ខេត្តស្វាយរៀង ៖ យាយ និងចៅ២នាក់ដើររើសអេតចាយ ក៏រើសបានគ្រាប់មិនទាន់ផ្ទុះយកមកដំ ដើម្បីយកដែកទៅលក់ឲ្យអ្នកទិញអេតចាយ ប៉ុន្តែជាអកុសលគ្រាប់នោះស្រាប់តែផ្ទុះឡើងយ៉ាងកក្រើកដី ហើយផ្តាច់ជីវិតយាយ និងចៅស្លាប់ភ្លាមៗនៅនឹងកន្លែងគួរឲ្យសង្វេគ ហេតុការណ៍ដ៏រន្ធត់នេះបង្កឱ្យមានការភ្ញាក់ផ្អើលកាលពីម៉ោងជាង៩ព្រឹក ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៩នេះ ស្ថិតនៅភូមិសំបួរ ឃុំសំបួរ ស្រុកស្វាយទាប។
បើតាមសមត្ថកិច្ចនគរបាលឲ្យដឹងថា ជនរងគ្រោះខាងលើ ១-ជីដូនឈ្មោះ ផង់ សុភី អាយុ៦៥ឆ្នាំ និង២-ចៅឈ្មោះ ឃួន បញ្ញា ភេទប្រុស អាយុ១០ឆ្នាំ អ្នកទាំងពីរមានទីលំនៅភូមិ-ឃុំកើតហេតុខាងលើ។
បើតាមសមត្ថកិច្ចនគរបាលឲ្យដឹងថា ករណីយាយ និងចៅដំគ្រាប់មិនទាន់ផ្ទុះយកទៅលក់អេតចាយនោះ បានផ្ទុះកក្រើកដី ហើយត្រូវចំអំបែងគ្រាប់ឆក់យកជីវិតយាយ និងចៅស្លាប់ភ្លាមៗនៅនឹងកន្លែងតែម្តង ចំណែកគ្រាប់មិនទាន់ផ្ទុះនោះ គឺជាគ្រាប់ដែលសល់ពីសម័យសង្គ្រាមនៅផ្ទះទិញលក់អេតចាយមួយកន្លែង ក្នុងភូមិសំបូរ ឃុំសំបូរ ស្រុកស្វាយទាប ខេត្តស្វាយរៀង។
ក្រោយពីផ្ទុះគ្រាប់នេះរួច ម្ចាស់ផ្ទះក៏ប្តឹងទៅសមត្ថកិច្ចឲ្យចុះទៅអន្តរាគមន៍ ក្រោយពីពិនិត្យសាកសពរួច សមត្ថកិច្ចបានប្រគល់សពយាយ និងចៅឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។
យ៉ាងណាមិញ សម្រាប់មូលហេតុនាំឲ្យមានហេតុការណ៍នេះ សមត្ថកិច្ចមិនទាន់បញ្ជាក់ឲ្យដឹងនៅឡើយទេ ពោលគឺពេលនេះកំពុងចុះស្រាវជ្រាវនៅកន្លែងកើតហេតុ និងរកអត្តសញ្ញាណគ្រាប់ផលិតនៅប្រទេសណា ។
ព័ត៌មានពិស្តារនឹងមានផ្សាយជូននៅលើកាសែតកោះសន្តិភាព៕ (កែសម្រួលដោយ ៖ បុប្ផា)
ចែករំលែកព័តមាននេះ