យដឹងថា អគ្គិភ័យនេះសង្ស័យបណ្ដាលមកពីផ្ទុះអាគុយរបស់ផ្ទាំងសូឡាដែលទើបនឹងដាក់បានប៉ុន្មានថ្ងៃមុនពេលកើតហេតុ ។
នេះបើយោងរបាយការណ៍របស់ នគរបាលប៉ុស្តិ៍ឃុំឆ្នុកទ្រូ ផ្អែកលើសាក្សីបំភ្លឺ នានា ។ ចំពោះការខូចខាតគឺ ឆេះខ្ទេចអគារ៣ខ្នង ក្នុងនោះអគារសាលាមត្តេយ្យមានទំហំ៧ម៉ែត្រ គុណនឹង១២ម៉ែត្រ ធ្វើពីឈើប្រក់ស័ង្កសី ហើយខាងក្រោមក្រាលក្ដារ និងមានទ្រដោយធុងជ័រសម្រាប់បណ្ដែតទឹកពេលខែវស្សា ។
អគារសាលាបឋមសិក្សាមាន២ខ្នង ដែលមានបណ្ដោយ២០ម៉ែត្រ ទទឹង៨ម៉ែត្រ ធ្វើអំពីឈើ ប្រក់ស័ង្កសី ជើងក្រោមឈើទ្រដោយធុងជ័រដូចគ្នា សម្រាប់បណ្តែតទឹកពេលខែវស្សា ។ ជាមួយគ្នានេះ សម្ភារក្នុងសាលាត្រូវឆេះខ្ទេចទាំងស្រុងតែម្ដង ក្នុងនោះមានផ្ទាំងសូឡាចំនួន៨ផ្ទាំង អាគុយ៧គ្រឿង កង្ហារ១៣ តុគ្រូ៣ តុកៅអីសិស្ស១១៣ ធុងទឹកស្អាតចំណុះ២.០០០ លីត ព្រមទាំងសម្ភារសិក្សាទាំងអស់ត្រូវឆេះខ្ទេចគ្មានសល់ ។ លោកអធិការថ្លែងទៀតថា ការឆាបឆេះនេះគឺបណ្ដាលមកពីផ្ទុះអាគុយផ្ទាំងសូឡា នេះបើយោងរបាយការណ៍បំភ្លឺរបស់សាក្សីដែលជាប្រជាពលរដ្ឋរស់នៅជិតនោះ ។
សូមរំឭកថា សាលាបឋមសិក្សាយុគន្ធរ គឺជាសាលារៀនបណ្ដែតទឹក ប៉ុន្តែបន្ទាប់ពីរាជរដ្ឋាភិបាលឲ្យប្រជាពលរដ្ឋរស់នៅលើផ្ទះបណ្ដែតទឹកទៅនៅលើគោក សាលាក៏បានថយមកនៅលើគោកដែរ ប៉ុន្តែជាគ្រោះអកុសលក៏ជួបរឿងហេតុដ៏អាក្រក់នេះតែម្ដង ។ (សម្រួលដោយ៖ ស្រីណា)
ចែករំលែកព័តមាននេះ